អន្តរជាតិ
មេដឹកនាំ​ផ្ដាច់ការ​វ័យ​៩៣​ឆ្នាំ Mugabe អួតថា គ្មាន​នរណា​ជំនួស​លោក​បានឡើយ​
20, Feb 2017 , 2:21 pm        
រូបភាព
​សល់​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ប្រធានាធិបតី​ស៊ីម​បា​វ៉េ Robert Mugabe ដែល​កាន់អំណាច​តាំងពី​ឆ្នាំ​១៩៨០ មាន​អាយុ​៩៣​ឆ្នាំ​ហើយ​។ បើទោះជា​មាន​វ័យ​ចំណាស់​ជិត​សតវត្សរ៍​ក្ដី លោក Mugabe ត្រូវបាន​បក្ស​កាន់អំណាច ZANU-PF  ជ្រើសតាំង​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៨ ខាងមុខ​។ ខណៈ​ការដឹកនាំ​ដែល​ពោរពេញ​ដោយ​ការរំលោភ​សិទិ្ធមនុស្ស រឹតត្បិត​សិទ្ធិសេរីភាព និង​អតិផរណា​ខ្ពស់កប់ពពក លោក Mugabe អួតអាង​ថា គ្មាន​នរណា​អាច​ជំនួស​លោក​បានឡើយ​។​



​មេដឹកនាំ​ផ្ដាច់ការ​វ័យ​ចំណាស់​ស៊ីម​បា​វ៉េ Robert Mugabe បាន​និយាយថា គណបក្សកាន់អំណាច ZANU-PF របស់លោក និង​ប្រជាជន​ស៊ីម​បា​វ៉េ​ទាំងអស់ មើលមិនឃើញ​បេក្ខជន​សមស្រប​សម្រាប់​ជំនួស​តំណែង​លោក​ក្នុងការ​បោះឆ្នោត​លើក​ក្រោយ​ឡើយ​។ កាលពី​ខែធ្នូ ឆ្នាំ​២០១៦ លោក Mugabe ត្រូវបាន​គណបក្ស​លោក ជ្រើសរើស​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៨ ដែល​ពេលនោះ​លោក​នឹងមាន​អាយុ​៩៤​ឆ្នាំ​។​

«​ពួកគេ​ចង់​ឲ្យ​ខ្ញុំ​ឈរឈ្មោះ​បន្តទៀត​។ ពួកគេ​ចង់​ឲ្យ​ខ្ញុំ​ឈរឈ្មោះ​គ្រប់ការ​បោះឆ្នោត ហើយ​ប្រជាជន​ភាគច្រើន​មាន​អារម្មណ៍​ថា គ្មាន​នរណា​អាច​ជំនួស​ខ្ញុំ និង​ស័ក្តិសម​ដូច​ខ្ញុំ​ឡើយ​។​» នេះ​ជាការ​និយាយ​លើកសរសើរ​ខ្លួនឯង​ពី​សំណាក់​ប្រធានាធិបតី​ស៊ីម​បា​វ៉េ Mugabe ដែល​នឹង​ឈានចូល​វ័យ​៩៣​ឆ្នាំ​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ និង​ត្រូវបាន​ផ្សាយ​ដោយសារ​ព័ត៌មាន Al Jazeera ។  

​ស្រប​ពេលដែល​សុខភាព​កាន់តែ​ដុនដាប មេដឹកនាំ​កាន់តំណែង​យូរ​ជាងគេ​បំផុត​មួយ​នៅ​អាហ្វ្រិក ឬ​និយាយ​ឲ្យ​ខ្លី​ថា​ប្រធានាធិបតី​មួយជីវិត​របស់​ស៊ីម​បា​វ៉េ​រូបនេះ ធ្លាប់​ប្រកាស​ចំពោះមុខ​បណ្ដា​មេដឹកនាំ​អាហ្វ្រិក​កាលពីដើមឆ្នាំ​២០១៦ ថា​លោក​នឹង​ដឹកនាំ​ប្រទេស​រហូតដល់​ពេល​លោក​ស្លាប់​តែម្ដង​។  លោក Mugabe បានបញ្ជាក់​៖« ខ្ញុំ​នឹង​នៅ​កាន់តំណែង​រហូតដល់​ទេវតា​ហៅ​ទៅជា​មួយ​។ ដរាបណា​ខ្ញុំ​មានជីវិត ខ្ញុំ​នឹង​ដឹកនាំ​ប្រទេស​ឲ្យ​លូតលាស់​ទៅមុខ មិនមែន​ថយក្រោយ​ឡើយ​»​។​

​បន្ថែម​ពីលើ​ការ​អួតអាង​របស់លោក Mugabe លោកស្រី Grace Mugabe ភរិយា​វ័យក្មេង​របស់​ប្រធានាធិបតី​ស៊ីម​បា​វ៉េ ក៏​ចេញមក​អះអាងថា បើទោះជា​ប្ដី​លោកស្រី​ក្លាយជា​សាកសព ក៏​លោ​កនៅ​អាច​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​បានដែរ​។ ថ្លែង​ទៅកាន់​ការជួបជុំ​មួយ​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ លោកស្រី Grace ដែល​គេ​មើលថា​អាចជា​អ្នក​ស្នង​តំណែង​លោក Mugabe និយាយថា យើង​នឹង​ឃើញ​ប្រជាជន​បោះឆ្នោត​ឲ្យ​សាកសព​លោក Mugabe មិន​ខាន ព្រោះ​ប្រជាជន​ស្រឡាញ់​លោក​។

​សូម​រម្លឹកថា ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ​១៩៨០​មក លោក Mugabe តែងតែ​ឈ្នះ​រាល់​ការបោះឆ្នោត ដែល​ពោរពេញ​ដោយ​ភាពចម្រូងចម្រាស មានការ​បន្លំ​សន្លឹកឆ្នោត និង​ការគំរាមកំហែង​ថែម​ទៀតផង​។ ហើយ​អ្នកណា​ដែលមាន​បំណង​ចង់​ដណ្តើម​អំណាច​ពី​លោក​នឹង​មិនមាន​លទ្ធផល​ល្អ​ឡើយ​។ អតីត​វីរជន​ឯករាជ្យ​រូបនេះ តែង​ដកតំណែង​មន្ត្រី​ធំៗ​ជាច្រើន​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ផ្តួលរំលំ​លោក​ពី​អំណាច និង​មាន​មន្ត្រី​ខ្លះ​រង​ការចាប់ខ្លួន​ផងដែរ​៕


Tag:
 ស៊ីម​បា​វ៉េ​
  Robert Mugabe
© រក្សាសិទ្ធិដោយ thmeythmey.com