English-Français
អ្នកស្រី Marine Le Pen ប្រធានបក្សរណសិរ្សជាតិមាននយោបាយដូចលោក Trump កំពុងឈានទៅរកតំណែងប្រធានាធិបតីបារាំងឬ?
× ភ្នំពេញ៖ ការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី១ នឹងប្រព្រឹត្តិធ្វើឡើងនៅខែមេសា និងជុំទី២ នៅខែឧសភាឆ្នាំ២០១៧ខាងមុខនេះ។ ប្រទេសបារាំងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរៀងរាល់៥ឆ្នាំម្តង។ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧នេះ គេមិនទាន់ដឹងថា តើមានបេក្ខជនចំនួនប៉ុន្មាននាក់នៅឡើយទេដែលនឹងឈរឈ្មោះជាប្រធានាធិបតី ព្រោះ កាលបរិច្ឆេទចុងក្រោយនៃការទទួលពាក្យបេក្ខជនឈឈ្មោះបោះឆ្នោតត្រូវកំណត់នៅក្នុងខែមិនាខាងមុខនេះ។ តែអ្វីដែលគួរឲ្យកត់សម្គាល់ និងតាមដានខ្លាំងសម្រាប់ការបោះឆ្នោតបារាំងនៅពេលនេះ គឺថា អ្នកស្រី Marine Le Pen ប្រធានគណបក្សរណសិរ្សជាតិដែលមាននយោបាយដូចលោក Trump ប្រធានាធិបតីអាមេរិកកំពុងឈានទៅរកតំណែងប្រធានាធិបតីបារាំងនាពេលខាងមុខនេះ។ តើមូលហេតុអ្វីបានជាប្រធានគណបក្សតូចមួយនេះ ទទួលបានប្រជាប្រិយភាពខ្លាំងម្ល៉េះនៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ២០១៧នេះ?
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូថ្មីៗ និងលោក Pierre Gillette ជនជាតិបារាំង និងជាអតីតនិពន្ធនាយកសារព័ត៌បារាំងនៅកម្ពុជា ដូចតទៅ៖
បទសម្ភាសមានសំឡេងជាភាសាបារាំង
បញ្ជីបេក្ខជនប្រធានាធិបតីបារាំងជាផ្លូវការនៅមិនទាន់ត្រូវបិទបញ្ចប់នៅឡើយទេ ពោល គឺកាលបរិច្ឆេទចុងក្រោយនៃការចុះបញ្ជីឈឈ្មោះប្រធានាធិបតីបារាំងត្រូវបានគេកំណត់នៅក្នុងខែមិនាឆ្នាំ២០១៧ ហើយការបោះឆ្នោតជុំទី១ នឹងធ្វើឡើងនៅខែមេសា និងជុំទី២ នៅក្នុងខែឧសភាឆ្នាំ២០១៧ខាងមុខនេះ។
បញ្ជីឈ្មោះផ្លូវការមិនទាន់មានមែន។ ប៉ុន្តែបេក្ខជនល្បីៗត្រូវបានគេស្គាល់តាមរយៈសារព័ត៌មានបារាំង និងសារព័ត៌មានបរទេសមួយចំនួនធំ។ កាលពីមួយឆ្នាំមុន ពលរដ្ឋបារាំងនាំគ្នាសង្ឃឹមថា លោក Alain Juppé អតីតនាយករដ្ឋមន្ត្រីជំនាន់ប្រធានាធិបតីលោក Jacque Chirac (បក្សស្តាំនិយម) អាចនឹងជាប់ឆ្នោតជាប្រធាធិបតីបារាំងឆ្នាំ២០១៧នេះ។ ក្រោយមក មានការផ្គូផ្គងថា លោក Francois Fillon នាយករដ្ឋមន្ត្រីបារាំងជំនាន់ប្រធានាធិបតីលោក Nicolas Sarkozy (បក្សស្តាំនិយម) អាចជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំនេះ។ តែក្រោយមកលោក Fillon ក៏មានរឿងអាស្រូវមួយចំនួន។ ដូច្នេះ អ្វីៗក៏គ្មាននរណាអាចទស្សន៍ទាយដឹងជាមុនបានឡើយ។
ស្របពេលដែលលោក Fillon កំពុងលេចមុខលេចមាត់ ក៏ស្រាប់តែមានបេក្ខជនប្រធានាធិបតីថ្មីមួយទៀតឈ្មោះ Emmanuel Macron ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មនៃប្រធានាធិបតីលោក Francois Hollande(បក្សឆ្វេងនិយម)។ លោក Emmanuel Macron បង្កើតចលនាមួយដោយខ្លួនឯងដែលមានឈ្មោះជាភាសាបារាំងថា En Marche ឬជាភាសាអង់គ្លេសថា on the Move។ ជាការកត់សម្គាល់បើទោះបីជាមានបេក្ខជនល្អៗមកពីបក្សស្តាំនិយម ឬឆ្វេងនិយម ឬកណ្តាលនិយមយ៉ាងណាក៏ដោយ ក៏គណបក្សរណសិរ្សជាតិរបស់លោក ស្រី Marine Le Pen បាន និងកំពុងទាញយកបេះដូងជនជាតិបារាំងយ៉ាងខ្លាំងសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧នេះ។
តាំងពីការបង្កើតនៅទសវត្សរ៍៧០មក គណបក្សតពីឪពុករហូតមកដល់លោកស្រីមិនដែលជាប់ឆ្នោតជាប្រធានាធិបតីទេ។ តែសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧នេះ ពលរដ្ឋបារាំងហាក់បីដូចជាពិបាកទស្សន៍ទាយទុកជាមុនណាស់។ លោក Pierre Gillette អ្នកកាសែតជនជាតិបារាំងដែលបានតាមដានស្ថានការនយោបាយបារាំង និងខ្មែរយ៉ាងច្បាស់នោះនៅតែពិបាកទស្សន៍ទាយលទ្ធផលការបោះឆ្នោតប្រធានាធិបតីបារាំងនៅខែខាងមុននេះដែរ ព្រោះទិដ្ឋភាពនយោបាយបារាំងមានការប្រែប្រួលខ្លាំងដូចនៅសហរដ្ឋអាមេរិកដែរ។ បើយោងតាមលោក Pierre Gillette, សារឃោសនារបស់អ្នកស្រី Marine Le Pen មិនសូវខុសគ្នាប៉ុន្មានទេពីលោក Trump ដែលទើបជាប់ឆ្នោតប្រធានាធិបតីអាមេរិក។
សារនយោបាយដែលលើកឡើងដោយលោកស្រី Marine Le Pen ហើយចាក់បេះដូងពលរដ្ឋបារាំងនៅពេលនេះ គឺប្រធានបទអត្រានៃអ្នកអត់ការធ្វើកើនឡើង, ប្រឆាំងការហូរចូលជនអន្តោប្រវេសន៍, សកម្មភាពភេវរកម្ម, បារាំងត្រូវចាកចេញពីអឺរ៉ុប, ត្រូវបិទព្រំដែនបារាំង។ល។ លោក Pierre Gillette បានបញ្ជាក់ថា នៅក្នុងប្រទេសបារាំង មានចលនាជាតិនិយមនេះតាំងពីយូរមកហើយ ហើយគំនិតជាតិនិយមនេះចេះតែរីកធំធាត់ឡើងៗ ព្រោះ ពលរដ្ឋបារាំងចេះតែអស់សង្ឃឹមក្នុងជីវិតរឿងអត់ការងារធ្វើ ឬខ្លាចជនអន្តោប្រវេសន៍មកដណ្តើមការងារបារាំងធ្វើ។ល។
ដោយសារតែបញ្ហាខាងលើនេះហើយ ទើបលោកស្រី Marine Le Pen កំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងសង្គមបារាំងនាពេលនេះ។ តើលោកស្រី Marine Le Pen អាចជាប់ឆ្នោតជាប្រធានាធិបតីបារាំងឬទេ? សំណួរនេះត្រូវបានឆ្លើយដោយមនុស្សភាគច្រើននៅក្នុងប្រទេសបារាំងថា អត់ជាប់ទេ។ អត់ជាប់ ព្រោះនយោបាយលោកស្រីស្រដៀងគ្នាទៅនឹងនយោបាយលោក Trump ដែលមានគំនិតប្រកាន់ពូជសាសន៍ និងគាំពារនិយមខ្លាំងពេក។
ពលរដ្ឋបារាំងគិតថាលោកស្រី Marine Le Pen មិនអាចជាប់ឆ្នោតជាប្រធានាធិបតីបារាំងបានឡើយ។ ប៉ុន្តែពលរដ្ឋបារាំងក៏មិនហ៊ានបដិសេធថា លោកស្រីមិនជាប់នោះដែរ ព្រោះ ពួកគេខ្លាចករណីលោក Trump មិនត្រឹមតែកើតឡើងនៅក្នុងប្រទេសអាមេរិក តែវាអាចកើតឡើងនៅក្នុងប្រទេសបារាំងដែរ៕
Tag:
បោះឆោ្នតបារាំង
Marine Le Pen
Pierre Gillette
© រក្សាសិទ្ធិដោយ thmeythmey.com