អត្ថបទពាណិជ្ជកម្ម
Poipet PP SEZ Co., Ltd សហការជាមួយក្រុមហ៊ុនថៃលើការផ្គត់ផ្គង់អគ្គិសនីនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត
× ក្រុមហ៊ុន Poipet PP SEZ Co., Ltd ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Phnom Penh SEZ PLC (CSX: PPSP) បានចុះហត្ថលេខាលើអនុស្សារណៈការយោគយល់ជាមួយក្រុមហ៊ុន B.Grimm Power Public Company Limited ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលឈានមុខគេនៅប្រទេសថៃ ដើម្បីអភិវឌ្ឍបណ្ដាញ បញ្ជូន និងចែកចាយអគ្គិសនីផ្ដាច់មុខនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Poipet PPSEZ។
កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានាថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ ចែងអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ (Poipet PP SEZ Co., Ltd និង B.Grimm Power Public Company Limited) លើការអភិវឌ្ឍបណ្ដាញបញ្ជូន និងចែកចាយអគ្គិសនីផ្ដាច់មុខនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Poipet PPSEZ ដែលនឹងលេចចេញជារូបរាងនៅពេលខាងមុខ។
នៅក្រោមអនុស្សារណៈនៃការយោគយល់នេះ ភាគីទាំងពីរឯកភាពគ្នា ធ្វើការសិក្សាលើផែនការអភិវឌ្ឍ សាងសង់ កាន់កាប់ ដំណើរការ និងថែទាំប្រព័ន្ធចែកចាយអគ្គិសនី និង/ឬគម្រោងផលិតថាមពល ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មី Poipet PPSEZ ។ នៅពេលប្រព័ន្ធនេះដំណើរការ ភាគីទាំងពីរនឹងផ្គត់ផ្គង់អគ្គិសនីឲ្យតែអតិថិជននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Poipet PPSEZ ប៉ុណ្ណោះ ដោយផ្អែកលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងជាវថាមពលអគ្គិសនី (PPA)។
ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅដោយមានវត្តមានលោកជំទាវឧកញ៉ា លឹម ឈីវហូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Phnom Penh SEZ, PLC និងលោកស្រី Preeyanart Soontornwata ប្រធានក្រុមហ៊ុន B.Grimm Power Public Company Limited ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនទាំងពីរផងដែរ។
ក្រុមហ៊ុន Poipet PP SEZ Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលកាន់កាប់ហ៊ុនផ្ដាច់មុខដោយក្រុមហ៊ុន Phnom Penh SEZ PLC ដែលអភិវឌ្ឍ និងដំណើរការតំបន់សេដ្ឋកិច្ចពិសេស Poipet PP SEZ នេះ។ តំបន់សេដ្ឋកិច្ចពិសេសនេះមានទំហំផ្ទៃដីសរុបប្រហែល ហិកតា ៦៦ ស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ ហើយកៀកនិងផ្លូវអាស៊ានហាយវ៉េយ៍លេខ១ ដែលតភ្ជាប់ពីទីក្រុងហូជីមិញជាមួយរាជធានីភ្នំពេញ ខេត្តសៀមរាប និងទីក្រុងបាងកកប្រទេសថៃ។
តំបន់សេដ្ឋកិច្ចពិសេស Poipet PP SEZ ឆ្លើយតបនឹងតម្រូវការរបស់រោងចក្រផលិតបច្ចេកវិទ្យាខ្ពស់ៗ ដែលសព្វថ្ងៃកំពុងតែប្រតិបត្តិការនៅក្នុងប្រទេសថៃ ព្រមទាំងរោងចក្រផ្សេងទៀតដែលនៅពេលអនាគតចង់ទាញយកផលប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រដ៏ល្អនៅចំកណ្ដាលនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនេះ ចាប់បើកដំណើរអាជីវកម្មហើយ។
ក្រុមហ៊ុន B.Grimm Power PLC៖ B.Grimm Power គឺជាគម្រោងនាំមុខគេមួយក្នុងចំណោមគម្រោងនាំមុខជាច្រើននៅក្នុងឧស្សាហកម្មផលិតថាមពលឯកជនរបស់ប្រទេសថៃ ដោយមានប្រវត្តិជោគជ័យខ្លាំងលើការអភិវឌ្ឍ ផ្ដល់ហិរញ្ញប្បទានសាងសង់ និងដំណើរការរោងចក្រថាមពលបៃតង។
B.Grimm Power គឺជាក្រុមហ៊ុនថាមពលលំដាប់ពិភពលោក ដែលផ្ដោតគោលដៅទៅលើការបំពេញតម្រូវការរបស់សម្ព័ន្ធដៃគូពាណិជ្ជកម្មរបស់យើង និងសង្គមទាំងមូល តាមរយៈការធ្វើអាជីវកម្មដោយមានការប្ដេជ្ញាចិត្តខ្ពស់ និងមានភាពសុខដុមជាមួយនឹងអ្នកជិតខាង និងបរិស្ថាន។ B.Grimm Power កសាង និងដំណើររោងចក្រថាមពលនៅក្នុងប្រទេសថៃ វៀតណាម និងឡាវ ដោយផ្ដល់ថាមពលអគ្គិសនី និងចំហាយស្អាត អាចទុកចិត្តបាន ហើយមានតម្លៃធូរថ្លៃដល់បណ្ដាញខ្សែចែកចាយរបស់ប្រទេសទាំងនោះ ព្រមទាំងរោងចក្រធំៗប្រមាណជិត២០០កន្លែង។ យើងបានចាប់ផ្ដើមវិនិយោគថវិកាជាង ១០០ពាន់លានបាត លើគម្រោងរោងចក្រថាមពលទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។
បច្ចុប្បន្ន ក្រុមហ៊ុន B. Grimm Power ដំណើរការរោងចក្រថាមពលចំនួន ២៨ ដោយក្នុងនោះមានរោងចក្រថាមពលដើរដោយចំហាយចំនួន១២ ដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន១៥និងរោងចក្រដើរដោយប្រេងម៉ាស៊ូតចំនួន១ ដែលជាសរុបផលិតថាមពលបាន ១,៦២៦មេហ្គាវ៉ាត់ និងចំហាយ ៣៥០តោនក្នុងមួយម៉ោង។ ស្ថានីយថាមពលទាំងអស់ដែលអភិវឌ្ឍដោយក្រុមហ៊ុននេះសុទ្ធតែស្ថិតនៅក្នុងអចលនទ្រព្យឧស្សាហកម្មធំៗ ក្នុងនោះរួមទាំង Amata Nakorn, Amata City, Bangkadi Industrial Park, Hemaraj Chonburi, Laem Chabang ដែលអតិថិជនទទួលបានអត្ថប្រយោជន៍ពីថ្លៃផលិតអគ្គិសនីទាប និងអាចទុកចិត្តបានកម្រិតខ្ពស់។ ក្រុមហ៊ុនមានទំនាក់ទំនងរឹងមាំជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម ហើយបច្ចុប្បន្នបម្រើអតិថិជនឧស្សាហកម្មជាង ៣០០ក្រុមហ៊ុន។
គិតត្រឹមឆ្នាំ២០២១ ក្រុមហ៊ុនរំពឹងថានឹងមានគម្រោងសរុប ៤៣គម្រោង ដែលគិតជាទឹកប្រាក់ស្មើនឹងប្រមាណ ៥៩ពាន់លានបាត រួមជាមួយ សមត្ថភាពផលិតថាមពលរួម ២,៣៨៣.៣ មេហ្គាវ៉ាត់ ក្នុងនោះ ២,១៣៧.៥ មេហ្គាវ៉ាត់ ផលិតចេញពីរោងចក្រថាមពលដើរដោយចំហាយ ១១៤.២ មេហ្គាវ៉ាត់បានមកពីរោងចក្រថាមពលដើរដោយពន្លឺព្រះអាទិត្យ ១០២.៦មេហ្គាវ៉ាត់បានមកពីរោងចក្រដើរដោយថាមពលវារីអគ្គិសនី ១៦.០ មេហ្គាវ៉ាត់ បានមកពីកសិដ្ឋានខ្យល់ និង ១៣.០ មេហ្គាវ៉ាត់បានមកពីរោងចក្រថាមពលដើរដោយប្រេងម៉ាស៊ូត ដោយបូករួមទាំងអស់មានចំហាយសរុប ៥០០តោនក្នុងមួយម៉ោង។
ក្រុមហ៊ុនមានបំណងវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយចាប់ផ្ដើមពីសេវាបញ្ជូន និងចែកចាយថាមពលផ្ដាច់មុខនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Poipet PPSEZ ពីព្រោះក្រុងប៉ោយប៉ែតមានសក្ដានុពលល្អក្នុងការទាក់ទាញរោងចក្រដែលផលិតផលិតផលមានតម្លៃបន្ថែមខ្ពស់ពីប្រទេសថៃ។
ដោយមានទីតាំងស្ថិតនៅជាប់នឹងព្រំដែនថៃ និងជិតផ្លូវហាយវ៉េយ៍អាស៊ានលេខ១ ដែលនឹងស្ថាបនានាពេលអនាគត តំបន់សេដ្ឋកិច្ចពិសេស Poipet PPSEZ ឆ្លើយតបទៅនឹងតម្រូវការរបស់រោងចក្រផលិតបច្ចេកវិទ្យាខ្ពស់ៗដែលសព្វថ្ងៃកំពុងប្រតិបត្តិការនៅក្នុងប្រទេសថៃ ព្រមទាំងរោងចក្រផ្សេងទៀតដែលនៅពេលអនាគត ចង់ទាញយកផលប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រល្អៗនៅចំកណ្ដាលនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)៕
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com