អន្តរជាតិ
ម៉ាឡេស៊ី​-​កូរ៉េខាងជើង ប្រឈម​ការទូត​កាន់តែខ្លាំង ខណៈ​តម្រុយ​ឃាតកម្ម​បងប្រុស​លោក​គីម ជុង​អ៊ុ​កាន់តែ​លេចឡើង​
20, Feb 2017 , 4:54 pm        
រូបភាព
ដោយ: ថ្មីៗ
​ឃាតកម្ម​លើ លោក​គីម ជុង​ណាំ បងប្រុស​លោក​ប្រធានាធិបតី​កូរ៉េខាងជើង​គីម ជុង​អ៊ុន ក្នុង​ទឹកដី​ម៉ាឡេស៊ី បាននិងកំពុង​តែ​ធ្វើ​ឲ្យ​ក្រុង​ព្យុងយ៉ាង និង​ក្រុង​កូ​ឡា​ឡាំ​ពួរ ត្រូវ​ប្រឈម​ការទូត​គ្នា​កាន់តែខ្លាំង​។ ម៉ាឡេស៊ី កោះហៅ​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំរាជធានី​កូ​ឡា​ឡាំ​ពួរ​បកស្រាយ​នូវ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ដែល​បាន​ចោទ​ម៉ាឡេស៊ី​រឿង​បិទបាំង​សំណុំរឿង​ឃាតកម្ម​លោក គីម ជុង​ណាំ និង​មិន​ព្រម​ប្រគល់​សាកសព​ឲ្យ​។ ការប្រឈមមុខ​នេះ ក៏​ស្រប​នឹង​ការបង្ហាញ​ជនសង្ស័យ​នៃ​ឃាតកម្ម​បន្ថែមទៀត​ដែល​ពួកគេ​មកពី​ប្រទេស​កូរ៉េខាងជើង​តែម្តង​។



​រដ្ឋាភិបាល​ម៉ាឡេស៊ី នៅ​ថ្ងៃ​ចន្ទ​នេះ បាន​កោះហៅ​អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំរាជធានី​កូ​ឡា​ឡាំ​ពួរ​ដើ​ម្ប​បកស្រាយ និង​ពន្យល់​ពី​សេចក្តីថ្លែងការណ៍​ចោទប្រកាន់​ម៉ាឡេស៊ី​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​បងប្រុស​លោក​ប្រធានាធិបតី​គីម ជុង​អ៊ុន​។ ជាងនេះទៅទៀត​នោះ អគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​ក្រុង​ព្យុងយ៉ាង ក៏​ត្រូវបាន​ក្រើនរម្លឹក​សម្រាប់​ការពិគ្រោះ​យោបល់​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ Channel News Asia​។

​ក្រសួងការបរទេស​ម៉ាឡេស៊ី បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ប្រតិកម្ម​ទៅនឹង​ការលើកឡើង​របស់​អគ្គ​រដ្ឋទូត​កូរ៉េខាងជើង លោក Kang Chol ដោយបាន​ចាត់ទុកថា​ជាការ​លើកឡើង​នោះ​គ្មាន​មូលដ្ឋាន ហើយ ម៉ាឡេស៊ី ក៏​ព្រមាន​ចាត់​វិធាន​មួយ​តឹងរឹង​ដើម្បី​ឆ្លើយតប​នឹង​ការប៉ុនប៉ង​នានា​ដែល​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​ម៉ាឡេស៊ី​។
​ម៉ាឡេស៊ី ឲ្យ​កូរ៉េខាងជើង គោរព​ច្បាប់​ខ្លួន

​នៅ​ថ្ងៃទី​១៧ កុម្ភៈ កន្លងទៅ លោក​អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​កូរ៉េ​ម៉ាឡេស៊ី បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា ម៉ាឡេស៊ី មានការ​បិទបាំង​ចំពោះ​ការពិនិត្យ​សាកសព​លោក គីម ជុង​ណាំ ហើយ ស្ថានទូត​កូរ៉េខាងជើង នឹងមិន​ទទួលស្គាល់​លទ្ធផល​នៃ​ការរកឃើញ​នោះ​ទៀតផង​។ កូរ៉េខាងជើង ស្នើ​ឲ្យ​ម៉ាឡេស៊ី​បញ្ជូន​សាកសព​ទៅ​ឲ្យ​កូរ៉េខាងជើង ដ្បិត​ជនរងគ្រោះ​នោះ កាន់​លិខិតឆ្លងដែន​កូរ៉េខាងជើង​។ លោក Kang Chol ថែមទាំង​ព្រមាន​ចាត់​វិធាន​ប្រឆាំងនឹង​ម៉ាឡេស៊ី ដោយ​យក​សំណុំរឿង​នោះ​ទៅកាន់​តុលាការអន្តរជាតិ​ទៀតផង​។

​យ៉ាងណាក៏ដោយ ក្រសួងការបរទេស​ម៉ាឡេស៊ី បាន​អះអាងថា ឃាតកម្ម បាន​កើតឡើង​នៅក្នុង​ទឹកដី​ម៉ាឡេស៊ី និង​ស្ថិតក្រោម​ស្ថានភាព​អាថ​កំបាំង​ទៀត ដែល​នេះ គឺជា​ការទទួលខុសត្រូវ​របស់​ប៉ូលិស​ម៉ាឡេស៊ី ក្នុងការ​ទទួលខុសត្រូវ​ស៊ើបអង្កេត​ដើម្បី​កំណត់​ហេតុផល​នៃ​ការស្លាប់​នោះ​។

​ជាងនេះទៀត​នោះ ម៉ាឡេស៊ី បាន​ផ្តាំផ្ញើ​ដល់​កូរ៉េខាងជើង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី ធ្វើការ​ប្រកបដោយ​តម្លាភាព ហើយ​នៅពេល​ការស៊ើបអង្កេត​ត្រូវបាន​បញ្ចប់ ម៉ាឡេស៊ី នឹង​ជូនដំណឹង និង​ថែមទាំង​ប្រគល់​សាកសព​នោះ​ទៅ​ឲ្យ​ក្រុមគ្រួសារ​សាកសព​តាមរយៈ​ច្បាប់ និង​នីតិវិធី​ម៉ាឡេស៊ី​។

​សូម​រម្លឹក​បន្តិច​ថា លោក គីម ជុង​ណាំ ដែលមាន​ម្តាយ​ផ្សេងគ្នា​ពី​លោក​ប្រធានាធិបតី​គីម ជុង​អ៊ុន ត្រូវបាន​សម្លាប់​នៅ​ព្រលានយន្តហោះ​កូ​ឡា​ឡាំ​ពួ​នៃ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​។ លោក បាន​ស្លាប់​នៅតាម​ផ្លូវ ខណៈ​មន្ត្រី​ព្រលានយន្តហោះ បញ្ជូន​លោក​ទៅកាន់​សង្គ្រោះបន្ទាន់ បន្ទាប់ពី មាន​ហេតុការណ៍ បានកើត​ឡើង​នៅ​ព្រលានយន្តហោះ​។

​អ្វី​គួរកត់សម្គាល់​នោះ តាមរយៈ​វីដេអូ​ខ្លី​ជាង​មួយ​នាទី​ដែល​ដក​ចេញពី​កាមេរ៉ា​សុវត្ថិភាព​របស់ CCTV មាន​ស្ត្រី​ម្នាក់ ដែលមាន​សម្លៀកបំពាក់​ពណ៌​ស បាន​យកដៃ​ទៅ​ខ្ទប់​មុខ​លោក គីម ជុង​ណាំ​ពីក្រោយ ហើយ ក៏បាន​ដើរ​ចេញទៅ​បាត់​។ តាមរយៈ​វីដេអូ​នោះ ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ដែលថា លោក គីម ជុង​ណាំ ក៏បាន​ព្យាយាម​ឲ្យ​បុគ្គលិក​ព្រលានយន្តហោះ​ជួយ​លោក ជាមួយ​កាយវិការ​ថា​លោក ត្រូវបាន​គេ​លាបមុខ​ជាមួយនឹង​សារធាតុ​គីមី​។​

​ហើយ​បើតាម​ការអះអាង​របស់​ប៉ូលិស​ម៉ាឡេស៊ី លោក គីម ជុង​ណាំ បាន​ប្រាប់​អ្នកផ្តល់​សេវាកម្ម​នៅ​ព្រលានយន្តហោះ​ថា មាន​ស្ត្រី​ពីរ​នាក់ បាន​ខ្ទប់​មុខ​លោក​ជាមួយនឹង​សារធាតុ​អ្វី​ម្យ៉ាង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Channel News Asia​។​

​ជនសង្ស័យ​បន្ថែម​មាន​សញ្ជាតិ​កូរ៉េខាងជើង មានន័យ​ដូច្នេះ​ចំពោះ​ឃាតកម្ម​នេះ​?

​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​នៃ​ឃាតកម្ម​នេះ ប៉ូលិស​ម៉ាឡេស៊ី ក៏បាន​ឃាត់ និង​ចាប់ខ្លួន​ជនសង្ស័យ​បួន​នាក់​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​ផងដែរ​។ ជនសង្ស័យ​ដែល​ប៉ូលិស​បាន​ចាប់ខ្លួន​មាន​ស្ត្រី​ពីររូប និង​បុរស​មួយរូប ដែល​ក្នុងនោះ មាន​ស្ត្រី​ម្នាក់ មានភ្ជាប់​ជាមួយនឹង​លិខិតឆ្លងដែន វៀតណាម និង​ស្ត្រី​ម្នាក់ទៀត មានភ្ជាប់​ជាមួយនឹង​លិខិតឆ្លងដែន​ឥណ្ឌូណេស៊ី​។ រីឯ​បុរស​ដែលជា​ជនសង្ស័យ​ដែល​ប៉ូលិស​ទើបតែ​ចាប់ខ្លួនបាន​ចុងក្រោយ​នៅ​ថ្ងៃទី​១៦ កុម្ភៈ ដែលជា​មិត្ត​ប្រុស​របស់​ស្ត្រី​ជនជាតិ​ឥណ្ឌូណេស៊ី​នោះ មាន​សញ្ជាតិ​ម៉ាឡេស៊ី​។​

​ការ​តាម​ចាប់ខ្លួន និង​វែកមុខ​ជនសង្ស័យ នៅ​មិនទាន់​ចប់​ឡើយ​។ មិនទាន់​ចប់​នោះ ក៏​ព្រោះតែ​ម៉ាឡេស៊ី កំពុងតែ​ដាក់​ការសង្ស័យ​ខ្ពស់​ទៅលើ​ពលរដ្ឋ​កូរ៉េខាងជើង​បួន​នាក់​ផ្សេងទៀត ដែល​បាន​ចាក​ចេញពី​ម៉ាឡេស៊ី​ក្នុង​ថ្ងៃ​នៃ​ការកើត​ហេតុ​នោះ​។ ហើយ​បើតាម​ការអះអាង​របស់​ប៉ូលិស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២០ កុម្ភៈ​នេះ យ៉ាងហោចណាស់​ក្នុងចំណោម​ជនសង្ស័យ​ពលរដ្ឋ​កូរ៉េខាងជើង​ទាំង​បួន​នោះ មាន​បីនាក់ បាន​ចាក​ចេញពី​ព្រលានយន្តហោះ​ក្រុង​ហ្សា​កាតារ​និង​បន្តដំណើរ​ទៅកាន់​ក្រុង​ឌុយ​បៃ​។​

​ជុំវិញ​បញ្ហា​ឃាតកម្ម​នេះ មានការ​លើកឡើង​ពី​មន្ត្រី​ចារកម្ម​កូរ៉េខាងត្បូង ដោយ​អះអាងថា កូរ៉េខាងជើង ជា​អ្នកបញ្ជា​ឲ្យ​សម្លាប់ ហើយ ការបញ្ជា​នេះ ត្រូវបាន​ដាក់​អស់​រយៈពេល​ប្រាំ​ឆ្នាំ​មកហើយ​៕


Tag:
 កូរ៉េខាងជើង​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com