Neymar នឹង​ចូល​បំភ្លឺ​ក្នុង​តុលាការ​ម្តងទៀត​ពាក់ព័ន្ធ​ការរួម​គំនិត​ក្នុង​អំពើពុករលួយ​
កីឡាអន្តរជាតិ
អន្តរជាតិ
Neymar នឹង​ចូល​បំភ្លឺ​ក្នុង​តុលាការ​ម្តងទៀត​ពាក់ព័ន្ធ​ការរួម​គំនិត​ក្នុង​អំពើពុករលួយ​
21, Feb 2017 , 4:30 pm        
រូបភាព
Neymar នឹង​ចូលទៅ​ជំនុំ​ជម្រះក្តី​ម្តងទៀត បន្ទាប់ពី​ចាញ់​បណ្តឹង​នៅ​ឧទ្ធរណ៍​ចុងក្រោយ ពីបទ​រួមគំនិត​ក្នុង​អំពើពុករលួយ នៅពេលដែល​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Barcelona រូបនេះ ផ្ទេរ​ពី​ក្លិប Santos របស់​ប្រេ​ស៊ី​ល ទៅ​ក្លិប​អ្នកមាន​បុណ្យ កាលពី​ឆ្នាំ​២០១៣​។​



​បណ្តឹង​ខាងលើនេះ កើតចេញពី​ការប្តឹង​របស់​ក្រុមហ៊ុន​វិនិយោគ​របស់​ប្រេ​ស៊ី​ល DIS ដែលជា​ម្ចាស់​កម្មសិទ្ធិ ៤០​ភាគរយ នៃ​ការផ្ទេរ​របស់ Neymar ដោយ​អះអាងថា​ខ្លួន​ទទួលបាន​ប្រាក់​ពី Barca  តិចជាង​តម្លៃ​នៃ​ការផ្ទេរ​ពិតប្រាកដ​។​

​ក្រោយ​រកឃើញថា ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល Neymar មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​កាលពី​រូបគេ​ផ្ទេរ​ពី​ក្លិប Santos មកកាន់ ទឹកដី Camp Nou  តុលាការ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ បានចេញ​ដីកា​កាត់ទោស​តារា​ឆ្នើម​រូបនេះ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​ប្រឈម​ពិន័យ​ជា​ប្រាក់​ជិត​១០​លាន​ដុល្លារ​អាមេរិក​។​



​ក្លិប Santos ក្លិប Barcelona និង​ក្រុមហ៊ុន​របស់​ឪពុកម្ដាយ Neymar ក៏​ចាញ់​បណ្តឹង​នៅ​ឧទ្ធរណ៍​ជុំវិញ​អំពើពុករលួយ​ខាងលើនេះ​ដូចគ្នា​។ ហើយ​ពួកគេ​ក៏​មិនអាច​បន្ត​ប្តឹង​ជំទាស់​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​អេ​ស្ប៉ា​ញ​នេះ​បាន​ទៀត​ដែរ​។​

​សូមបញ្ជាក់ថា ក្រោម​ប្រព័ន្ធ​ច្បាប់​របស់​អេ​ស្ប៉ា​ញ អ្នក​ជាប់ទោស​ក្រោម រយៈពេល​២​ឆ្នាំ អាចមាន​សិទ្ធិ​ព្យួរទោស​បាន ដូច​ឆ្នេះ​មានន័យថា បើសិនជា​កីឡាករ​ឆ្នើម​វ័យ​២៥​ឆ្នាំ រួមទាំង​ឪពុកម្ដាយ​ខ្លួន មាន​ជាប់ទោស​ក្នុង​បទ​ចោទ​នេះ​មែន ពួកគេ​ក៏​អាច​នៅក្រៅ​ឃុំ​បានដែរ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​រកឃើញ​ទោសកំហុស​ជា​លើក​ទី​២៕


Tag:
 Neymar
  Barcelona
  Santos
  បាល់ទាត់​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com