អន្តរជាតិ
ប្រធានាធិបតី​កុង​ហ្គោ ចង់​រក្សា​អំណាច រហូត​ប្រកាសថា​គ្មាន​លុយ​រៀបចំ​ការបោះឆ្នោត​?
22, Feb 2017 , 9:19 am        
រូបភាព
​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​សម្រេច​មិន​រៀបចំ​ការបោះឆ្នោត​នៅ​ឆ្នាំនេះ​ទេ​ដោយ​លើក​ហេតុផល​ថា ខ្លួន​គ្មាន​លុយ​ចំណាយ​សម្រាប់​ការបោះឆ្នោតទេ​។ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា ហេតុផល​សំខាន់​នៅ​ពីក្រោយ​ការពន្យារ​ពេលនេះ​ជា​វិធីសាស្ត្រ​រក្សា​អំណាច​របស់​ប្រធានាធិបតី​ផុត​អាណត្តិ Joseph Kabila ដែល​អាណត្តិ​លោក​ចប់​តាំងពី​ចុងឆ្នាំ​មុន​ម្ល៉េះ​នោះ​។​



​ចុងក្រោយ ក្តី​សង្ឃឹមថា នឹងមាន​ការផ្ទេរអំណាច​ដោយ​សន្តិវិធី​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​នៅ​ចុងឆ្នាំ ២០១៧ នេះ​រលំរលាយ​អស់ ក្រោយ​រដ្ឋាភិបាល​រដ្ឋ​អាហ្វ្រិក​មួយ​នេះ​ប្រកាស​មិន​រៀបចំ​ការបោះឆ្នោត​។ មូលហេតុ​ចម្បង​របស់​រដ្ឋាភិបាល​គឺ ខ្លួន​គ្មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​។​

​រដ្ឋមន្ត្រី​ទទួលបន្ទុក​ថវិការដ្ឋ​កុង​ហ្គោ​លោក Pierre Kangudia Mbayi បាន​អះអាងថា រដ្ឋាភិបាល​គ្មាន​លុយ​សម្រាប់​រៀបចំ​ការបោះឆ្នោត​ឡើយ​ព្រោះ​ដើម្បី​បញ្ចប់​នីតិវិធី​បោះឆ្នោត​ទាំងមូល គេ​ត្រូវ​ចំណាយលុយ​សរុប ១,៨​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​

​យោងតាម​សារព័ត៌មាន African News លោក Pierre Kangudia Mbayi បានបញ្ជាក់​ដូច្នេះ​៖ «​វា​ជា​រឿង​លំបាក​ដែល​គិតថា យើង​អាច​រកបាន​លុយ ១,៨​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​»​។​
​ទំហំ​ការចំណាយ​រហូតដល់ ១,៨​ពាន់​លាន​ដុល្លារ​នេះ (​ពីរភាគបី​នៃ​ការចំណាយ​ក្នុងការ​បោះឆ្នោត​នៅ​អាមេរិក​) ត្រូវបាន​វាយតម្លៃ​ដោយ​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​។ ហើយ​ការចំណាយ​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ​នេះ​ត្រូវបាន​គណៈកម្មាធិការ​នេះ​ពន្យល់ថា វា​ពាក់ព័ន្ធ​ការលំបាក​ក្នុងការ​ចុះឈ្មោះ​ប្រជាជន​គ្រប់​អាយុ​បោះឆ្នោត​ដែលមាន​ច្រើនជាង ៣០​លាន​នាក់​នោះ​។​

​អាច​ថា វា​ជា​ហេតុផល​មួយ​ដែល​ជំរុញ​ឲ្យ​មានការ​លើក​ពេល​បោះឆ្នោត​ព្រោះ​ប្រទេស​កុង​ហ្គោ​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ដែរ​។ ហើយ​ពាក់ព័ន្ធ​ការខ្វះខាត​ធនធាន​នេះដែរ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា សហគមន៍​អន្តរជាតិ និង​ប្រទេស​ជា​ម្ចាស់ជំនួយ នឹង​ឆ្លើយតប​បែបណា​ឡើយ​ដើម្បី​ឲ្យ​ការបោះឆ្នោត​អាច​ប្រព្រឹត្តទៅបាន​តាម​ការគ្រោងទុក​។

​យ៉ាងណា​ក៏ដោយចុះ គេ​ឃើញ​មានការ​លើកឡើង​ពី​ហេតុផល​នយោបាយ​ផងដែរ ដែល​វា​ជំរុញ​ឲ្យ​មានការ​ពន្យារពេល​បោះឆ្នោត​ជាថ្មី​នេះ ព្រោះ​ប្រធានាធិបតី​ផុត​អាណត្តិ Joseph Kabila មិន​ចង់​ផ្ទេរអំណាច​។ តាមពិតទៅ​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​គឺ​យ៉ាងយូរ​ត្រឹម​ចុងឆ្នាំ ២០១៧ ដែល​វា​ត្រូវ​បានកំណត់​ច្បាស់​នៅក្នុង​កិច្ចព្រមព្រៀង​នយោបាយ​មួយ​ដែល​រដ្ឋាភិបាល​និង​ក្រុមប្រឆាំង​ដែល​សម្រេចបាន​កាលពី​ចុងឆ្នាំ​មុន ក្រោយ​ភាព​តានតឹង​ផ្នែក​នយោបាយ​កើតឡើង​។

​ភាព​តានតឹង​និង​ហិង្សា​នយោបាយ​នោះ​កើតឡើង​កាលពី​ឆ្នាំមុន ក្រោយ​ពេលដែល​លោក Joseph Kabila ដែល​ចប់​អាណត្តិ​ចុងឆ្នាំ ២០១៦ បដិសេធ​ផ្ទេរអំណាច ដោយ​រង់ចាំ​រហូតដល់​មានការ​រើស​មេដឹកនាំ​ថ្មី​។ ហើយ​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​ក៏​ប្រកាស​ពន្យារពេល​បោះឆ្នោតរ​ហូត​ដល់​ដើមឆ្នាំ ២០១៨ ដែល​បង្ក​ឲ្យ​មានការ​បាតុកម្ម​តវ៉ា​និង​ផ្ទុះ​ហិង្សា​ជាដើម​។​


Tag:
 Joseph Kabila
  សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ
© រក្សាសិទ្ធិដោយ thmeythmey.com