ជាតិ
សេដ្ឋកិច្ច
Emirates Airline នឹង​បើក​ជើងហោះហើរ​ពី​ឌូ​បៃ មក​ភ្នំពេញ​នៅ​ដើមខែ​កក្កដា​
22, Feb 2017 , 1:37 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន Emirates Airline នឹង​បើកសម្ពោធ​ជើងហោះហើរ​របស់ខ្លួន​ពី​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម មក​រាជធានី​ភ្នំពេញ នៅ​ខែកក្កដា​ឆ្នាំនេះ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត​មាន​របស់​ក្រុមហ៊ុន​នេះ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២១​ខែកុម្ភៈ ។



​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹងថា រាជធានី​ភ្នំពេញ នឹង​ក្លាយជា​ទិសដៅ​ថ្មី​បំផុត​ដែល​ក្រុមហ៊ុន Emirates Airline ផ្ដល់​សេវា​ជើងហោះហើរ ចាប់ពី​ខែកក្កដា តទៅ ដោយ​ប្រើ យន្តហោះ Boeing 777-300ER មាន​ថ្នាក់​ពីរ​ប្រភេទ​។ ក្រុមហ៊ុន​នេះ នឹង​បើក​ជើងហោះហើរ​ពី​ទីក្រុង​ឌូ​បៃ មក​ទីក្រុង​យ៉ាង​ហ្គ​ន (​ប្រទេស​មី​យ៉ាន់​ម៉ា​) និង​បន្ត​មក​ទីក្រុង​ភ្នំពេញ​។

​ក្រុមហ៊ុន បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា ការផ្ដល់សេវា​ជើងហោះហើរ ដោយ​ឆ្លងកាត់​ទីក្រុង​យ៉ាង​ហ្គ​ន​នេះ នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នកដំណើរ​មកពី​ប្រទេស​មី​យ៉ាន​ម៉ា​មក​ភ្នំពេញ និង​ត្រឡប់​ទៅវិញ​ផងដែរ​។ ហើយ​ក្រុមហ៊ុន Emirates Airline នឹង​ក្លាយ​ក្រុមហ៊ុន​អ៊ែរ​ឡាញ​តែមួយគត់ ដែលមាន​ជើងហោះហើរ​ផ្ទាល់ ភ្ជាប់​ទីក្រុង​ទាំងពីរ​នេះ (​ទីក្រុង​យ៉ាង​ហ្គ​ន និង​ភ្នំពេញ​)​។​

​ក្រៅពី​អ្នកដំណើរ ក្រុមហ៊ុន​បាន​សម្លឹង​ឱកាស​ដឹកជញ្ជូន​ទំនិញ ក្រណាត់ និង​សម្លៀកបំពាក់​ផងដែរ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ​។​

​ក្រុមហ៊ុន​អាកាសចរ​លំដាប់​អន្តរជាតិ​មួយ​នេះ បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការចាប់យក​ទីក្រុង​ភ្នំពេញ​ជា​ទិសដៅ​ផ្ដល់​សេវា​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​ភ្នំពេញ គឺជា​រាជធានី​ដែលមាន​មនុស្ស​រស់នៅ​ច្រើនជាងគេ​នៅ​កម្ពុជា ហើយ​ជា​ច្រកចូល​សំខាន់​ទៅកាន់​ប្រាសាទ​អង្គរ ខេត្តសៀមរាប​។ សន្ទុះ​នៃ​ការអភិវឌ្ឍ និង​រីកចម្រើន​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​បានប្រែក្លាយ​ភ្នំពេញ​ឲ្យ​ទៅជា​ទិសដៅ​ដ៏​សំខាន់​សំរាប់​វិស័យ​ទេសចរណ៍ និង​វិស័យសេដ្ឋកិច្ច​»​។​

​ជើងហោះហើរ​ក្រៅ​ស្រុក​លេខ EK388 នឹងធ្វើ​ដំណើរ​ចាក​ចេញពី​ក្រុង​ឌូ​បៃ​នៅ​ម៉ោង ៩​និង​១៥​នាទី​ព្រឹក និង​ចុះចត​នៅ​ទីក្រុង​យ៉ាង​ហ្គ​ន​ម៉ោង​៥​និង​២៥​នាទី​ល្ងាច​។ ការហោះហើរ​នឹង​បន្ត​ពី​ក្រុង​យ៉ាង​ហ្គ​ន​នៅ​ម៉ោង​៦​និង​៥៥​នាទី​ល្ងាច ហើយ​ចុះចត​ទីតាំង​ចុងក្រោយ​នៅ​ភ្នំពេញ នៅ​ម៉ោង​៩​និង​២៥​នាទី​យប់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ ដែល​បញ្ជាក់ទៀតថា ជើងហោះហើរ​នេះ នឹង​ត​ភ្ជាប់​យ៉ាង​រលូន​ទៅនឹង​ជើងហោះហើរ​មួយចំនួន​របស់​សហគម​ន៍​អឺរ៉ុប​។ សម្រាប់​ការហោះហើរ​ត្រឡប់​ទៅវិញ ជើងហោះហើរ​លេខ EK389 នឹង​ចេញដំណើរ​ពី​ភ្នំពេញ​ម៉ោង​១១​និង​១០​នាទី​យប់ និង​ទៅដល់​ទីក្រុង​ឌូ​បៃ​នៅ​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​នា​ថ្ងៃ​បន្ទាប់ ក្រោយ​ការ​ចុះចត​យ៉ាងខ្លី​មួយ​នៅ​ទីក្រុង​យ៉ាង​ហ្គ​ន​។​

​ដំណាលគ្នា​នឹង​បើក​ជើងហោះហើរ​មក​ភ្នំពេញ ក្រុមហ៊ុន Emirates Airline ក៏​នឹង​បើក​ជើងហោះហើរ​របស់ខ្លួន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នេះ​៕


Tag:
 Emirates
  ជើងហោះហើរ​
  ឌូ​បៃ​
© រក្សាសិទ្ធិដោយ thmeythmey.com