ជាតិ
សេដ្ឋកិច្ច
ប្រា​សាក់ នឹង​ចំណាយ​ប្រាក់​ជិត ១​លាន​ដុល្លារ លើ​ការផ្លាស់ប្ដូរ​និមិត្តសញ្ញា​
22, Feb 2017 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជិត ១​លាន​ដុល្លារ លើ​ការផ្លាស់ប្ដូរ​និមិត្តសញ្ញា​ពាណិជ្ជកម្ម (​ឡូហ្គោ​) របស់ខ្លួន ក្នុង​រយៈពេល​ជាង ១​ប្ដា​ហ៍​ខាងមុខ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​រដ្ឋាភិបាល​។ នេះ​ជាការ​ប៉ាន់ស្មាន​បឋម រ​បស់​ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ។​



​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ គឺជា​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ទី​២ បន្ទាប់ពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​រដ្ឋាភិបាល​តម្រូវ​ឲ្យ​ផ្លាស់ប្ដូរ​និមិត្តសញ្ញា​របស់ខ្លួន ដើម្បី​បញ្ចៀស​ការភាន់ច្រឡំ​រប​ស់​សាធារណជន​ថា គ្រឹះស្ថាន​ទាំងនេះ​ជា​របស់​រដ្ឋ​។ នា​ពិធី​ប្រគល់​សញ្ញាបត្រ ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញអន្តរជាតិ (PPIU)​នៅ​ព្រឹក​ថ្ងៃទី​២២ កុម្ភៈ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​គ្រឹះស្ថាន ប្រា​សាក់ ផ្លាស់ប្ដូរ​និមិត្តសញ្ញា​ឲ្យ​បាន​ក្នុងពេល​ឆាប់ៗ ក្រោម​ហេតុផល​ថា និមិត្តសញ្ញា​របស់​ប្រា​សាក់​មាន​អក្សរ​«៛៛៛»​នេះ អាច​ឲ្យ​សាធារណជន​ភាន់ច្រឡំ​ថា​ជា​អក្សរ​កាត់​នៃ​ពាក្យ​ថា «​រដ្ឋ​»​។​

​លោក ស៊ីម សេនា​ជាតិ ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណៈ​គ្រប់គ្រង​របស់​ប្រា​សាក់​ នឹង​ជួប ជាមួយ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ ដើម្បី​ពិភាក្សា​លើ​ការប្តូរ​និមិត្តសញ្ញា​ថ្មី​នេះ​។ លោក បន្ថែមថា ប្រា​សាក់ នឹង​ប្រើពេល​ជាង ១​សប្ដាហ៍ ​ផ្លាស់ប្ដូរ​និមិត្តសញ្ញា​របស់ខ្លួន គ្រប់​សាខា​នៅ​ទូទាំងប្រទេស ខណៈដែល​ឡូហ្គោ​ចាស់​របស់​ប្រា​សាក់ កំពុង​ត្រូវបាន​ដកចេញ​ជា​បណ្ដើរៗ​ហើយ​។​

​បើតាម លោក ស៊ីម សេនា​ជាតិ ការផ្លាស់ប្ដូរ​ឡូហ្គោ​នេះ នឹងធ្វើ​ឲ្យ​ប្រា​សាក់​ខាតបង់​ថវិកា​ប្រហែល​ជិត ១​លាន​ដុល្លារ ដែលជា​ទឹកប្រាក់​ប៉ានស្មាន​បឋម មុននឹង​រូបរាង​ឡូហ្គោ​ថ្មី ត្រូវបាន​សម្រេច​ជា​ផ្លូវការ​។ លោក​បញ្ជាក់ថា​៖« ប្រា​សាក់​ត្រូវ​ចំណាយ​លើ​ការផ្លាស់ប្ដូរ​ផ្ទាំង​ប៉ាណូ កាត ATM និង​ឯកសារ​ផ្សេងៗ​ដែល​ជាប់​និមិត្តសញ្ញា​ចាស់​។ ប្រា​សាក់​មាន​សាខា​សរុប​ចំនួន ១៨១ ដោយ​រាប់ទាំង​ការិយាល័យ​កណ្ដាល​»​។​

​លោក សេនា​ជាតិ និយាយថា ការផ្លាស់ប្ដូរ​និមិត្តសញ្ញា​នេះ នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់​ច្រើន​ទេ លើ​សកម្មភាព​អាជីវកម្ម​របស់​ប្រា​សាក់​។ ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«អតិថិជន​នៅតែ​អាច​ស្គាល់​ប្រា​សាក់ តាមរយៈ​ផ្លាក​យី​ហៅ​ដែលមាន​ពាក្យ​ប្រា​សាក់ និង​ទីតាំង​ដដែល រួមទាំង​នឹងមាន​ការ ផ្សព្វផ្សាយ​ទូលំទូលាយ​ពី​និមិត្តសញ្ញា​ថ្មី​របស់​ប្រា​សាក់​»​។​

​គិត​ត្រឹម​បំណាច់​ឆ្នាំ ២០១៦ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប ១២៥០​លាន​ដុល្លារ​, ឥណទាន ១០៣០​លាន​ដុល្លារ និង​ប្រាក់​បញ្ញើ​ចំនួន ៦១៩​លាន​ដុល្លារ​។ នេះ​បើតាម លោក ស៊ីម សេនា​ជាតិ ។​

​គួរ​បញ្ជាក់ថា នៅពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់ ផ្សព្វផ្សាយ និង​ដាក់​សម្គាល់ថា​ជា​«​គ្រឹះស្ថាន​ឯកជន​» ដើម្បី​បញ្ចៀស​ការភាន់ច្រឡំ​រប​ស់​មហាជន​ថា​គ្រឹះស្ថាន​ទាំងនោះ​ជា​របស់​រដ្ឋ​។ មូលហេតុ ដែល​រដ្ឋាភិបាល​កំណត់​បែបនេះ ដោយសារ​កន្លងមក​មាន​គ្រឹះស្ថាន​ហិរញវត្ថុ​ឯកជន​មួយចំនួន​ បាន​រឹបអូស​ផ្ទះសំបែង​របស់​ពលរដ្ឋ ហើយ​ពលរដ្ឋ​ភាន់ច្រឡំ​ថា គ្រឹះស្ថាន​ទាំងនោះ​ជា​របស់​រដ្ឋ​។ មកទល់នឹង​ពេលនេះ មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​ពីរ​ហើយ គឺ​ធនាគារ​អេស៊ីលីដា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ដែល​ត្រូវបាន​រដ្ឋាភិបាល​បញ្ជា​ឲ្យ​ផ្លាស់ប្ដូរ​និមិត្តសញ្ញា​របស់ខ្លួន ក្រោម​ហេតុផល​ថា ស្ថាប័នហិរញ្ញវត្ថុ​ទាំងពីរ​នេះ មាន​និមិត្តសញ្ញា​ ដែល​អាច​ឲ្យ​ពលរដ្ឋ​ភាន់ច្រឡំ ថា​ជា​របស់ «​រដ្ឋ​»៕


Tag:
 ប្រា​សាក់​
  ឡូហ្គោ​
  ស៊ីម សេនា​ជាតិ​
  មីក្រូហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com