ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​ប្រកាស​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ដល់ SME ដែល​ចុះបញ្ជី​ស្ម័គ្រចិត្ត​
23, Feb 2017 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សហគ្រាស​ទើប​បង្កើត​ថ្មីថ្មោង និង​សហគ្រាស​មិនទាន់​ទៅ​ចុះបញ្ជី​ពន្ធដារ ហើយ​ស្ម័គ្រចិត្ត​ទៅ​ចុះបញ្ជី ក្នុងអំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ នឹង​ត្រូវបាន​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន​២​ឆ្នាំ​។ ការអនុគ្រោះ​នេះ​ផ្ដល់​ឲ្យ​តែ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ប៉ុណ្ណោះ​។ នេះ​បើតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ដែល​ចុះ​ថ្ងៃទី​៧​ខែកុម្ភៈ​។​



​អនុក្រឹត្យ​ខាងលើ​បានកំណត់​ដូច្នេះ​ថា​៖«​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​បាន​ចុះបញ្ជី​ពន្ធដារ​ដោយ​ស្ម័គ្រចិត្ត ក្នុងអំឡុង​ឆ្នាំ​២០១៧​និង​ឆ្នាំ​២០១៨ ត្រូវបាន​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន​២​ឆ្នាំ ដោយ​គិត​ចាប់ពី​ឆ្នាំ​ដែល​ទទួលបាន​ប្រាក់ចំណូល​ដំបូង​ចំពោះ​សហគ្រាស​ដែល​ពុំទាន់​មាន​ប្រាក់ចំណូល ឬ​ចាប់ពី​ឆ្នាំ​ដែល​ចុះបញ្ជី​ពន្ធដារ​ចំពោះ​សហគ្រាស​ដែលមាន​ប្រាក់ចំណូល​រួចហើយ​»​។ អនុក្រឹត្យ​នេះ​បន្តថា​៖«​ក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​នេះ សហគ្រាស​ធុន​តូច និង​មធ្យម​ត្រូវបាន​លើកលែង​ពី​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អប្បបរមា​»​។​

​ក្នុងការ​លើកលែង​ពន្ធ​នេះ រដ្ឋាភិបាល​មាន​គោលដៅ​កំណត់​យន្តការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​ពុំទាន់​បាន​ទៅ​ចុះបញ្ជី​ពន្ធដារ ឲ្យ​ស្ម័គ្រចិត្ត​មក​ចុះបញ្ជី​បំពេញ​កាតព្វកិច្ច​សារពើពន្ធ ដើម្បី​បង្កើត​បរិយាកាស​បង់ពន្ធ ប្រកបដោយ​តម្លាភាព​និង​សមធម៌​។ នេះ​ជាការ​បញ្ជាក់​នៅក្នុង​អនុក្រឹត្យ​។​

​អនុក្រឹត្យ​ដដែល​នេះ ឲ្យ​ដឹង​ទៀតថា សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​អ្នក​ជាប់ពន្ធ​តូច និង​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​អ្នក​ជាប់ពន្ធ​មធ្យម​ត្រូវដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ទៅតាម​កាលកំណត់រ​បស់​រដ្ឋបាល​សារពើពន្ធ ទោះបីជា​ត្រូវបាន​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ដូច​បាន​រៀបរាប់​ខាងលើ​ក្ដី និង​ត្រូវដាក់​លិខិត​ប្រកាស​បង់ពន្ធ​អាករ​ដទៃ​ទៀត​តាមច្បាប់​ពន្ធដារ​។​

​សហគ្រាស​ធុន​តួច ត្រូវបាន​ឲ្យ​និយមន័យ​នៅក្នុង​អនុក្រឹត្យ​ថា​«​សំដៅ​ដល់​សហគ្រាស​អាជីវកម្ម​គ្រប់​ប្រភេទ ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​ចាប់ពី ២៥០​លាន​រៀល ដល់ ៧០០​លាន​រៀល ឬ​សហគ្រាស​ដទៃទៀត ដែលជា​កម្មវត្ថុ​នៃ​ការចុះបញ្ជី​ពន្ធដារ​ជា​អ្នក​ជាប់ពន្ធ​តូច​ស្របតាម​ច្បាប់​ពន្ធដារ​»​។ រីឯ​សហគ្រាស​ធុន​មធ្យម គឺជា​សហគ្រាស​អាជីវក​ម្ម​គ្រប់​ប្រភេទ ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី ៧០០​លាន​រៀល ដល់ ២០០០​លាន​រៀល ឬ​សហគ្រាស​ដទៃទៀត​ដែលជា​កម្មវត្ថុ​ចុះបញ្ជី​ពន្ធដារ ជា​អ្នក​ជាប់ពន្ធ​មធ្យម​តាមច្បាប់​ពន្ធដារ​៕


Tag:
 ពន្ធ​
  SME
© រក្សាសិទ្ធិដោយ thmeythmey.com