កីឡាអន្តរជាតិ
អន្តរជាតិ
Leicester City បញ្ឈប់​តំណែង​លោក Ranieri ទាំង​តានតឹង​
24, Feb 2017 , 2:28 pm        
រូបភាព
​លោក Claudio Ranieri ត្រូវ​ក្លិប Leicester City បញ្ឈប់​ពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ហើយ ក្រោយ​ដឹកនាំ​ក្រុម​មិនបាន​ល្អ​ក្នុង​រយៈពេល​៩​ខែ​ចុង​ក្រោយនេះ​។ ក្លិប​ការពារ​តំណែង​ជើងឯក​នេះ បាន​ធ្លាក់​ចេញពី​ពានរង្វាន់​ជាច្រើន និង​ចុងក្រោយ​ចាញ់​ក្រុម​អេ​ស្ប៉ា​ញ Sevilla នៅ​ក្របខណ្ឌ Champion League ។​



Leicester City បានប្រកាស​បញ្ចប់​តំណែង​លោក Claudio Ranieri បន្ទាប់ពី​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​ដឹកនាំ​ក្រុម​មិនបាន​ល្អ​សោះ ដោយ​ទទួល​បានតែ​២១​ពិន្ទុ​ប៉ុណ្ណោះ​សម្រាប់​២៥​ប្រកួត​ចុងក្រោយ និង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១៧ នៃ​ពានរង្វាន់​កំពូល​អង់គ្លេស Premier League​។​

​អ្នកចាត់ការ​ទូទៅ​វ័យ​៦៥​ឆ្នាំ បាន​ជួយ​ក្រុម​កញ្ជ្រោង​ខៀវ​ឲ្យ​ឈ្នះ​ពាន​កំពូល Premier League លើកដំបូង​ដែលជា​កំណត់ត្រា​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​នៅ​អង់គ្លេស​កាលពី​រដូវ​កាល​មុន​។ តែ​យ៉ាងណាក៏ដោយ​ក្លិប​ដែលមាន​ម្ចាស់​ជា​មហាសេដ្ឋី​ជនជាតិ​ថៃ​មួយ​នេះ​នៅតែ​សម្រេច​ដកតំណែង​លោក​ដដែល​។​



​អនុប្រធាន​ក្លិប Leicester City លោក Aiyawatt Srivaddhanaprabha ឲ្យ​ដឹងថា​៖«​ការដកតំណែង​លោក Ranieri នេះ​ជាការ​សម្រេចចិត្ត​មួយ​ដ៏​មានការ​លំបាក​បំផុត​ចាប់​តាំ​ពី​យើង (​ក្រុមហ៊ុន King Power) មកកាន់​កាប់​ទីនេះ​ជិត​៧​ឆ្នាំ​កន្លងទៅ​។ ប៉ុន្តែ​យើង​មាន​កាតព្វកិច្ច​ដើម្បី​ផលប្រយោជន៍​រួម​របស់​ក្លិប Leicester រយៈពេល​វែង​ទៅមុខទៀត​»​។​

​សូម​បញ្ចា​ក់ថា ក្រោម​ការដឹកនាំ​របស់​លោក Ranieri រយៈ​ពេក​ចុងក្រោយ Leicester ធ្លាក់​ទម្រង់​លេង​យ៉ាងខ្លាំង​ដោយ​ធ្លាក់​ចេញពី​ពាន FA ក្រោយ​ចាញ់​ក្រុម Millwall និង​ចាញ់​ក្រុម Sevilla ក្នុង​ទឹកដី​ខ្លូន​ឯង ២-១ នៃ​ក្របខណ្ឌ Champions League ទៀតផង​៕




Tag:
 Claudio Ranieri
  Leicester City
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com