ជាតិ
សេដ្ឋកិច្ច
អាជ្ញាធរថៃ ពន្យារពេលដំឡើងពន្ធត្រីលើអាជីវករខ្មែរ ត្រឹមថ្ងៃទី១ មីនា
× ភ្នំពេញ៖ នៅពេលនេះការតវ៉ាលើករណីដំឡើងពន្ធត្រី នៅច្រកអន្តរជាតិប៉ោយប៉ែត បានថមថយបន្តិចហើយ ក្រោយអាជ្ញាធរខ្មែរ និងអាជ្ញាធរថៃ បានជួបពិភាក្សាគ្នា រកដំណោះស្រាយលើបញ្ហាដំឡើងពន្ធនេះ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ដែលបានដឹកនាំមន្ត្រីកម្ពុជា ជួបពិភាក្សាររកដំណោះស្រាយជាមួយអាជ្ញាធរថៃ បានឲ្យដឹងថា នៅពេលនេះភាគីទាំងពីរ បានឯកភាពគ្នាលើចំណុចមួយចំនួន ដើម្បីជួយសម្រួលដល់អាជីវករខ្មែរ អាចនាំត្រីចូលទីផ្សារប្រទេសថៃប៉ុន្មានថ្ងៃខាងមុខនេះសិន។ មានន័យថា អាជីវករកម្ពុជា អាចអនុវត្តលើពន្ធចាស់សិនត្រឹមថ្ងៃទី១ មីនា មុននឹងបន្តការចរចារកដំណោះស្រាយ នូវចំណុចរួមមួយសមរម្យ ដែលភាគីទាំងពីរអាចទទួលយកបាន។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ដូច្នេះថា៖« យើងនឹងបន្តប្រជុំពិភាក្សា ចរចាគ្នាជាមួយភាគីថៃ នៅខែមីនា លើអត្រាពន្ធ ថាគួរយកតម្លៃពន្ធប៉ុន្មានឲ្យសមរម្យ ដែលអាជីវករខ្មែរអាចបង់បានមុនដំឡើងពន្ធ។ យើងក៏បានឯកភាពគ្នា បង្កើតស្តង់ត្រីសម្រាប់អាជីវករខ្មែរ ហើយបើភាគីថៃត្រូវការត្រីពីអាជីវករខ្មែរនោះ នៅពេលពួកគេចូលមកទិញ ត្រូវបង់ពន្ធឲ្យគយថៃខ្លួនឯង ដោយ អាជីវករ ខ្មែរមិនចាំបាច់បង់ពន្ធនេះទេ»។
អភិបាលក្រុងប៉ោយប៉ែតរូបនេះ ស្នើឲ្យពលរដ្ឋខ្មែរគ្រប់បណ្ដាខេត្តនានា ដែលមានចង់នាំត្រីចូលប្រទេសថៃនោះ ត្រូវផ្អាកការសម្រុកដឹកយកមកលក់សិន ដោយរង់ចាំមើលដំណោះស្រាយលើបញ្ហាដំឡើងពន្ធត្រីនេះសិន ដើម្បីបញ្ចៀសការខាតបង់ថវិកាលើជំនួញត្រីនាពេលនេះ។
កាលពីថ្ងៃទី២៣ កុម្ភៈ អាជ្ញាធរថៃ បានបង្គាប់ឲ្យអាជីវករខ្មែរ ដែលនាំចូលត្រីទៅលក់ក្នុងប្រទេសថៃមានច្បាប់ត្រឹមត្រូវនោះ ត្រូវបង់ពន្ធក្នុងតម្លៃ ១២បាត (១៣០០រៀល) ក្នុងមួយគីឡូក្រាម និងត្រីចាប់ពី១០០ទៅ២០០ គីឡូក្រាម អាជីវករខ្មែរត្រូវបង់ពន្ធពី១,៥០០បាត ទៅ២ពាន់បាត ប្រហាក់ប្រហែលនឹង ១៧ម៉ឺនទៅជាង២២ម៉ឺនរៀល។ គោលការណ៍នេះ ត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទីសុក្រទី២៤ កុម្ភៈនេះ។
លោក Pattanapong sae Lim ប្រធានត្រួតពិនិត្យកិច្ចការព្រំដែនមួយកន្លែងនៅប្រទេសថៃ បញ្ជាក់ថាការដំឡើងពន្ធនាំចូលត្រីទៅទីផ្សារថៃនេះ គឺជារឿងចាំបាច់ ព្រោះអាជីវករ និងអ្នកជំនួញត្រីនៅប្រទេសថៃ បានត្អូញត្អែរថា ត្រីស្រស់នាំចូលពីកម្ពុជា កំពុងកាន់កាប់ទីផ្សារក្នុងស្រុកថៃ និងបានធ្វើឲ្យតម្លៃត្រីនៅថៃធ្លាក់ចុះ។ នេះបើតាមការសែតបាងកកប៉ុស្តិ៍។
ចំពោះការដំឡើងថ្លៃពន្ធត្រីនេះ ក្រុមអាជីវករខ្មែររាប់រយនាក់ មិនពេញចិត្តឡើយ ព្រោះវាជាតម្លៃពន្ធខ្ពស់មិនអាចទទួលយកបាន។ ក្រុមអាជីវករខ្មែរ ក៏បានចាក់ត្រីជិត៣០០គីឡូក្រាម នៅលើស្ពានមិត្តភាព កម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ កុម្ភៈ ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយដំឡើងពន្ធថ្មីរបស់អាជ្ញាធរថៃនេះ។ នៅព្រឹកថ្ងៃទី២៤ កុម្ភៈនេះ អាជីវករខ្មែរទាំងនោះ បានបន្តយករទេះ និងឡាន បិទផ្លូវច្រកអន្តរជាតិនេះ ដើម្បីរារាំងមិនឲ្យភាគីថៃ នាំទំនិញចូលមកកម្ពុជាដូចគ្នា។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកស្រី សឹង សុផារី លើកឡើងថា ការដែលអាជីវករខ្មែរ ចាក់ត្រីចោលដើម្បីតវ៉ានឹងអាជ្ញាធរថៃ រឿងដំឡើងពន្ធគយលើការនាំត្រីចូលប្រទេសថៃនោះ គឺជាសកម្មភាពដែលនាំឲ្យពួកគាត់កាន់តែខាតបង់។ អ្នកនាំពាក្យរូបនេះថា ដំណោះស្រាយ គឺមានតែការចរចាសុំការសម្បទានពីភាគីថៃ ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ដូច្នេះថា៖«ដើម្បីទប់ទល់នឹងស្ថានភាពបែបនេះ យើងគួរនៅស្ងាត់ៗសិន កុំជំរុញឲ្យខាតអ្វីកាន់តែច្រើនទៀត។ ជាធម្មតាស្ថាប័នពាក់ព័ន្ធ នឹងចាត់វិធានការ ចរចាជាមួយគេ»។
ក្រៅពីការចចារកដំណោះស្រាយ រវាងអាជ្ញាធរនៃភាគីទាំង២ នៅថ្នាក់ក្រោមជាតិ បញ្ហាដំឡើងពន្ធនាំចូលនេះ អាចនឹងក្លាយជារបៀបវារៈ នៅក្នុងកិច្ចប្រជុំថ្នាក់ជាតិ នៅពេលដែលគណៈកម្មាការចម្រុះកម្ពុជា-ថៃ រៀបចំកិច្ចប្រជុំនៅពាក់កណ្ដាលឆ្នាំនេះ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោកស្រី សឹង សុផារី ។
គួរបញ្ជាក់ថា អាជ្ញាធរថៃ បានកំណត់ទារប្រាក់ពន្ធពីអាជីវករខ្មែរកន្លងមក ក្នុងអត្រា ពី៣០០បាត ទៅ៥០០បាត ចំពោបរិមាណត្រី១០០គីឡូក្រាមឡើងទៅ៕
Tag:
ថៃ
កម្ពុជា
ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com