កីឡាជាតិ
ជាតិ
មឿ​ន សុខ​ហ៊ុ​ច ត្រៀម​ដណ្តើម​ខ្សែក្រវាត់​មាស​តម្លៃ​ជិត​៣​ម៉ឺន​ដុល្លារ​នៅ​ថៃ​ ​
26, Feb 2017 , 9:39 am        
រូបភាព
ដោយ:
​អ្នកលេង​គុន​ខ្មែរ មឿ​ន សុខ​ហ៊ុ​ច ម្ចាស់​ខ្សែក្រវាត់​កម្រិត​ប្រាក់​ប្រចាំ​ព្រឹត្តិការណ៍ Max Muay Thai កាលពី​ខែសីហា ឆ្នាំ​២០១៦ ត្រៀម​ប្រកួតប្រជែង​ដណ្តើម​ខ្សែក្រវាត់​កម្រិត​មាស​តម្លៃ​ជិត​៣​ម៉ឹ​ន​ដុល្លារ​នៅថ្ងៃនេះ​។ អ្នកលេង​គុន​ខ្មែរ​រូបនេះ ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​ជើង​ខ្លាំង​៣​រូប​ដែលមាន​ខ្សែក្រវាត់​កម្រិត​ប្រាក់​ដូចគ្នា​។

 

​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ នេះ អ្នកលេង​គុន​ខ្មែរ មឿ​ន សុខ​ហ៊ុ​ច ត្រូវ​ប៉ះ​ជើង​ខ្លាំង​៣​រូប​ក្នុង​ព្រឹត្តិការណ៍ Max Muay Thai World Championship 2016 ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ខ្សែក្រវាត់​មាស​ដែលមាន​តម្លៃ​ជិត​៣​ម៉ឹ​ន​ដុល្លារ​(១​លាន​បាត​)​។ ម្ចាស់​ខ្សែក្រវាត់​កម្រិត​ប្រាក់ Muay Thai របស់​កម្ពុជា​រូបនេះ​ត្រូវ​តទល់​ជាមួយ​កីឡាករ​ដែលមាន​ខ្សែក្រវាត់​កម្រិត​ប្រាក់​ដូចគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។​

​គូប្រជែង​ទាំង​៣​រូប​របស់​អ្នកលេង​គុន​ខ្មែរ មឿ​ន សុខ​ហ៊ុ​ច រួមមាន​កីឡាករ Fabrice Delannon មកពី​ប្រទេស Guiana ដែល​ធ្លាប់​ឆ្លងកាត់​ការប្រកួត Muay Thai ចំនួន​១០​ដង​ឈ្នះ​៦ និង​ចាញ់​៤​ដង​។  កីឡាករ​ជនជាតិ​បារាំង Guillaume Pascal មាន​ប្រវត្តិ​ប្រកួត​១៥​ដង​នៅ Muay Thia ដោយ​ឈ្នះ​១២​ដង និង​ចាញ់​៣​ដង និង​កីឡាករ Kurtis Stait មកពី​អូស្ត្រាលី​។ ការប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​មាស​តាម​រូបមន្ត​ម៉ារ៉ាតុន​នេះ​នឹង​ប្រព្រឹត្តទៅ​នៅលើ​សង្វៀន​ផាត់​តា​យ៉ា​ប្រទេស​ថៃ​។

​គួរ​បញ្ជាក់ថា កីឡាករ មឿ​ន សុខ​ហ៊ុ​ច ដណ្តើមបាន​ខ្សែក្រវាត់ Muay Thai កម្រិត​ប្រាក់ និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​២០​ម៉ឺន​បាត​(​ជាង​៥​ពាន់​ដុល្លារ​)​ក្នុង​វគ្គ​ទី​១​លើ​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៦​។ ក្រោយ​កីឡាករ​រូបនេះ ត្រូវបាន​អាជ្ញាកណ្តាល​កាត់ក្តី​ឲ្យ​ឈ្នះ​កីឡាករ​ស៊ុយអែត Ammon Decker ដោយ​ពិន្ទុ​។​

​ចំណែក​កីឡាករ​របស់​បារាំង Guillaume Pascal ដណ្តើមបាន​ក្នុង​វគ្គ​ទី​២​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ រីឯ​កីឡាករ Kurtis Stait របស់​អូស្ត្រាលី​ដណ្តើមបាន​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦ និង​កីឡាករ Fabrice Delannon ជនជាតិ Guiana ដណ្តើមបាន​កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៧៕


© រក្សាសិទ្ធិដោយ thmeythmey.com