ជាតិ
បទយកការណ៍ / បទសម្ភាសន៍
និស្សិត​ជនបទ​រៀន​ឆ្នាំ​ទី​១ ភ័យខ្លាច​ចោរកម្ម ចរាចរណ៍​…​នៅ​ភ្នំពេញ
25, Feb 2017 , 9:19 pm        
រូបភាព
ទីធ្លាខាងមុខសាកលវិទ្យាល័យភូមិន្ទភ្ណំពេញ រូបថត៖ រ៉ឹម ភារី
ទីធ្លាខាងមុខសាកលវិទ្យាល័យភូមិន្ទភ្ណំពេញ រូបថត៖ រ៉ឹម ភារី
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ក្រោយ​វេច​បង្វិច​ពី​តំបន់​ជនបទ​ដាច់ស្រយាល មក​ជាន់​ទឹកដី​ភ្នំពេញ ដើម្បី​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ និស្សិត​ឆ្នាំ​ទី​១​ជាច្រើន បាន​ត្អូញត្អែរ​ពី​បញ្ហា​មួយចំនួន​ដែល​ពួកគេ​បារម្ភ និង​ត្រូវ​ប្រឈមមុខ​។ ក​បញ្ហា​ប្រឈម​នោះ មិនមែន​រឿង​លុយកាក់​ទេ ប៉ុន្តែ​ជា​បញ្ហា​សន្តិសុខ ចរាចរណ៍ ការបំពុល និង​ការ​សម្រប​ខ្លួន​រស់នៅក្នុង​បន្ទប់​ជួល​ដ៏​តូចចង្អៀត​នៅ​រាជធានី​ភ្នំពេញ​។

 

កញ្ញា ប្លឹ នី​ត មាន​ស្រុកកំណើត​នៅ​ខេត្តព្រះវិហារ បាន​និយាយថា នាង​មិនទាន់​សម្រប​ខ្លួន​ជាមួយ​មជ្ឈដ្ឋាន​រស់នៅ​នៅ​ភ្នំពេញ​នៅឡើយ​។ ធ្លាប់តែ​រស់នៅ​ជាមួយ​ឪពុកម្តាយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​និស្សិត​ឆ្នាំ​ទី​១​ជំនាញ​ភូមិវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រូបនេះ មិនទាន់​ទម្លាប់ខ្លួន​រស់នៅ​ភ្នំពេញ​ដោយ​ពឹង​លើ​ខ្លួនឯងបាន​។ ប្លឹ នី​ត រម្លឹកថា ពេល​នាង​មកដល់​ភ្នំពេញ​ដំបូង នាង​មាន​អារម្មណ៍​នឹក​ផ្ទះ​ខ្លាំង និង​ចង់​ត្រឡប់ ទៅ​ស្រុកកំណើត​វិញ​ទៀតផង​។ 

ពាក់អាវ​ស​ដៃ​វែង ទឺ​នុយ​ជាមួយ​សំពត់​ខ្មៅ​ក្រោម​ជង្គង់ នាង​បាន​បន្ត​រអ៊ូរទាំ​ពី​បញ្ហា​បន្ទប់​ជួល និង​ភ័យខ្លាច​ចំពោះ​ចរាចរណ៍​នៅ​ភ្នំពេញ​ដែរ​។ កញ្ញា ប្លឹ នី​ត និយាយថា​៖«​ខ្ញុំ​លំបាក​រក​ផ្ទះជួល​ណាស់ ព្រោះ​មិនសូវ​ស្គាល់​គេ​។ ណាមួយ​ឡាន​ម៉ូតូ​ច្រើន ខ្ញុំ​ក៏​ពិបាក​ឆ្លងផ្លូវ ព្រោះ​ខ្លាច​ឡាន​ម៉ូតូ​បុក​»​។​

ក្រៅពី​បញ្ហា​ចរាចរណ៍ និង​ការ​សម្រប​ខ្លួន​ជាមួយ​អ្នករស់នៅ​ភ្នំពេញ យុវ​និស្សិត​វ័យ​១៨​ឆ្នាំ​រូបនេះ ក៏​តែងតែ​បារម្ភ​ពី​សន្តិសុខ​ផ្ទាល់ខ្លួន​ផងដែរ​។ នាង​រៀបរាប់ថា​៖«​ម៉ែ​ខ្ញុំ តេ​(​ហៅ​ទូរ​សព្ទ​)​មក​ខ្ញុំ​ញឹកញាប់​ណាស់ ព្រោះ​គាត់​បារម្ភ​ពី​សុវត្ថិភាព​របស់ខ្ញុំ​។ នៅ​ភ្នំពេញ គួរ​ឲ្យ​ភ័យខ្លាច​ណាស់ ព្រោះថា សម្បូរ​ចោរ និង​មនុស្ស​អាក្រក់​ច្រើន​»​។ 

រាជធានី​ភ្នំពេញ មាន​ទំហំ​តូច​មែន បើ​ប្រៀបធៀប​ជាមួយ​រាជធានី​បាងកក រដ្ឋធានី​ហូជីមិញ ឬ​ទីក្រុង​នៃ​ប្រទេស​ជឿនលឿន​មួយចំនួន​ក្តី ប៉ុន្តែ រាជធានី​របស់​ខ្មែរ​មួយ​នេះ ក៏មាន​ទំហំធំធេង​សម្រាប់​អ្នក​ជនបទ ដែល​ទើប​ស្គាល់​ភ្នំពេញ​ជា​លើកដំបូង​ផងដែរ​។ 

កញ្ញា ម៉ាន់ រ៉ានី និស្សិត​ឆ្នាំ​១ ជំនាញ​សង្គមវិជ្ជា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​រៀបរាប់ថា នាង​មិន​ហ៊ាន​មក​ភ្នំពេញ​ម្នាក់ឯង​ឡើយ ពីព្រោះ​នាង​មិនដែល​ស្គាល់​ភ្នំពេញ​ទាល់តែសោះ​។ ពេល​មក​ភ្នំពេញ​ដំបូង ឪពុកម្តាយ​បាន​ជូន​នាង​មក និង​ជួយ​រក​ផ្ទះជួល ព្រមទាំង​ជូនទៅ​ដាក់ពាក្យ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ផង​។

យុវតី​២០​ឆ្នាំ សម្បុរ​សណ្តែកបាយ​រូបនេះ​ក៏​មិន​ហ៊ាន​ឆ្លងផ្លូវ ខណៈ​នៅ​ភ្នំពេញ​មាន​ចរាចរណ៍​មមាញឹក ដែល​ខុសគ្នា​ស្រឡះ​ពី​ខេត្តព្រះវិហារ ជា​ស្រុកកំណើត​របស់ខ្លួន​។  ដៃ​ឱប​កាបូបស្ពាយ​ដាក់​លើ​ភ្នៅ​របស់ខ្លួន រ៉ានី បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ដំបូង ពេល​ឆ្លងផ្លូវ​ម្តងៗ ខ្ញុំ​ចុះបណ្តើ​រកង់ អត់​ហ៊ាន​ជិះ​ទេ ព្រោះ​ខ្លាច​ឡាន​ម៉ូតូ​ប៉ះ​»​។       

មិនសូវ​ខុសគ្នា​ឡើយ កញ្ញា ឈុំ ពិសី និស្សិត​ឆ្នាំ​ទី​១ ជំនាញ​គីមីវិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏​បារម្ភ និង​ភ័យខ្លាច​ពី​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​ផងដែរ​។ នៅ​ភ្នំពេញ ដែលមាន​ចរាចរណ៍​កកស្ទះ និង​មាន   ខ្ស​ល់​បំពុល​ខ្លាំង ព្រមទាំង​ស្ថានភាព​រស់នៅ​បន្ទប់​ជួល​មិនសូវ​ល្អប្រសើរ​ផង​នោះ បាន​ជំរុញ​ឲ្យ​កូន​ទី​២​ក្នុងចំណោម​ប្អូន​៥​នាក់ នៃ​គ្រួសារ​មួយ​នៅ​ខេត្តកំពង់ឆ្នាំង​រូបនេះ ឧស្សាហ៍​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​។ ពិសី និយាយ​បន្តថា ដំបូង​ឡើយ នាង​មាន​អារម្មណ៍​ធុញទ្រាន់​ណាស់ ព្រោះ​នាង​មិនបាន​ហូប​អាហារ​គ្រប់គ្រាន់ ដូច​នៅផ្ទះ​ស្រុកកំណើត​របស់ខ្លួន​។ ម្យ៉ាង​នាង​រអ៊ូ​ថា ម្ចាស់​បន្ទប់​ជួល ក៏​មិនសូវ​រាក់ទាក់​ជាមួយ​នាង ខណៈដែល​ម្តុំ​ត្រពាំង​ឈូក​ដែលជា​សម្បុក​គ្រឿងញៀន និង​សម្បូរ​ក្មេងស្ទាវ កំពុង​បង្ក​ការភ័យខ្លាច​ដល់​និស្សិត​វ័យ​១៨​ឆ្នាំ​រូបនេះ ដែល​ជួល​បន្ទប់​ជួល​នៅ​ទីនោះ​។

ពិសី​និយាយថា​៖«​ពេល​ចូល​បន្ទប់​ភ្លាម ខ្ញុំ​តែង​ចាក់​គន្លឹះ​ភ្លាម ព្រោះ​ខ្លាច​ស្ទាវៗ​ជាច្រើន​នៅខាងមុខ​បន្ទប់​។ ប៉ុន្តែ ខ្ញុំ​នៅតែ​ខ្លាច​ពួកគេ​មក​គោះទ្វារ​បន្ទប់​របស់ខ្ញុំ និង​ខ្លាច​បាត់​កង់​ផងដែរ ព្រោះ​កង់​អត់​មាន​កិប​សំបុត្រ​ផង​»​។   

លោក ប៉ែន សុខា និស្សិត​ឆ្នាំ​ទី​១​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ក៏បាន​បង្ហាញ​អារម្មណ៍​ភ័យខ្លាច​ចំពោះ​អំពើចោរកម្ម​នៅ​រាជ​ភ្នំពេញ ដែល​លោក​ឧស្សាហ៍​ឃើញ​ជា​ញឹកញាប់​ដែរ​។ លោក​និយាយថា​៖«​មិត្តភក្តិ​ខ្ញុំ​ម្នាក់ មក​ភ្នំពេញ​មិនបាន​ប៉ុន្មាន​ផង ចោរលួច​ទូរ​សព្ទ​។ ហើយ​ថ្ងៃ​មុនពេល​ខ្ញុំ​កំពុង​ជិះ​កង់​មក​សាលា ឃើញ​ចោរឆក់​កាបូប​ស្ត្រី​ម្នាក់​នៅតាម​ផ្លូវ​ទៀត​។ ដល់ពេល​ឃើញ​ចឹ​ង ខ្ញុំ​មាន​អារម្មណ៍មិនល្អ​សោះ ព្រោះ​ខ្លា​ចវា​កើត​ឡើងលើ​រូបខ្ញុំ​នៅ​ថ្ងៃ​ណាមួយ​»​។ 

អង្គុយ​លើ​ស្មៅ​សួន​មុខ​ខ្លោងទ្វារ​សាកលវិទ្យាល័យរ​បស់​ខ្លួន សុខា ដែល​និយាយ​បណ្តើរ ដៃ​យក​កាបូបស្ពាយ​មក​ជិត​ខ្លួន​បណ្តើ​រថា រូបគេ​វង្វេងផ្លូវ​មក​សាលារៀន​ម្តង ពេល​មក​ភ្នំពេញ​ដំបូង​។ ពេល​មក​ទីក្រុង​ដំបូង សុខា​ក៏​មិនសូវ​ហ៊ាន​ឆ្លងផ្លូវ​ឡើយ ដ្បិត​នៅ​ភ្នំពេញ​មាន​ចរាចរណ៍​មមាញឹក​ខ្លាំង​នោះ​។ និស្សិត​វ័យ​១៨​ឆ្នាំ សម្បុរ​សណ្តែកបាយ​រូបនេះ ក៏​បារម្ភ​ពី​សុវត្ថិភាព​ខ្លះ​ដែរ ពីព្រោះ​ផ្លូវ​ចូល​ផ្ទះជួល​នៅ​ម្តុំ​ជ្រោយចង្វារ​ដែល​ខ្លួន​កំពុងស្នាក់នៅ គ្មាន​ភ្លើង​បំភ្លឺ តូចចង្អៀត និង​ស្ងប់ស្ងាត់​។  

ទាក់ទង​នឹង​បញ្ហា​នេះ   លោក ស៊ិន គង់ សាស្ត្រាចារ្យ​ជំនាញ​ទស្សនវិជ្ជា នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​អត្ថាធិប្បាយ​ថា ក្នុង​មួយឆ្នាំៗ ជា​មធ្យម​មាន​និស្សិត​ខ្មែរ​ទូទាំងប្រទេស ប្រមាណ​២០​ម៉ឺន​នាក់ បានមក​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ឬ​ជំនាញ​នៅ​តំបន់​ទីប្រជុំជន ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ខណៈ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​មិនសូវ​ត្រឡប់​ទៅធ្វើ​ការ​នៅ​ស្រុកកំណើត​វិញ គឺជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​កំណើន​និស្សិត​កាន់តែច្រើន​នៅ​ទីក្រុង និង​ទីប្រជុំជន​សំខាន់ៗ​។  

លោក ស៊ិន គង់ និយាយថា​៖«​រដ្ឋ​បាន​បង្កើត​អន្តេវាសិកដ្ឋាន​ដែរ ប៉ុន្តែ​មួយឆ្នាំ អន្តេវាសិកដ្ឋាន​របស់​រដ្ឋ អាច​ទទួល​និស្សិត​បាន​មិន​ដល់​១​ម៉ឺន​នាក់​ផង​។ ហេតុនេះហើយ ទើប​និស្សិត​ភាគច្រើន​ត្រូវ​បង្ខំចិត្ត​រស់នៅ​បន្ទប់​ជួល​ដែល​មិន​សមរម្យ និង​ប្រឈម​នឹង​បញ្ហា​សុវត្ថិភាព​»​។  

ក្រៅពី​ដោះស្រាយ​បញ្ហា​អន្តេវាសិកដ្ឋាន លោក ស៊ិន គង់ បាន​បន្ថែមថា រដ្ឋ​គួរ​ដោះស្រាយ​បញ្ហា​ចរាចរណ៍ និង​ការពារ​សន្តិសុខ​ជូន​ពួកគេ ពីព្រោះ​ពួកគេ​ជា​អ្នក​ចំណូល​ថ្មី​ដែល​ត្រូវការពារ និង​ត្រូវចិត្ត​ទុកដាក់ ដើម្បី​ឲ្យ​ពួកគេ​មក​បន្ត​ការសិក្សា​ដោយ​គ្មាន​ការភ័យខ្លាច​។ លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋ​គួររៀបចំ​ផ្លូវ​ថ្មើរជើង​ឲ្យ​ស្រួល កុំ​ឲ្យ​ច្របូកច្របល់​មិនដឹង​ឯណា​ផ្លូវ​ម៉ូតូ ឡាន និង​មនុស្ស​ដើរ​។ ក្រៅពីនេះ រដ្ឋ​គួរ​ពង្រឹង​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បី​ការពារ​ពួកគេ ព្រោះ​បើ​និស្សិត​រស់នៅ​ដោយ​ការភ័យខ្លាច និង​បារម្ភ​ពី​សុវត្ថិភាព វា​នឹង​ប៉ះពាល់​ដល់​ការសិក្សា​របស់​ពួកគេ​»​។

លោក​បន្តថា និស្សិត​ខ្លួនឯង គួរ​ចេះ​សម្រប​ខ្លួន​ជា​បរិយាកាស​ថ្មី ស្វែងយល់​ពី​បរិបថ​នៃ​ការរស់នៅ​ទីកន្លែង​ថ្មី និង​ចេះ​សហ​ការណ៍​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​នៅពេល​ខ្លួន​ជួប​បញ្ហា ដើម្បី​សុ​ត្ថិ​ភាព និង​មាន​សន្តិសុខ​ក្នុងការ​រស់នៅ ព្រមទាំង​មានឱកាស​ផ្តោតលើ​ការ​ស្រូបយក​ជំនាញ​ដែល​ខ្លួន​កំពុង​សិក្សា​ឲ្យ​ទទួលបាន​ជោគជ័យ​៕     


© រក្សាសិទ្ធិដោយ thmeythmey.com