ជាតិ
នយោបាយជាតិ
លោក យឹម សុវណ្ណ៖«សង្គ្រោះជាតិ មិនឈ្លោះគ្នា ព្រោះដណ្តើមតំណែងជាដាច់ខាត» ពីឆ្វេងទៅស្តាំ៖ លោក យឹម សុវណ្ណ លោក សម រង្ស៊ី និងលោក កឹម សុខា
× ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ព័ត៌មាននៃការបែកបាក់ផ្ទៃក្នុងបក្សប្រឆាំង ដែលកើតចេញពីការដណ្តើមតួនាទីគ្នា បានលេចឮជាហូរហែ។ អ្នកនាំពាក្យបក្សប្រឆាំង បានចេញមុខបកស្រាយថា បក្សខ្លួន មិនរង្គោះរង្គើ ព្រោះតែតំណែង ដូចអ្វីដែលសារព័ត៌មានមួយចំនួន និងបណ្តាញសង្គមហ្វេសប៊ុក បានចុះផ្សាយ ឡើយ។ ប៉ុន្តែ អ្នកនាំពាក្យបក្សកាន់អំណាច យល់ឃើញថា ការលើកឡើងរបស់អ្នកនាំពាក្យបក្សប្រឆាំង គឺគ្រាន់តែជាការបំភាន់ភ្នែកមហាជន ប៉ុណ្ណោះ។ ចំពោះអ្នកវិភាគនយោបាយវិញ បានរិះគន់ថា គ្មានបក្សណាមួយ ដែលគិតពីប្រយោជន៍ជាតិ ជាធំនោះទេ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ឥស្សរជននយោបាយនៅក្នុងគណបក្សសង្គ្រោះជាតិ សុទ្ធសឹងតែជាអ្នកមានឧត្តមគតិ និងចំណេះដឹងខ្ពង់ខ្ពស់ ហើយគិតគូរពីប្រយោជន៍ជាតិ ជាចម្បង។ លោក សង្កត់ធ្ងន់ថា ឥស្សរជននយោបាយទាំងនោះ ដាច់ខាតមិនមែនជាបុគ្គល ដែលល្មោភអំណាចនិងតួនាទី នោះទេ។
អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ព្រោះគិតតែពីដណ្តើមតំណែងនេះហើយ បានជានាំឲ្យជាតិយើងបែកបាក់ នាំឲ្យប្រជាជនមានការឈឺចាប់។ យើង ដាច់ខាត មិនចម្លងវប្បធម៌ ដណ្តើមតំណែងគ្នានោះទេ»។
ការដណ្តើមតំណែង មិនអាចកើតឡើងនៅក្នុងគណបក្សសង្គ្រោះជាតិឡើយ។ ផ្ទុយមកវិញ គណបក្សសង្គ្រោះជាតិ នៅតែមានភាពសាមគ្គី និងភាពរឹងមាំ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោត នាពេលខាងមុខ។ នេះជាការអះអាងរបស់លោក យឹម សុវណ្ណ ដដែល។
ការលើកឡើងរបស់លោក យឹម សុវណ្ណ គឺដើម្បីឆ្លើយតបនឹងព័ត៌មាន ដែលលេចឮថា គណបក្សសង្គ្រោះជាតិ កំពុងតែបែកបាក់ផ្ទៃក្នុង ដោយសារតែដណ្តើមតំណែងគ្នា។ ព័ត៌មានអវិជ្ជមានទាំងនេះ បានកើតឡើងជាបន្តបន្ទាប់ ក្រោយពីឯកឧត្តម សម រង្ស៊ី លាលែងពីសមាជិកភាពនិងតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ កាលពីកន្លះខែមុន។ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ នឹងរៀបចំសមាជវិសាមញ្ញ ដើម្បីជ្រើសរើសប្រធាននិងអនុប្រធានថ្មី។
ដោយចាត់ទុកជារឿងផ្ទៃក្នុងរបស់អ្នកដទៃ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សូមមិនបកស្រាយអ្វីឲ្យវែងឆ្ងាយនោះទេ ទាក់ទងនឹងការលើកឡើងរបស់ លោក យឹម សុវណ្ណ ខាងលើ។ យ៉ាងណា លោក សុខ ឥសាន យល់ថា ការលើកឡើងរបស់លោក យឹម សុវណ្ណ ដែលអះអាងថា មិនចង់បានអំណាច ឬតួនាទី គឺផ្ទុយពីការពិត។
លោក បាននិយាយដូច្នេះថា៖«ការលើកឡើងនេះ គឺគ្រាន់តែជាការឃោសនានយោបាយ ដើម្បីបំភាន់ភ្នែកមហាជន ប៉ុណ្ណោះ។ ខ្ញុំ មិនជឿលើការនិយាយទេ តែខ្ញុំ មើលទៅលើភាពជាក់ស្តែង»។
ដោយឡែក លោក សូ ចន្ថា អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា មើលឃើញថា ក្នុងកាលៈទេសៈនេះ គណបក្សសង្គ្រោះជាតិ គ្មានជម្រើសអ្វី ក្រៅពីរួបរួមគ្នា ដើម្បីឈានទៅរកការបោះឆ្នោតនោះទេ។ លោក សង្កត់ធ្ងន់ថា ប្រសិនបើគណបក្សប្រឆាំងដ៏ធំមួយនេះ ពិតជាដណ្តើមតំណែងគ្នា ស្របពេលស្ថានភាពមិនសូវអំណោយផលបែបនេះ គឺជាការបង្ហាញចំណុចខ្សោយ ឲ្យបក្សកាន់អំណាច ឃើញ ហើយទីបំផុតបក្សកាន់អំណាច នឹងមានវិធីសាស្ត្រ ដើម្បីយកឈ្នះការបោះឆ្នោត ដដែល។
អ្នកវិភាគរូបនេះ បាននិយាយដូច្នេះថា៖«បើបក្សប្រឆាំង ដណ្តើមឬឈ្លោះគ្នាព្រោះអំណាច និងតួនាទីមែន វា នឹងផ្តល់ឱកាសឲ្យបក្សកាន់អំណាច ហើយបក្សកាន់អំណាច នឹងនៅតែដឹកនាំប្រទេសទៀត។ ដូច្នេះ ចង់មិនចង់ បក្សប្រឆាំងត្រូវតែអត់ទ្រាំ»។
យ៉ាងណា លោក សូ ចន្ថា បានរិះគន់គណបក្សដែលមានអាសនៈក្នុងរដ្ឋសភាទាំងពីរ មិនតិចនោះទេ។ លោក អះអាងថា អ្នកនយោបាយនៅកម្ពុជា គិតពីប្រយោជន៍បក្ស មុនប្រយោជន៍ជាតិ ប៉ុន្តែ នៅពេលប្រើវោហារសាស្ត្រក្នុងការឃោសនានយោបាយ ពួកគេ តែងតែអួតថា គិតប្រយោជន៍ជាតិជាចម្បង។
បើតាមការសង្កេតរបស់លោក សូ ចន្ថា ដោយសារតែអ្នកនយោបាយ គិតពីប្រយោជន៍បុគ្គលនិងប្រយោជន៍បក្សជាធំបែបនេះហើយ ទើបប្រទេសជាតិ ឧស្សាហ៍កើតជម្លោះផ្ទៃក្នុង។ លោក បញ្ជាក់ចុងក្រោយថា៖«ខ្ញុំមើលទៅ អ្នកនយោបាយស្រុកខ្មែរ ដូចជាមិនទាន់មានលក្ខណៈពេញលេញ ដែលគិតគូរពីប្រយោជន៍ជាតិ ពិតប្រាកដនោះទេ»៕
© រក្សាសិទ្ធិដោយ thmeythmey.com