ជាតិ
សេដ្ឋកិច្ច
ឆ្នាំ​២០១៦ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ ៥​លាន​នាក់ មក​ទស្សនា​កម្ពុជា​ ​
25, Feb 2017 , 4:58 pm        
រូបភាព
ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៦ មាន​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦  មាន​ចំនួន ៥.០១១.៧១២ នាក់ ដោយ​កើនឡើង​៥% ធៀប​នឹង​ឆ្នាំ​២០១៥​។ នេះ​បើតាម​របាយការណ៍​ស្ថិតិ​ទេសចរ​ប្រចាំឆ្នាំ​២០១៦ របស់​ក្រសួងទេសចរណ៍​។​



ភ្ញៀវទេសចរ​អន្តរជាតិ ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន ៥.០១១.៧១២ នាក់ ដោយ​កើនឡើង​៥% ធៀប​នឹង​ឆ្នាំ​២០១៥​។ នៅក្នុង​នោះ ភ្ញៀវទេសចរ​អន្តរជាតិ ធ្វើដំណើរ​តាមផ្លូវ​អាកាស មាន​ចំនួន ២.៧០៤.៣៦៧​នាក់ កើនឡើង ៩.២% ដោយ​តាម​ផ្លូវគោក មាន​ចំនួន ២.១៥៣.៩៣២​នាក់ និង​តាម​ផ្លូវទឹក មាន​ចំនួន ១៥៣.៤១៣​នាក់​។



ស្ថិតិ​ភ្ញៀវទេសចរ​ដែល​បង្ហាញ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងទេសចរណ៍ ក៏បាន​បញ្ជាក់​ពី​ទីផ្សារ​ទេសចរ​សំខាន់ៗ​ទាំង​១០ មក​កម្សាន្ត​នៅ​កម្ពុជា (​ឆ្នាំ​២០១៦ ធៀប​នឹង​ឆ្នាំ​២០១៦) មាន​ភ្ញៀវទេសចរ​វៀតណាម ថយចុះ ២.៨%, ចិន  កើនឡើង ១៩.៥%, ថៃ កើនឡើង ១៣.៨%, កូរ៉េ ថយចុះ ៩.៦%, ឡាវ ថយចុះ ៨.៩%, អាមេរិក កើនឡើង ៩.៧%, ជប៉ុន ថយចុះ ០.៩%, អង់គ្លេស កើនឡើង ៣.៤%, ម៉ាឡេស៊ី កើនឡើង ២.៣% និង​បារាំង កើនឡើង ៣.១%​។​

ភ្ញៀវទេសចរ​បរទេស ដែល​បានមក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា គឺ​មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​កើនឡើង ៣.៦% ក្នុងនោះ​មកពី​តំបន់​អាស៊ាន កើនឡើង ១.១%​។ ចំពោះ​តំបន់​អឺរ៉ុប កើនឡើង ៦.៩% និង​តំបន់​អាមេរិក កើនឡើង ១១.៩%​។​

ជាមួយគ្នានេះ ទេសចរ​អន្តរជាតិ (Internal Tourist)   បានមក​កម្សាន្ត​នៅ​តំបន់​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​រួមមាន​៖​តំបន់​សៀមរាប​អង្គរ តំបន់​ភ្នំពេញ តំបន់ឆ្នេរ​សមុទ្រ តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឦសាន និង​តំបន់​ប្រាសាទព្រះវិហារ​។ តំបន់​សៀមរាប​អង្គរ បានទទួល​ទេសចរ​បរទេស កើនឡើង ៣.៨% និង​តំបន់​ភ្នំពេញ ភ្ញៀវទេសចរ​បរទេស កើនឡើង ៥,៩%​ធៀប​នឹង​ឆ្នាំ​២០១៥​។ ចំណែកឯ តំបន់ឆ្នេរ​សមុទ្រ មាន​ភ្ញៀវទេសចរ​អន្តរជាតិ កើនឡើង ៥.៤%  រួមទាំង​តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឦសាន ភ្ញៀវទេសចរ​អន្តរជាតិ កើនឡើង ៤.៩% និង​តំបន់​ប្រាសាទព្រះវិហារ ភ្ញៀវទេសចរ កើនឡើង ៣៤.៧%​។

គួរបញ្ជាក់ សម្រាប់​ភ្ញៀវទេសចរ​ជាតិ​កម្ពុជា បាន​ចេញទៅ​ក្រៅប្រទេស មាន​ចំនួន ១.៤៣៤.០៣០​នាក់ កើនឡើង ២០.១% ធៀប​នឹង​ឆ្នាំ​២០១៥៕

© រក្សាសិទ្ធិដោយ thmeythmey.com