ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ល្ខោនស្បែក​ធំ​របស់​ស​មាគម​គោកធ្លក​បាន​ទាក់​អារម្មណ៍​អ្នកទស្សនា​យ៉ាង​ជក់ចិត្ត​
26, Feb 2017 , 9:53 am        
រូបភាព
ភ្នំពេញ​៖ ការសម្តែង​ល្ខោន​ស្រមោល​ស្បែក​ធំ​នា​យប់​ថ្ងៃទី​២២​ខែកុម្ភៈ​បានបញ្ចប់​ដោយ​ជោគជ័យ​ក្រោម​សំឡេង​ទះដៃ​សាទរ​យ៉ាង​កងរំពង​នៃ​អ្នកទស្សនា​ជាច្រើន​រយ​នាក់​ដែល​ភាគច្រើន​គឺជា​យុវជន​។ អ្នកទស្សនា សុទ្ធតែ​ចង់​ឲ្យ​ការសម្តែង​ដ៏​កម្រ​នេះ កើត​ឡើងជា​ញឹកញាប់​ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​ទម្រង់​ល្ខោន​បុរាណ​ខ្មែរ​ដែលមាន​អាយុ​តាំង​ពីមុន​សម័យអង្គរ​មកនេះ​។​


​កាលពី​យប់​ថ្ងៃទី​២២​កុម្ភៈ បណ្ណាល័យ​ជាតិ​មាន​សភាព​អ៊ូរ​អ​ខុសពី​ថ្ងៃ​ធម្មតា​។ តាំងពី​ម៉ោងជាង​៦​ល្ងាច មនុស្សម្នា​ដែល​ភាគច្រើន​ជា​យុវជន​បាន​ដើរចូល​ទៅក្នុង​បរិវេណ​នៃ​បណ្ណាល័យ​ជាតិ​តម្រង់​ឆ្ពោះទៅរក​កៅអី​ប្លា​ស្ទីក​ពណ៌​ផ្ទៃមេឃ​ស្រាល​ប្រមាណ​២០០ ដែលមាន​មនុស្ស​អង្គុយ​ស្ទើរ​ពេញ​អស់​ទៅហើយ​។ កៅអី​ទាំងនោះ​ត្រូវបាន​រៀប​ជា​ជួរ​យ៉ាង​មាន​របៀប ចំងាយ​ប្រមាណ​១០​ម៉ែត្រ​ពី​ផ្ទាំងសំពត់ស​ទំហំ​៤​ម៉ែត្រ គុណ​នឹង​១២​ម៉ែត្រ ដែល​ត្រូវ​បានគេច​ង​បញ្ឈរ​ភ្ជាប់​នឹង​បង្គោល​ដែក​ពីរ​យ៉ាង​មាំ​។ ម៉ោង​៦​កន្លះ​ល្ងាច​ហើយ ពន្លឺព្រះអាទិត្យ​បាន​រលាយបាត់ ធ្វើ​ឲ្យ​ពន្លឺ​អំពូល​ហ្វា​អគ្គិសនី​ដែល​គេ​ដាក់​បាញ់​ពី​ផ្នែក​ខាងក្រោយ​នៃ​ផ្ទាំង​ក្រណាត់ស​នោះ កាន់តែ​ភ្លឺ​ច្បាស់ ហើយ​វា​ក៏បាន​ជះ​ពន្លឺ​ព្រឿងៗ​ចូល​មុខ​ក្រុមមនុស្ស​នៅ​ម្ខាង​ទៀត​ដែល​កាន់​តែមាន​ចំនួន​ច្រើនឡើងៗ​។ កៅអី​ត្រូវបាន​បំពេញ​អស់ហើយ ដូច្នេះ​អ្នក​ដែល​មកជា​បន្តបន្ទាប់​ត្រូវ​ឈរ​សម្លឹង​ទៅ​ផ្ទាំង​ក្រណាត់​ដែលមាន​ពន្លឺ​អគ្គិសនី​ចាំង​ពីក្រោយ​នោះ​។​



មិនមែន​ជាការ​បញ្ចាំង​កុន​ឡើយ តែ​ជាការ​ត្រៀម​សម្តែង​ល្ខោន​ស្រមោល​ស្បែក​ធំ រឿង​រាមកេរ្តិ៍ របស់​ក្រុម​សមាគម​សិល្បៈ​គោគធ្លក​។ ក្រុម​អ្នក​សម្តែង​មាន​ទាំងប្រុស មាន​ទាំងស្រី ប្រមាណ​៣០​នាក់ រួមទាំង​អ្នកភ្លេង​បុរាណ​ផង ដែល​កំពុង​អង្គុយ​ជុំគ្នា​ប្រគំ​បទ​ភ្លេងបុរាណ​យ៉ាង​រងំ ដើម្បី​កំដរ​អ្នកទស្សនា ដែល​នៅ​រង់ចាំ​ការសម្តែង​ចាប់ផ្តើម​។ សិល្បករ សិល្បការិនី ដែល​ស្លៀក​សម្លៀកបំពាក់​បុរាណ​ផង​នោះ បានបង្ហាញ​អារម្មណ៍​ប្រយ័ត្នប្រយែង​កាន់តែខ្លាំង នៅពេលដែល​អ្នកទស្សនា​កាន់តែ​កើនឡើង ហើយ​ក៏មាន​វត្តមានរ​ដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ គឺ​លោកស្រី ភឿង ស​កុ​ណា លោក​ឯកអគ្គរដ្ឋទូត​បារាំង និង​ភរិយា និង​ភ្ញៀវ​អ្នកមុខអ្នកការ​មួយចំនួន​ទៀតផង​។​

ល្ខោន​ស្រមោល​ស្បែក​ធំ​របស់​ខ្មែរ​ដែលមាន​កំណើត​តាំង​ពីមុន​សម័យអង្គរ ត្រូវបាន​ចុះឈ្មោះ​ចូលក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​របស់​អង្គការ​យូណេស្កូ​នៅ​ឆ្នាំ​២០០៥​។ ប៉ុន្តែ​ការសម្តែង​ល្ខោន​ស្រមោល​ស្បែក​ធំ​មិនមាន​ទូលំទូលាយ​ឡើយ​នៅក្នុង​ប្រទេស​កម្ពុជា​។ មានតែ​សមាគម ឬ​អង្គការ​សិល្បៈ​តិចតួច​បំផុត​ដែល​បាន​បើក​សម្តែង​ល្ខោន​ស្រមោល​ដោយ​លក់​សំបុត្រ ហើយក៏​មិន​ងាយ​មានការ​គាំទ្រ​ច្រើន​ដែរ​។​

លោក ភឿង កុម្ភៈ ប្រធាន​សមាគម​សិល្បក​រ​គោកធ្លក​បាន​ផ្សងព្រេង​យ៉ាងខ្លាំង​ដោយបាន​ចំណាយពេល​៣​ឆ្នាំ​មកហើយ ដើម្បី​សិក្សា និង​សម្រួល​រឿង​រាមកេរ្តិ៍​ពី​ដើម​ដល់​ចប់ មក​នៅត្រឹម​ការសម្តែង​តែ​៤​ម៉ោង​កន្លះ​។ ទន្ទឹមគ្នានេះ លោក កុម្ភៈ ក៏បាន​ចំណាយ​ប្រាក់កាស​ខ្លួនឯង​ជាច្រើន ជាមួយ​ថវិកា​ជំនួយ​ពី​មូលនិធិ​បរទេស និង​យូណេស្កូ ដើម្បី​ផលិត​រូប​អាយ៉ង​ស្បែក​ចំនួន​២៦០​សន្លឹក​ដ៏​មានតម្លៃ​។​



នៅពេលដែល​ប្រធាន​សមាគម​សិល្បករ​គោគធ្លក​បាន​លះបង់​ពេលវេលា​ដើម្បី​បង្កើត​ឲ្យ​មានការ​សម្តែង​ល្ខោនស្បែក​ធំ​យ៉ាង​ដូច្នេះ នោះ​គឺ​ដោយសារ​លោក​មានបំណង​ច្បាស់លាស់​។ បុរស​វ័យ​៤០​ឆ្នាំ ដែល​បាន​អង្គុយ​បញ្ជា​អក្សរ​បកប្រែ​ជា​ភាសា​អង់គ្លេស​នូវ​ខ្លឹមសារ និង​ការសន្ទនា​នៅក្នុង​សាច់រឿង​ទៅលើ​ផ្ទាំង​កំណាត់​ស សម្រាប់​អ្នកទស្សនា​ជា​ជនបរទេស​នោះ បាន​រៀបរាប់​ប្រាប់​អ្នកកាសែត​យ៉ាង​ម៉ឺងម៉ាត់​យ៉ាង​ដូច្នេះ​៖«​ទីមួយ​គឺ​ការបង្ហាញ និង​ផ្សព្វផ្សាយ​ទម្រង់​ល្ខោន​ស្រមោល​ស្បែក​ធំ​របស់​ខ្មែរ កុំ​ឲ្យ​មានតែ​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ​។ ទី​២ គឺ​ដើម្បី​បង្ហាញ​សាច់រឿង​រាមកេរ្តិ៍ តាម​លក្ខណៈ​ងាយ​យល់​ឆាប់​ចងចាំ ទៅដល់​សិស្ស និស្សិត និង​ពលរដ្ឋ​ខ្មែរ និង​ទី​៣ គឺ​ការលើកទឹកចិត្ត និង​ផ្តល់​ការងារ​ដល់​សិល្បករ​សិល្បការិនី​នៃ​ល្ខោនស្បែក​ដែលមាន​មិន​ច្រើន​នោះ​»​។​

ម៉ោង​៧​យប់​មកដល់ ការសម្តែង​បានចាប់ផ្តើម​តាម​ការគ្រោងទុក បន្ទាប់ពី​សុន្ទរកថា​ចំនួន​ពីរ​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​អ្នកផ្តល់ជំនួយ​ដល់​គម្រោង​រាមកេរ្តិ៍​នេះ​។ សំឡេង​ទះដៃ​សាទរ ស្វាគមន៍​ពី​អ្នកទស្សនា បាន​បន្លឺឡើង​ប្រណាំង​គ្នា​ជាមួយនឹង​សំឡេង​ភ្លេងបុរាណ​ដែល​នាំមុខ​ដោយ​សំឡេង​ស្គរធំ​ពីរ និង​ការ​ពោល​រម្លឹក​គុណគ្រូ​ឲ្យ​ជួយ​ឲ្យ​ការសម្តែង​ទទួលបាន​ជោគជ័យ​។ ការសម្តែង​មាន​រយៈពេល​តែ​១​ម៉ោង​ប៉ុណ្ណោះ ដែល​គ្រាន់តែ​ជាការ​បង្ហាញ​ផ្នែក​មួយ​នៃ​រឿង​រាមកេរ្តិ៍​។

ជា​ទម្រង់​ល្ខោន​បុរាណ​មែន ប៉ុន្តែ​ទស្សនិកជន​បាន​ទស្សនា​យ៉ាង​យកចិត្តទុកដាក់ ហើយ​ថែមទាំង​បានបង្ហាញ​ក្តី​រីករាយ សើច​សប្បាយ​នៅក្នុង​ឈុត​ឆាក​ខ្លះ​ដោយសារ​ការ​ពោល​បញ្ចូល​សំឡេង​ដ៏​ប៉ិនប្រសព្វ​របប​ស់​ក្រុម​សិល្បករ​សិល្បការិនី​។ ក្នុងពេល​សម្តែង ក្រុម​សិល្បករ​ទាំងអស់​ពិតជា​បាន​នាំ​អារម្មណ៍​អ្នកទស្សនា ឲ្យ​ចាក​ចេញពី​សម័យ​ទំនើប​បច្ចុប្បន្ន​ដែល​ពោរពេញ​ដោយ​ភ្លើងពណ៌ និង​អគារ​ខ្ពស់ៗ ទៅក្នុង​សម័យមុន​សត​វត្សរ៍​ទី​១២​។ អ្នកទស្សនា​ជាច្រើន បាន​លើក​ទូរ​សព្ទ​របស់​ពួកគេ​ផ្តិត​យក​រូបភាព​នៃ​ការសម្តែង​ទុក​យ៉ាង​មោទនៈ​ទៀតផង​។ រយៈពេល​មួយ​ម៉ោង​បាន​កន្លងផុត​យ៉ាង​លឿន​។ ការសម្តែង​បានបញ្ចប់​។​



លោក ប៊ូ ចាន់ថន ជា​មន្ត្រីរាជការ បាន​នាំ​ក្រុមគ្រួសារ​មក​ទស្សនាការ​សម្ដែង​ល្ខោន​ស្រមោល​ស្បែក​ធំ​នេះ​ផងដែរ​។ ក្រោយពី​ទស្សនា​ការសម្ដែង​អស់​រយៈពេល​១​ម៉ោង លោក ប៊ូ ចាន់ថន និយាយថា​៖  «​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូនតា​ខ្មែរ បាន​បន្សល់ទុក​ស្នាដៃ​សិល្បៈ​ដ៏​ល្អ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បាន​ស្គាល់​»​។ ឈរ​នៅ​ចំពោះមុខ​ភរិយា និង​កូនប្រុស​ស្រី​ចំនួន​២​នាក់ លោក ចាន់ថន រៀបរាប់​បន្តទៀតថា​៖ «​ការនាំ​គ្រួសារ​មក​ទស្សនា​នេះ គឺ​ខ្ញុំ​ចង់​ឲ្យ​ពួកគាត់​បាន​យល់ និង​ស្គាល់​។ ជាពិសេស​ខ្ញុំ​ត្រូវ​បណ្ដុះ​គ្រាប់ពូជ​តាំងពីក្មេង​ឲ្យ​បាន​ជ្រាប​ច្បាស់​ពី​ទម្រង់​សិល្បៈ​ល្ខោនស្បែក​ធំ​មួយ​នេះ​»​។

ល្ខោន​ស្រមោល​ស្បែក​ធំ​នេះ ត្រូវបាន​សម្ដែង​ជូន​សាធារណជន​ដោយ​ឥតគិតថ្លៃ​។ ប៉ុន្តែ​សម្រាប់​លោក ចាន់ថន បើសិនជា​មានការ​សម្ដែង​ដោយមាន​លក់​សំបុត្រ លោក ចាន់ថន ក៏​នៅតែ​ចូលរួម​គាំទ្រ​ការសម្ដែង​នេះ​បន្តទៀត​។ ជា​មន្ត្រីរាជការ លោក ប៊ូ ចាន់ថន យល់ថា ការសម្ដែង​ល្ខោន​ស្រមោល​ស្បែក​ធំ​រឿង​រាមកេរ្តិ៍​ឈុត​នេះ មាន​ទាំង​រឿង​ប្រវត្តិសាស្ត្រ រឿង​កលល្បិច រួមទាំង​រឿង​កំប្លែង ដែល​កម្សាន្ត​អារម្មណ៍​អ្នកទស្សនា​ផងដែរ​។

ជា​សិល្បករ​ដែល​បាន​សម្ដែង​ល្ខោន​ស្រមោល​ស្បែក​ធំ​នេះ លោក ប៉ុក ឌី​រ៉ា​ម៉ា បាន​លើកឡើងថា ការចូលរួម​របស់​ទ​ស្ស​និក​ជន បានធ្វើ​ឲ្យ​សិល្បករ​មាន​កម្លាំងចិត្ត ដើម្បី​បន្ត​ការសម្ដែង​បន្តទៀត​។ សិល្បករ​រូបនេះ បន្តថា សំឡេង​សាទរ សំឡេង​ទះដៃ ដែល​បន្លឺឡើង​តាម​ចង្វាក់ភ្លេង បាន​បង្ហាញថា អ្នកទស្សនា​ពិតជា​បាន​ចូលរួម​ជាមួយនឹង​ការសំដែង​យ៉ាង​ចិត្ត​ទុកដាក់​។ និយាយ​ទាំង​ទឹកមុខ​ញញឹម ដោយ​សម្លៀកបំពាក់​សើម​ជោគ​ដោយ​ញើស​ពេញ​ខ្លួន លោក ប៉ុក ឌី​រ៉ា​ម៉ា និយាយ​យ៉ាង​ដូច្នេះ​៖«​ការសម្ដែង​នេះ សិល្បករ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន និង​មាន​ភាពម្ចាស់ការ​ដោយ​ខ្លួនឯង ដោយមាន​ការផ្ដោត​អារម្មណ៍​ជាមួយនឹង​រូប​ស្បែក រួមទាំង​ភ្លេង​។ ជាពិសេស ត្រូវការ​ប្រមូល​អារម្មណ៍ និង​ការប្រើប្រាស់​កម្លាំង​» ។​



លោក ប៉ុក ឌី​រ៉ា​ម៉ា ដែលជា​សិល្បករ​ប្រឡូក​ក្នុង​វិស័យ​សិល្ប​បុរាណ​ខ្មែរ អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ  មាន​អារម្មណ៍​សប្បាយរីករាយ និង​ពេញចិត្ត​ខ្លាំង នៅពេលដែល​ទស្សនិកជន​ឲ្យ​ត​ម្លែ​សិល្បៈ​បុរាណ​របស់​ខ្មែរ​។ លោក ឌី​រ៉ា​ម៉ា ចង់​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ជួយ​ថែរក្សា ការពារ​អភិរក្ស​ទម្រង់​ល្ខោន​មួយ​នេះ ផងដែរ​។ សិល្បករ​ដែល​សម្ដែង​រួមទាំង​អ្នក​ប្រគំ​ភ្លេងពិណពាទ្យ ការ​ពោល និង​ស្មូត មាន​គ្នា​ប្រមាណ ៣០​នាក់ ដោយ​ចេញ​ឈុត​មួយ​ទៅមួយ មាន​ភាពរហ័សរហួន ក្នុង​ការលើក​ស្បែក​យកមក​សម្ដែង​ជា​បន្តបន្ទាប់​។​

កំពុង​ឈរ​ទស្សនា​ការសម្ដែង កញ្ញា យឹម ចម បាន​ទស្សនា​ការសម្ដែង​ដោយ​យកចិត្ត​ទុក និង​បាន​ផ្ដោតទៅលើ​សាច់រឿង​។ នេះ​ជា​លើក​ទី​១ ដែល​កញ្ញា​បាន​ទស្សនាការ​សម្ដែង​ល្ខោន​នេះ​។ កញ្ញា យឹម ចម ជា​គរុ​និស្សិត បាន​រៀបរាប់ថា​៖ «​ការ​មក​ទស្សនា​ល្ខោន​នេះ គឺ​ខ្ញុំ​ចង់​ស្វែងយល់​ពី​ទម្រង់​ល្ខោន​មួយ​នេះ ហើយ​ខ្ញុំ​ក៏​ផ្ដោត​សំខាន់​លើ​សាច់រឿង​ដែរ ព្រោះ​ខ្ញុំ​ចូលចិត្ត​រឿង​រាមកេរ្ដិ៍​»​។ គរុ​និស្សិត​រូបនេះ​ចាប់អារម្មណ៍​លើ​ការសម្ដែង​ដ៏​ម៉ត់​ហ្មត់​របស់​សិល្បករ សិល្បការិនី និង​ការ​ពោល​និយាយ​ពី​វគ្គ​មួយ​ទៅ​វគ្គ​មួយ ដ៏​អស្ចារ្យ​។ កញ្ញា យឹម ចម សន្យាថា កញ្ញា​នឹង​ផ្សព្វផ្សាយ​អំពី​ទម្រង់​ល្ខោន​នេះ​ទៅ​អ្នក​ជុំវិញ​របស់​កញ្ញា​។ «​ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់ ខ្ញុំ​សប្បាយចិត្ត នៅពេលដែល​ល្ខោន​ខ្មែរ​បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​របស់​មនុស្សជាតិ​នៃ​អង្គការ​យូណេស្កូ​»​។ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា យឹម ចម​។​

ការគាំទ្រ​របស់​ទស្សនិកជន គឹជា​ថ្នាំ​លើកទឹកចិត្ត​ដល់​សិល្បករ​។ ប្រធាន​សមាគម​សិល្បក​រ​គោគធ្លក​ក៏បាន​ភ្ញាក់ផ្អើល​នឹង​វត្តមាន​របស់​ទស្សនិកជន​ដែល​បានមក​ទស្សនា​ការសម្តែង​ល្ខោនស្បែក​ធំ​របស់​ក្រុម​លោក​ដែរ​។ សម្រាប់​លោក ភឿង កុម្ភៈ ការគាំទ្រ​នេះហើយ​ដែល​មានន័យ​ស្មើនឹង​ការថែរក្សា​អភិរក្ស​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ​នោះ​។​

កម្ពុជា​សម័យ​បច្ចុប្បន្ន​ត្រូវការ​កម្លាំង​អ្នកថែរក្សា និង​គាំទ្រ​សិល្បៈ​វប្បធម៌​កាន់តែច្រើន​ថែមទៀត ដ្បិត​វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com