ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​បង្កើត​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​ប្រចាំ WTO
27, Feb 2017 , 8:19 pm        
រូបភាព
ពេជ ឬទ្ធី អគ្គរាជទូតប្រចាំWTO។ រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
ពេជ ឬទ្ធី អគ្គរាជទូតប្រចាំWTO។ រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​បង្កើត​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​ថ្មី​មួយ​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយ​អង្គរការ​អន្តជាតិ​នានា និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​។​



​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ដែល​ចុះ​ថ្ងៃទី​២១​ខែកុម្ភៈ បានសម្រេច​បង្កើត​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​មួយ​ប្រចាំ WTO ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ ដែលមាន កញ្ចប់​ថវិកា​ស្ថិតក្រោម​ក្រសួងពាណិជ្ជកម្ម​នេះ ត្រូវ​ដឹកនាំ​ដោយ​ប្រធាន​មួយរូប​មាន​ឋានៈ​ជា​អគ្គរាជទូត រួមទាំង​មន្ត្រី​ទូត និង​មន្ត្រី​បច្ចេកទេស​សរុប​ចំនួន ៥​រូប​។ លោក ពេ​ជ ឬ​ទ្ធី គឺជា​ប្រធាន​ស្ថាន​បេសកកម្ម​នេះ​។​

​ស្ថាន​បេសកកម្ម​ចិ​ន្ត្រៃ​យ៍​នេះ មាន​ភារកិច្ច​ទទួលបន្ទុក​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​អន្តរជាតិ​នានា ពិសេស​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោកស្រី សឿង សុ​ផា​រី បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការបង្កើត​ស្ថាន​បេសកកម្ម​ចិ​ន្ត្រៃ​យ៍​នេះ​ឡើង គឺជា​ការបង្កើន​ចំនួន​មន្ត្រី និង​ឋានៈ​មន្ត្រី​រដ្ឋាភិបាល ដែល​បំពេញការងារ​នៅ WTO ដើម្បី​ឆ្លើយតប​នឹង​ទំហំ​ការងារ​នាពេល​បច្ចុប្បន្ន​។ លោកស្រី​ឲ្យ​ដឹងថា មុន​បង្កើត​ស្ថាន​បេសកកម្ម​នេះ រដ្ឋាភិបាល​មាន​មន្ត្រី​ធ្វើជា​តំណាង​នៅ WTO តែ​ពីរ​នាក់​យ៉ាងច្រើន ដែល​មិនអាច​រ៉ាប់រង​ការងារ​ដែល​កាន់​តែមាន​វិសាលភាព​ជាង​មុន​។​

​បើតាម​លោកស្រី សឿង សុ​ផា​រី ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នេះ នឹង​បំពេញ​តួនាទី​យ៉ាងសំខាន់​លើ​កិច្ចការ​សម្របសម្រួល​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ដែល​កម្ពុជា​ទទួល​ធ្វើជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស LDC ក្រោម​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក សម្រាប់​រយៈពេល​ចាប់ពី​ខែកុម្ភៈ​ឆ្នាំ​២០១៧ ដល់​ខែកុម្ភៈ​ឆ្នាំ​២០១៨ ៕


Tag:
 ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​ប្រចាំ WTO
  រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com