អន្តរជាតិ
បក្សប្រឆាំង​កូរ៉េខាងត្បូង ចង់​ទម្លាក់​ប្រធានាធិបតី​ស្ដីទី ព្រោះ​កាន់ជើង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ
27, Feb 2017 , 8:39 pm        
រូបភាព
ក្រុមបក្សប្រឆាំងកូរ៉េខាងត្បូង ចង់បោះឆ្នោតទម្លាក់លោក Hwang Kyo-ahn ពីតំណែងប្រធានាធិបតីស្ដីទី (រូបថត Xinhua)
ក្រុមបក្សប្រឆាំងកូរ៉េខាងត្បូង ចង់បោះឆ្នោតទម្លាក់លោក Hwang Kyo-ahn ពីតំណែងប្រធានាធិបតីស្ដីទី (រូបថត Xinhua)
​ក្រុម​គណបក្សប្រឆាំង​មាន​និន្នាការ​សេរីនិយម​នៅ​កូរ៉េខាងត្បូង និយាយ​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ថា ពួកគេ​នឹង​ជំរុញ​ឲ្យ​មានការ​បោះឆ្នោត​ទម្លាក់​លោក Hwang Kyo-ahn ពី​តំណែង​ប្រធានាធិបតី​ស្ដីទី ព្រោះ​លោក​បដិសេធ​ពង្រីក​វិសាលភាព​នៃ​ការស៊ើបអង្កេត​ឯករាជ្យ​ក្នុងករណី​ពុករលួយ ដែល​ពាក់ព័ន្ធ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ។ ក្រុមប្រឆាំង បាន​ហៅ​ការសម្រេចចិត្ត​នេះ ជា​រឿង​ដ៏​អាក្រក់ តែ​លោក Hwang Kyo-ahn ពន្យល់​មូលហេតុ​ថា ក្រុម​អ្នកស៊ើប​អង្កេត បាន​បំពេញការងារ​របស់ខ្លួន​រូ​ចរាល់​ហើយ​។​



​គណបក្ស​ប្រជាធិបតេយ្យ ដែលជា​បក្សប្រឆាំង​ដ៏​ធំ​របស់​កូរ៉េខាងត្បូង និយាយថា ខ្លួន​នឹង​ស្វែងរក​ការទម្លាក់​នាយករដ្ឋមន្ត្រី Hwang Kyo-ahn ពី​ប្រធានាធិបតី​ស្ដីទី ដោយមាន​ការសហការ​ជាមួយ​គណបក្សប្រឆាំង​៣​ទៀត​។ បន្ថែម​ពី​នោះ គណបក្ស​ប្រជាជន ក៏​នឹង​រុញ​ផែនការ​ទម្លាក់​តំណែង​នេះដែរ ក្រោយ​កិច្ចពិភាក្សា​រវាង​សមាជិកសភា​បក្ស​របស់​ខ្លួន​មក​នោះ​។

​ក្រុមប្រឆាំង​កូរ៉េខាងត្បូង ខឹងសម្បារ​យ៉ាងខ្លាំង ក្រោយ​ប្រធានាធិបតី​ស្ដីទី Hwang Kyo-ahn សម្រេចចិត្ត​មិន​បន្ត​ការស៊ើបអង្កេត​សំណុំរឿង​ពុករលួយ​របស់លោក​ស្រី ប៉ាក ហ្គឺ​ន​ហេ ។ លោក Hong Kwon-heui អ្នកនាំពាក្យ​លោក Hwang Kyo-ahn បញ្ជាក់ថា លោក​ប្រធានាធិបតី​ស្ដីទី​បដិសេធ​ការពង្រីក​ការស៊ើបអង្កេត ព្រោះ​ក្រុម​រដ្ឋអាជ្ញា​ពិសេស បានធ្វើការ​ងា​របស់ខ្លួន​រួចរាល់ ហើយ​វា​ទាក់ទង​ផលប្រយោជន៍​ប្រទេសជាតិ ដែល​ការស៊ើបអង្កេត​ត្រូវ​បញ្ចប់​ត្រឹមនេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ផ្សាយ​ថា ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​៤​មាន​សំឡេង​នៅ​សភា នឹង​ជួប​ពិភាក្សាគ្នា​ពី​ជំហាន​បន្ទាប់​ពាក់ព័ន្ធ​រឿង​បោះឆ្នោត​ទម្លាក់​លោក Hwang Kyo-ahn ។ សមាជិកសភា​បក្សប្រឆាំង​មិន​ពេញចិត្ត​ការសម្រេចចិត្តរ​ប​ស់លោក Hwang ដែល​បិទ​បញ្ចប់​ការស៊ើបអង្កេត​ត្រឹមនេះ​។ ពួកគេ​ចាត់ទុក​ទង្វើ​របស់លោក​ប្រធានាធិបតី​ស្ដីទី​រូបនេះ ជា​រឿង​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែលជា​ការប្រឆាំង​នីតិរដ្ឋ គ្រាន់តែ​ដើម្បី​ការពារ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ។​

​សំណុំរឿង​ពុករលួយ ដែល​ឈានដល់​ការបោះឆ្នោត​ទម្លាក់​តំណែង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ បាន​ផ្ទុះ​ចេញ​កាលពី​ឆ្នាំមុន​។ លោកស្រី ប៉ាក ត្រូវបាន​ចោទប្រកាន់ថា​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មិត្ត​ជិតស្និទ្ធ Choi Soon-sil ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ធំៗ​ឲ្យ​បង់ប្រាក់​ចូល​ហោប៉ៅ​ផ្ទាល់ខ្លួន​។ លោកស្រី ក៏បាន​បណ្ដែតបណ្ដោយ​ឲ្យ​មិត្តភក្តិ​ចូល​លាន់​កិច្ចការរដ្ឋ​ទៀតផង​។ ពេលនេះ​តុលាការ​ធម្មនុញ្ញ កំពុងដំណើរការ​ក្ដី​សម្រេច​ថា ការទម្លាក់​តំណែង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ មាន​សុពលភាព​ឬ​យ៉ាងណា​។​

​ក្រោយ​ការទម្លាក់​លោកស្រី ប៉ាក លោក Hwang Kyo-ahn ដែលជា​នាយករដ្ឋមន្ត្រី ក៏​ក្លាយជា​ប្រធានាធិបតី​ស្ដីទី​តែម្ដង និង​បាន​ដឹកនាំ​ការងារ​ជំនួស​លោកស្រី ប៉ាក អំឡុងពេល​សវនាការ​នេះ​។ ដោយសារ​ធ្លាប់​នៅក្រោម​ការដឹកនាំ​របស់​លោកស្រី ប៉ាក ក្រុមប្រឆាំង​ក៏​ចោទ​លោក Hwang Kyo-ahn ថា​ជួយ​ការពារ​អតីត​មេ​កើយ​របស់ខ្លួន​។ រឿងរ៉ាវ​នេះ ក៏​រាលដាល​ដល់​ការចាប់ខ្លួន​នាយក​ក្រុមហ៊ុន Samsung ទៀតផង​៕  


Tag:
 កូរ៉េខាងជើង​
  Park Geun-hye
  Hwang Kyo-ahn
© រក្សាសិទ្ធិដោយ thmeythmey.com