កីឡាជាតិ
ជាតិ
អ្នកលេងគុនខ្មែរ មឿន សុខហ៊ុច ចាញ់កីឡាករជនជាតិបារាំងក្នុងជុំទី១នៅថៃ
× អ្នកលេងគុនខ្មែរកីឡាករ មឿន សុខហ៊ុច បានប្រកួតចាញ់កីឡាករជនជាតិបារាំង Guillaunme Pascal ដោយពិន្ទុក្នុងជុំទី១នាការប្រកួតដណ្តើមខ្សែក្រវាត់មាសក្នុងកម្មវិធី Max Muay Thai កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ នៅប្រទេសថៃ។ ការបរាជ័យនេះធ្វើឲ្យម្ចាស់ខ្សែក្រវាត់កម្រិតប្រាក់រូបនេះធ្លាក់ចេញពីកម្មវិធីនេះតែម្តង។
ម្ចាស់ខ្សែក្រវាត់កម្រិតប្រាក់ Max Muay Thai របស់កម្ពុជា មឿន សុខហ៊ុច បានបាត់បង់ឱកាសប្រជែងដណ្តើមយកខ្សែក្រវាត់មាស និងទឹកប្រាក់ជិត៣ដុល្លារ(១លានបាត) ក្រោយចាញ់កីឡាករជនជាតិបារាំង Guillaunme Pascal ដោយពិន្ទុក្នុងជុំទី១កាលពីថ្ងៃទី២៦ កុម្ភៈ ម្សិលមិញ។
ការប្រកួតដែលធ្វើនៅលើសង្វៀនផាតាយ៉ាប្រទេសថៃតាមរូបមន្តម៉ារ៉ាតុន កីឡាករកម្ពុជា មឿន សុខហ៊ុច ក្នុងទឹកទី១បានព្យាយាវាយប្តូរកែង និងប្រើជើងទាត់យ៉ាងច្រើនទៅលើកីឡាករ Pascal ប៉ុន្តែត្រូវបានសងមកវិញនូវកណ្តាប់ដៃ និងជង្គង់ពី Pascal។ ការព្យាយាមប្រើជើងរបស់ សុខហ៊ុច ត្រូវ Pascal ធ្វើឲ្យដួល៣ដងក្នុងទឹកទី១នេះ។
តាមរយៈការមានប្រៀបទាំងមាឌ និងកម្ពស់ Pascal គ្រាន់តែស្នូរជួងទឹកទី២ចាប់ផ្តើមបានហក់មកវាយសង្គ្រប់យ៉ាងខ្លាំងមកលើ សុខហ៊ុច តែយ៉ាងណា សុខហ៊ុច បានព្យាយាមបោះកែង និងប្រជើងទាត់មកលើកីឡាករជនជាតិបារាំងនេះផងដែរ។ ការវាយសម្រុករបស់ Pascal នេះបានធ្វើឲ្យ សុខហ៊ុច មានឱកាសប្រើកែងបកចំនួន៣ដងមកលើ Pascal។ ប៉ុន្តែការសង្គ្រប់នេះបានធ្វើឲ្យកីឡាករកម្ពុជាហាក់ថមថយកម្លាំង ដែលជាឱកាសរបស់ Pascal ក្នុងការប្រើកណ្តាប់ និងជង្គង់ពេញៗមកលើ សុខហ៊ុច។
ក្នុងទឹកទី៣ កីឡាករ មឿន សុខហ៊ុច បានព្យាយាមប្រើកណ្តាប់ដៃ កែងយ៉ាងច្រើន ប៉ុន្តែហាក់ដូចមិនចំគោលដៅបានល្អ បន្ទាប់ពី Pascal ព្យាយាមបិទ។ ការថមថយកម្លាំងបានធ្វើឲ្យជំហរបស់ សុខហ៊ុច មានភាពទន់ដែលជាហេតុធ្វើឲ្យ Pascal ទាត់ និងបោកឲ្យដួលជាច្រើនលើក។ ទោះបី សុខហ៊ុច ព្យាយាមបិទ និងវាយបកយ៉ាងណាក៏ដោយ ប៉ុន្តែមិនអាចទប់នឹងកណ្តាប់ដៃ និងជង្គង់ដ៏ខ្លាំងរបស់ Pascal។
ភាពទន់ជ្រាយ និងការដួលច្រើនលើកគួបផ្សំនឹងការវាយមិនចំគោលដៅរបស់ សុខហ៊ុច បានធ្វើឲ្យរូបគេត្រូវបានអាជ្ញាកណ្តាលកាត់ក្តីឲ្យចាញ់កីឡាករជនជាតិបារាំង Pascal ដោយពិន្ទុតែម្តង។ ការបរាជ័យនេះធ្វើឲ្យ សុខហ៊ុច ធ្លាក់ចេញពីវិធីនេះតែម្តង៕
Tag:
ប្រដាល់
មឿន សុខហ៊ុច
Muay Thai
© រក្សាសិទ្ធិដោយ thmeythmey.com