អន្តរជាតិ
ប្រទេស​អាស៊ាន វៀតណាម ហ្វីលីពីន ថៃ​... អាចនឹងទទួល​បាន​ជំនួយ​សម្ភារ​យោធា​ពី​ជប៉ុន
27, Feb 2017 , 3:31 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ដែលជា​សមាជិក​មួយ​នៃ​អាស៊ាន​បូក​បី  កំពុងតែ​ព្យាយាម​បញ្ចេញ​តួនាទី និង​ឥទ្ធិពល​ខ្លួន ជាពិសេស​នោះ​លើ​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយនឹង​បណ្តា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​។ អ្វី​ជាស​ញ្ញា​គួរកត់សម្គាល់​នោះ ក្រុង​តូ​ក្យូ មាន​ផែនការ​ក្នុង​ផ្តល់​សម្ភារ​យោធា​ឲ្យ​ប្រទេសមួយ​ចំនួន​នៃ​តំបន់​នេះ ដែល​នេះ ត្រូវបាន​មើលឃើញថា ជា​ជំហាន​ថ្មី​មួយ​របស់​ដៃគូ​អាស៊ាន ខណៈពេលដែល​ចិន ក៏​កំពុងតែ​ប្រជែង​តួនាទី​និង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​បណ្តា​ប្រទេស​ទាំងនេះ​ផងដែរ​នោះ​។



​រដ្ឋាភិបាល​ជប៉ុន គ្រោង​អនុម័ត​ច្បាប់​ថ្មី​មួយ​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ជប៉ុន​អាច​ឧបត្ថម្ភ​សម្ភារ​យោធា​មួយ​ទឹក​នៃ​កងកម្លាំង​ការពារជាតិ​ជើងគោក​របស់​ជប៉ុន​ទៅកាន់​ដៃគូរ​បរទេស​បាន​។ ផែនការ​នៃ​ច្បាប់​ថ្មី​នេះ ក៏មាន​ទិសដៅ​មួយ​ដើម្បី​ពង្រឹង​ឥទ្ធិពល និង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ និង​យោធា​របស់​ជប៉ុន​ជាមួយនឹង​បណ្តា​សមាជិក​អាស៊ាន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ជប៉ុន Nikkei នៅ​ថ្ងៃទី​១៩ កុម្ភៈ​កន្លងទៅ​។ 

​តាម​ប្រភពព័ត៌មាន​ដដែល រដ្ឋាភិបាល​ជប៉ុន ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ ក៏​ចង់​ជជែក​ជាមួយនឹង​ប្រទេស​អាស៊ាន ដែល​ជប៉ុន ចង់​ផ្តល់​ឲ្យ​សម្ភារ​យោធា​ទាំងនោះ​ឲ្យ​ផងដែរ​។ ប្រទេស​ទាំងនោះ រួមមាន ហ្វីលីពីន វៀតណាម ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​។ ប្រទេស​អាស៊ាន​ទាំង​ដប់ មានដូចជា ព្រុយ​ណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ តាម​គម្រោង​នៃ​ច្បាប់​ថ្មី​នេះ រដ្ឋាភិបាល​ជប៉ុន ក៏​នឹង​ពិចារណា ក្នុងការ​បញ្ជូន​កងទ័ព​ស្វ័យការពារ​ទៅកាន់​ប្រទេស​ដែល​ខ្លួន​នឹង​ផ្តល់​សម្ភារ​យោធា​ទាំងនោះ​ផងដែរ​។ ហើយ​ការណ៍​ដែល​ធ្វើបែបនេះ ដើម្បី ឲ្យ​សម​ភាគី​អាស៊ាន អាច​ប្រើប្រាស់​សម្ភារ​ទាំងនោះ ប្រកបដោយ​ប្រសិទ្ធភាព​។

​ជប៉ុន ប្រឹង​ជួយ​ជ្រោមជ្រែង​សន្តិសុខ​ប្រទេស​អាស៊ាន​ទប់ទល់​ឥទ្ធិពល​ចិន​?

​តាមពិតទៅ ការព្យាយាម​ខិតជិត​អាស៊ាន​របស់​ជប៉ុន មិនមែន​ទើបតែ​ធ្វើឡើង​ឡើយ ពោលគឺ ជប៉ុន ដែលជា​ដៃគូ​អាស៊ាន បូក​បី​ដូចជា​ចិន និង​កូរ៉េខាងត្បូង​នោះ កន្លងមក ក៏បានផ្តល់​ទាំង​នាវា​ល្បាត និង​កម្ចី​ដល់​រដ្ឋ​អាស៊ាន​មួយចំនួន​ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ ជាពិសេស​ការការពារ​សន្តិសុខ​ដែនសមុទ្រ​។ ប្រទេស​ដែល​ជប៉ុន ផ្តល់​នាវា​ល្បាត​មួយ​ទឹក​កន្លងមក មាន​ហ្វីលីពីន និង​វៀតណាម ដែល​ប្រទេស​ទាំងនេះ សុទ្ធសឹងតែ​ជា​ភាគី​ជម្លោះ​ជាមួយនឹង​ចិន ដូច   ជប៉ុន​ផងដែរ​។

​ប្រទេស​អាស៊ាន​ចំនួន​បួន​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម បាននិងកំពុង​តែមាន​ជម្លោះ​អធិបតេយ្យ​ជាមួយនឹង​ចិន​នៅក្នុង​ជម្លោះ​«​សមុទ្រ​ចិន​ខាងត្បូង​»​។ រីឯ​ជប៉ុន ក៏បាន​មាន​ជម្លោះ​អធិបតេយ្យ​ជាមួយនឹង​ចិន​ផងដែរ ដែល​ជម្លោះ​នោះ នៅក្នុង​«​សមុទ្រ​ចិន​ខាងកើត​»​។ កន្លងមក ក្រៅពី​ការផ្តល់​ជំនួយ​សហប្រតិបត្តិ​ការ​យោធា និង​ការពារជាតិ​ដល់​ប្រទេស​អាស៊ាន​មួយចំនួន​នោះ ជប៉ុន ក៏​តែងតែ​ចេញមុខ​រិះគន់ និង​ថ្កោលទោស​ចិន រឿង​យោ​ធូប​នីយកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ជប៉ុន ចាត់ទុក​សកម្មភាព​ចិន​នៅក្នុង​តំបន់​ជម្លោះ​នោះ​ថា ជាការ​គំរាមកំហែង​សន្តិសុខ​នៅក្នុង​តំបន់ ខណៈ ចិន​តបត​ថា ប្រទេស​ខាងក្រៅ មិនត្រូវ​លូកលាន់ និង​គោរព​កិច្ចប្រឹងប្រែង​ប្រទេស​ដែលមាន​ជម្លោះ​ដោយផ្ទាល់​។

​សូម​ជម្រាប​ផងដែរ​ថា ក្រោយ​ចាញ់​សង្គ្រាមលោកលើកទីពីរ​ម​ក ជប៉ុន បាន​អនុវត្ត​គោលនយោបាយ​ក្នុង​ការមិន​បញ្ជូន​ទ័ព​ចេញ​ក្រៅប្រទេស និង​នាំចេញ​សព្វាវុធ​ក្រៅប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ​។ តែ​ចាប់ពី​ឆ្នាំ​២០១៤​មក ការ​រឹតត្បិត​នេះ ត្រូវបាន​បន្ធូរបន្ថយ​ឡើងវិញ ដែល​ក្នុងនោះ រដ្ឋាភិបាល​អាចមាន​ទាំង​លទ្ធភាព​ក្នុង​បញ្ជូន​ទ័ព​ចេញ​ក្រៅប្រទេស​ទៀតផង​៕


Tag:
 អាស៊ាន​
  ជប៉ុន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com