ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ បំភ្លឺ​លើ​ករណី​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ផ្លូវជាតិ​លេខ​៤
27, Feb 2017 , 4:50 pm        
រូបភាព
ភ្នំពេញ​៖ ក្រោយពី​មានការ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រិះគន់​លើ​ករណី​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ផ្លូវជាតិ​លេខ​៤​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​បញ្ជាក់​មូលហេតុ​ជូន​ប្រជាពលរដ្ឋ​ថា ការសាងសង់​ស្ពាន​នេះ ក្រោម​ហេតុផល​បច្ចេកទេស និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​នោះ ។​


 
​លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ចាត់ទុក​ការរិះគន់​របស់​ប្រជាពលរដ្ឋ លើ​ករណី​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ផ្លូវជាតិ​លេខ​៤​នេះ គឺ​គ្រាន់តែ​ជា​ជ្រុង​មួយបែប​បញ្ចេញមតិ​តាម​អារម្មណ៍​ពួកគេ​ប៉ុណ្ណោះ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក មាស​ភក្តី អះអាងថា មុននឹង​ចាប់ផ្ដើម​ការសាងសង​ស្ពាន​នេះ មន្ត្រី​ជំនាញ​បាន​សិក្សា​គម្រោង​ច្បាស់លាស់​ហើយ ដោយ​ឈរលើ​ហេតុផល​បច្ចេកទេស និង​ផលប៉ះពាល់​ជា​ចម្បង នៅ​ជំវិញ​ទីតាំង​នោះ​។ 
 
​អ្នកនាំពាក្យ​រូបនេះ បាន​បកស្រាយ​ដូច្នេះ​ថា ៖«​យើង​មិនមែន​គិតតែ​ការសាងសង់​ស្ពាន​តែមួយ​មុខ​ទេ គឺ​ត្រូវ​គិត​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ រួមទាំង​បញ្ហា​ចរាចរ ចំណតរថយន្ត បណ្ដាញ​លូ និង​បញ្ហា​សុវត្ថិភាព​ថ្មើរជើង​ជាដើម​។ បើសិនជា​ជណ្ដើរ​ស្ពាន​ថ្មើរជើង​ចុះ ឬ​ឡើង​ចំ​ពីមុខ​ផ្ទះ​កៀក​មាត់ទ្វារ ម្ចាស់ផ្ទះ​នឹង​ជំទាស់ ឬ​មិន​សប្បាយចិត្ត  ដោយសារ​ជណ្ដើរ​បិទមុខ​ផ្ទះ​របស់​ពលរដ្ឋ​។ មូលហេតុ​នេះ ទើប​ធ្វើ​ជណ្ដើរ​គម្លាត​ចូលក្នុង​បន្ដិច ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​»​។​
 
​បន្ថែម​ពីលើ​នេះ លោក ម៉េ​ត មាស​ភក្ដី បន្ត​ពន្យល់ថា ផ្លូវ​ក្រៅ​សងខាង​នៃ​ផ្នែក​ស្ពាន សម្រាប់តែ​ពលរដ្ឋ​បើកបរ​យានយន្ត​ចេញ​និង​ចូល​ផ្ទះ​នៅតាម​សងខាង​ផ្លូវ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើសិនជា​ពលរដ្ឋ​ត្រូវធ្វើ​ដំណើរ​ទៅ​ផ្លូវ​ឆ្ងាយ​នោះ ពួកគេ​ត្រូវ​បញ្ជា​យានជំនិះ​បត់​ចូលទៅ​ផ្លូវ​គន្លង​កណ្ដាល​មាន​៦​ខ្សែ  ដែលជា​ផ្លូវ​ល្បឿន​លឿន​គ្មាន​ឧបសគ្គ​ឡើយ​។ 
 
​ចំណែក​ជួរ​ផ្លូវ​រត់​ត្រង់​នឹង​គន្លង​ជណ្ដើរ​ស្រប​ផ្លូវ​នេះ ក៏​ត្រូវបាន​បង្កើតជា​ចំណតរថយន្ត​ជាច្រើន រួមទាំង​រៀបចំ​សួនច្បារ​ផងដែរ​។ បើតាម​លោក មាស​ភក្ដី មុននឹង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នេះ អាជ្ញាធរ​ក៏បាន​រៀបចំ​ប្រឡាយ​បង្ហូរទឹក​និង​បណ្ដាញ​លូ ដើម្បី​ដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​បណ្ដាញ​ផ្លូវទឹក និង​បំពង់​ទឹកស្អាត​ក្រោម​ដី​ផងដែរ​។​
 
​សម្រាប់​លោក មាស​ភក្ដី ការរិះគន់​របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា​សង់ស្ពាន​ថ្មើរជើង​ខាងលើនេះ ក៏​ជាការ​រួមចំណែក​យ៉ាងសំខាន់​ដែរ ក្នុងការ​ក្រើន​រំ​ឮ​ក​និង​ជួយ​ចូលរួម​គិត​ជាមួយ​អាជ្ញាធរ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ប្រសើរ​។ ប៉ុន្តែ​លោក ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យោគយល់​វិញ​ដែរ ក្នុងការ​ប្រើប្រាស់​ស្ពាន​ថ្មើរជើង​នេះ ដើម្បី​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​ទាំងអស់គ្នា​៕  
 
 

Tag:
 ​ស្ពាន​អាកាស​ថ្មើរជើង​
  សាលា​រាជធានី​ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com