អន្តរជាតិ
កូរ៉េខាងត្បូង បន្ត​ឈឺឆ្អាល​ករណី​ឃាតកម្ម​បងប្រុស​លោក​គីម ជុង​អ៊ុន ដោយ​លើក​ក្នុង​កិច្ចប្រជុំ​សិទ្ធិមនុស្ស
27, Feb 2017 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខ​ការទូត​កូរ៉េខាងត្បូង នឹង​លើក​បញ្ហា​ឃាតកម្ម​របស់​បងប្រុស​លោ​ក​ប្រធានាធិបតី គីម ជុង​អ៊ុន នៅក្នុង​កិច្ចប្រជុំ​ស្តីពី​សិទ្ធិមនុស្ស និង​ការរំសាយ​សព្វាវុធ​នៃ​អង្គការសហប្រជាជាតិ​។ ការណ៍​ដែល​ធ្វើបែបនេះ ដោយ​ក្រុង​សេ​អ៊ូ​ល មើលឃើញថា ករណីនេះ គឺជា​ការបំពាន​សិទ្ធិមនុស្ស​មួយ​ដ៏​ធ្ងន់ធ្ងរ នៃ​បទដ្ឋាន​អន្តរជាតិ​។



​លោក​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង Yun Byung-se នៅ​ថ្ងៃទី​២៦ កុម្ភៈ ម្សិលមិញ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ថា លោក នឹង​លើកឡើង​ពី​ឧ​ប្ប​ទ្ទ​ហេតុ នៃ​ឃាតកម្ម​លោក គីម ជុង​ណាំ នៅក្នុង​កិច្ចប្រជុំ​សិទ្ធិមនុស្ស​ក្នុង​ក្រុង​ហ្សឺ​ណែវ​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ​នេះ​។ លោក​រដ្ឋមន្ត្រី អះអាងថា ករណីនេះ គឺជា​ការបន្ថែម​រូបភាព​មួយ​កាន់តែ​អាក្រក់​នៃ​ការបំពាន​របស់​កូរ៉េខាងជើង និង​បទដ្ឋាន​អន្តរជាតិ ដែល​សក្តិសម​នឹង​ចំណាត់ការ​បន្ថែម​ពី​សហគមន៍​អន្តរជាតិ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap​។

​សូម​រម្លឹក​បន្តិច​ថា លោក គីម ជុង​ណាំ ដែលមាន​ម្តាយ​ផ្សេងគ្នា​ពី​លោក​ប្រធានាធិបតី គីម ជុង​អ៊ុន ត្រូវបាន​សម្លាប់​នៅ​ព្រលានយន្តហោះ​កូ​ឡា​ឡាំ​ពួ​នៃ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​។ លោក បាន​ស្លាប់​នៅតាម​ផ្លូវ ខណៈ​មន្ត្រី​ព្រលានយន្តហោះ បញ្ជូន​លោក​ទៅកាន់​សង្គ្រោះបន្ទាន់ បន្ទាប់ពី មាន​ហេតុការណ៍​នៃ​ការ​ខ្ទប់​មុខ​លោក​ជាមួយនឹង​សារធាតុពុល​នៅ​ព្រលានយន្តហោះ​ម៉ាឡេស៊ី​។​

​ករណី​ឃាត​កម្មនេះ កំពុងតែ​បង្កើត​រឿងចម្រូងចម្រាស​ការទូត​ខ្លាំង​រវាង​ម៉ាឡេស៊ី និង​កូរ៉េខាងជើង ដ្បិត កូរ៉េខាងជើង បានទាមទារ​យក​សាក​សព​របស់លោក គីម ជុង​ណាំ ដោយ​គ្មាន​លក្ខខណ្ឌ ខណៈ ម៉ាឡេស៊ី​តម្រូវ​ឲ្យ​បំពេញ​តាម​នីតិវិធី​ប្រទេស​ខ្លួន​។ អ្វី​ដែលជា​ចម្រូងចម្រាស​ខ្លាំង​នោះ ប៉ូលិស​ម៉ាឡេស៊ី បាន​រកឃើញ​ជនសង្ស័យ​នៃ​ឃាតកម្ម​នោះ ក៏មាន​ពលរដ្ឋ​កូរ៉េខាងជើង​ខាងជើង​ផងដែរ​។ ជាពិសេស​នោះ ប៉ូលិស ក៏បាន​រកឃើញ​ពីសារ​ធាតុគីមី​ដែល​ត្រូវបាន​ប្រើប្រាស់​ដែលជា​សារធាតុ​គ្រោះថ្នាក់ ដែល​សហគមន៍​អន្តរជាតិ​បាន​ហាមឃាត់​។ 

​ជុំវិញ​បញ្ហា​នេះ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ក៏​ធ្លាប់បាន​អះអាងថា ករណី​ឃាតកម្ម​លោក គីម ជុង​ណាំ ដែលជា​បងប្រុស​ប្រធានាធិបតី​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន អាចឈាន​ដល់​ការបើកផ្លូវ​ដល់​សហគម​ន៍​អន្តរជាតិ​ចេញ​អន្តរាគមន៍​ប្រឆាំង​។​

« ប្រសិនបើ​កូរ៉េខាងជើង ត្រូវបាន​រកឃើញថា​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​លោក គីម ជុង​ណាំ​មែន សហគមន៍​អន្តរជាតិ នឹង​ពិនិត្យ​មើលថា​តើ​ជា​អំពើ​ភេ​វរ​កម្ម​ដែល​ដឹកនាំ​ដោយ​រដ្ឋ ដែល​បាន​បំពាន​លើ​អធិបតេយ្យ​ម៉ាឡេស៊ី​ឬ​យ៉ាងណា​។ ហើយ​ឥរិយាបថ​នេះ អាចបង្កើត​ឲ្យ​មាន​បរិយាកាស​មួយ ដែល​ត្រូវ​ពិភាក្សា​លើ​ឆាក​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង លោក Yun Byung-se នៅ​ថ្ងៃទី​២២ កុម្ភៈ​៕


Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com