កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ត្រូវ​ប៉ះ​ជាមួយ Khan នៅ​ខែមេសា​ខាងមុខ​
28, Feb 2017 , 8:39 am        
រូបភាព
​ស្តេច​ប្រដាល់​ពិភពលោក​ទម្ងន់​ម​ធ​ម្យ​ម​របស់​ហ្វីលីពីន Manny Pacquiao នឹង​តទល់​ជាមួយ​កីឡាករ​របស់​ចក្រភព​អង់គ្លេស Amir Khan នៅ​ថ្ងៃទី​២៣ ខែមេសា​ខាងមុខនេះ​។



Pacquiao ត្រូវ​ឡើង​ប្រកួត​ជាមួយ Khan នៅ​ខែមេសា​ខាងមុខ ក្រោយ​ស្តេច​ប្រដាល់​អាស៊ី​រូបនេះ បង្ហោះ​សារ​ជា​សំនួរ​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​ក្នុង​បណ្តាញ​សង្គម Twitter ហើយ​អ្នកគាំទ្រ​ជាច្រើន​បាន​បោះឆ្នោត​ចង់​ឲ្យ​រូបគេ ឡើង​វាយ​ជាមួយ​អ្នក​ប្រដាល់​អង់គ្លេស Amir Khan​។​

​មិនទាន់មាន​ការបញ្ជា​ក់​ពី​ទីតាំង​ប្រកួត​ច្បាស់លាស់​ពី​ភាគី​ទាំងពីរ​នោះឡើយ ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ពិភពលោក ៦​ស្ថាប័ន ក្នុង​ប្រភេទ​ទម្ងន់​ផ្សេងគ្នា  Pacquiao បាន​បន្ត​សរសេរ​ក្នុង​បណ្តាញ​សង្គម  Twitter កាលពី​ម្សិលមិញ​ទៀតថា​៖«​ការចរចារ​រវាង​ក្រុម Pacquiao និង​ក្រុម​របស់ Khan បាន​ឈានដល់​កិច្ចព្រមព្រៀង​លើ​លក្ខខណ្ឌ​សម្រាប់​ការប្រកួត​នា​ថ្ងៃទី​២៣ ខែមេសា ខណៈ​នេះ​ក៏​ជា​អ្វីដែល​អ្នកគាំទ្រ​ចង់​ឲ្យ​មានការ​ជួបគ្នា​រវាង Pacquiao និង Khan»​។​

​ស្របពេល​នោះដែរ កីឡាករ​ប្រដា​ល់វ័យ​៣០​ឆ្នាំ Amir Khan ក៏បាន​បង្ហោះ​សារ​នៅក្នុង​បណ្តាញ​សង្គម Twitter ដែរ​ថា​៖«​ក្រុម​របស់ខ្ញុំ និង​ខ្ញុំ បាន​យល់ព្រម​លក្ខខណ្ឌ​ជាមួយ Manny Pacquiao និង​ក្រុម​របស់គាត់​សម្រាប់​ការប្រកួត​រវាង Pacquiao និង Khan នា​ថ្ងៃទី​២៣ ខែមេសា​»​។​

​សូមបញ្ជាក់ថា​អ្នក​ប្រដាល់​របស់​ចក្រភព​អង់គ្លេស Khan ប្រកួត​លើកចុងក្រោយ​ចាញ់​កីឡាករ​របស់​ម៉ិ​ក​ស៊ិ​ក Saul Canelo Alvarez ដោយ​សន្លប់ កាលពី​ខែឧសភា ឆ្នាំ​២០១៦​។​

​ចំណែក​អ្នក​ប្រដាល់ និង​ជា​អ្នកនយោបាយ​ហ្វីលីពីន វ័យ​៣៨​ឆ្នាំ Pacquiao ដែល​ធ្លាប់​ប្រកាស​ចូលនិវត្តន៍​ពី​កីឡាប្រដាល់ ដើម្បី​ផ្តោតលើ​តួនាទី​របស់ខ្លួន​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​នោះ បាន​ត្រឡប់​មកលើ​សង្វៀន​ជាថ្មី​ម្តងទៀត ដោយ​យកឈ្នះ​អ្នក​ប្រដាល់​អាមេរិក Jessie Vargas កាលពី​ខែវិច្ឆិកា​កន្លងទៅ​៕


Tag:
 ប្រដាល់​
  Manny Pacquiao
  Amir Khan
© រក្សាសិទ្ធិដោយ thmeythmey.com