កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ត្រូវប៉ះជាមួយ Khan នៅខែមេសាខាងមុខ
× ស្តេចប្រដាល់ពិភពលោកទម្ងន់មធម្យមរបស់ហ្វីលីពីន Manny Pacquiao នឹងតទល់ជាមួយកីឡាកររបស់ចក្រភពអង់គ្លេស Amir Khan នៅថ្ងៃទី២៣ ខែមេសាខាងមុខនេះ។
Pacquiao ត្រូវឡើងប្រកួតជាមួយ Khan នៅខែមេសាខាងមុខ ក្រោយស្តេចប្រដាល់អាស៊ីរូបនេះ បង្ហោះសារជាសំនួរទៅកាន់អ្នកគាំទ្ររបស់ខ្លួនក្នុងបណ្តាញសង្គម Twitter ហើយអ្នកគាំទ្រជាច្រើនបានបោះឆ្នោតចង់ឲ្យរូបគេ ឡើងវាយជាមួយអ្នកប្រដាល់អង់គ្លេស Amir Khan។
មិនទាន់មានការបញ្ជាក់ពីទីតាំងប្រកួតច្បាស់លាស់ពីភាគីទាំងពីរនោះឡើយ ម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក ៦ស្ថាប័ន ក្នុងប្រភេទទម្ងន់ផ្សេងគ្នា Pacquiao បានបន្តសរសេរក្នុងបណ្តាញសង្គម Twitter កាលពីម្សិលមិញទៀតថា៖«ការចរចាររវាងក្រុម Pacquiao និងក្រុមរបស់ Khan បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌសម្រាប់ការប្រកួតនាថ្ងៃទី២៣ ខែមេសា ខណៈនេះក៏ជាអ្វីដែលអ្នកគាំទ្រចង់ឲ្យមានការជួបគ្នារវាង Pacquiao និង Khan»។
ស្របពេលនោះដែរ កីឡាករប្រដាល់វ័យ៣០ឆ្នាំ Amir Khan ក៏បានបង្ហោះសារនៅក្នុងបណ្តាញសង្គម Twitter ដែរថា៖«ក្រុមរបស់ខ្ញុំ និងខ្ញុំ បានយល់ព្រមលក្ខខណ្ឌជាមួយ Manny Pacquiao និងក្រុមរបស់គាត់សម្រាប់ការប្រកួតរវាង Pacquiao និង Khan នាថ្ងៃទី២៣ ខែមេសា»។
សូមបញ្ជាក់ថាអ្នកប្រដាល់របស់ចក្រភពអង់គ្លេស Khan ប្រកួតលើកចុងក្រោយចាញ់កីឡាកររបស់ម៉ិកស៊ិក Saul Canelo Alvarez ដោយសន្លប់ កាលពីខែឧសភា ឆ្នាំ២០១៦។
ចំណែកអ្នកប្រដាល់ និងជាអ្នកនយោបាយហ្វីលីពីន វ័យ៣៨ឆ្នាំ Pacquiao ដែលធ្លាប់ប្រកាសចូលនិវត្តន៍ពីកីឡាប្រដាល់ ដើម្បីផ្តោតលើតួនាទីរបស់ខ្លួនជាសមាជិកព្រឹទ្ធសភាហ្វីលីពីននោះ បានត្រឡប់មកលើសង្វៀនជាថ្មីម្តងទៀត ដោយយកឈ្នះអ្នកប្រដាល់អាមេរិក Jessie Vargas កាលពីខែវិច្ឆិកាកន្លងទៅ៕
Tag:
ប្រដាល់
Manny Pacquiao
Amir Khan
© រក្សាសិទ្ធិដោយ thmeythmey.com