ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
សហជីព​ថា​វិវាទ​ការងារ​ជាច្រើន​ករណី ស្ទះ​ត្រឹម​ក្រសួង​ការងារ​ព្រោះ​នីតិវិធី​ស្មុគស្មាញ​
28, Feb 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បណ្តឹង​ស្តីពី​វិវាទ​ការងារ ដែល​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ទទួលបាន​ក្នុង​ឆ្នាំ​២០១៧​នេះ ថយចុះ​បើ​ធៀប​នឹង​តួលេខ​ឆ្នាំកន្លងមក​។ នេះ​បើតាម​អ្នកស្រី ឈី​វ ភិរម្យ ដែល​បន្ត​អះអាងថា ការថយចុះ​នេះ គឺ​ដោយសារតែ​ការអនុម័ត​ច្បាប់​សហជីព​។ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ  បានបង្ហាញ​កង្វល់​ចំពោះ​ការថយចុះ​នេះ ដោយ​បញ្ជាក់ថា​តួលេខ​ថយចុះ​មិនមែន​មានន័យថា​គ្មាន​បញ្ហា​នៅក្នុង​ចំណោម​កម្មករ និយោជក​នោះទេ​។ ។ លោក ប៉ាវ ស៊ីណា បញ្ជាក់ថា​បញ្ហា​មាន​ច្រើន គ្រាន់តែ​ករណីខ្លះ​កម្មករ​មិន​លទ្ធភាព​ប្តឹងទៅ​ក្រសួង​ការងារ និង​ករណីខ្លះ​កំពុងស្ថិត​នៅក្នុង​ដៃ​ក្រសួង​ការងារ​។​



​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​អះអាងថា  វិវាទ​ការងារ​ជាច្រើន​ករណី កំពុង​កកស្ទះ នៅត្រឹម​ក្របខណ្ឌ​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ថ្លែង​ក្នុង​សន្និសីទ​ទំនាក់ទំនង​វិជ្ជាជីវៈ ស្តីពី​ការធ្វើ​ឲ្យ​ប្រសើរឡើង​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ សុខ​កុម​នីយកម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​នេះ លោក ប៉ាវ ស៊ីណា បញ្ជាក់​បន្តថា​ជាទូទៅ​សំណុំរឿង​ដែល​ចរចា​រវាង​ភាគី​កម្មករ និង​និយោជក មិន​ត្រូវរ៉ូវ​គ្នា គឺ​ត្រូវបញ្ជូន​ទៅកាន់​ក្រសួង​ការងារ​ដើម្បី​ដោះស្រាយ​បន្ត​។



​បើតាម​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​រូបនេះ ប្រសិនបើ​មន្ត្រី​របស់​ក្រសួង​ការងារ ចរចា​ដោះស្រាយ​មិន​ដាច់ស្រេច​ទៀត​នោះ គឺ​ត្រូវ​ស្នើ​ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ​ដើម្បី​បញ្ជូន​រឿង​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។ ពីព្រោះ​នីតិវិធី​នៅ​ថ្នាក់​ក្រសួង​នេះ​មាន​ភាពស្មុគស្មាញ​រឿងនេះ មិនបាន​បញ្ជូនទៅ​ភ្លាមៗ​ទេ​។ លោក ប៉ាវ ស៊ីណា បញ្ជាក់​បន្ត​ដូច្នេះ​ថា​៖«​ហេតុអ្វី​បានជា​សំណុំរឿង​បញ្ជូនទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ថយចុះ​? រឿង​ត្រូវតែ​បញ្ជូន​ហើយ ប៉ុន្តែ​រាល់ថ្ងៃ​យើង​មាន​គណៈកម្មការ​ដោះស្រាយ​បាតុកម្ម កូដកម្ម អ៊ីចឹង​រឿង​ហ្នឹង​ហាក់ដូចជា​រុញ​ទៅ រុញ​មកៗ នៅតែ​ក្នុង​ក្របខណ្ឌ​ក្រសួង​ហ្នឹង អត់​បាន​បញ្ជូនទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ទេ​។ អ្វីដែល​យើង​ចង់បាន គឺ​ការសម្រេច​ក្តី​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​»​។

​ក្នុង​ឆ្នាំ​២០១៥ ជា​ឆ្នាំ​ដែល​ក្រុមប្រឹក្សា​អាជ្ញារ​កណ្តាល​ដោះស្រាយ​ពាក្យបណ្តឹង​បាន​ចំនួន​ច្រើនជាងគេ គឺ​រហូតដល់​៣៦៥​ករណី និង​នៅ​ឆ្នាំ​២០១៦ ការដោះស្រាយ​ពាក្យបណ្តឹង​ស្តីពី​វិវាទ​ការងារ​នេះ ថយចុះ​មក​នៅ​ជាង​៣០០​ករណី ខណៈ​ឆ្នាំ​២០១៧​នេះ       បណ្តឹង​ស្តីពី​វិវាទ​ការងារ​បាន​ថយចុះ​។ នេះ​បើតាម អ្នកស្រី ឈី​វ ភិរម្យ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដែល​បញ្ជាក់​ពី​មូល​ហេតុថា ដោយសារ​ច្បាប់​សហជីព ដែល​ទើបត្រូវ​បានអនុម័ត​។ អ្នកស្រី ឈី​វ ភិរម្យ បញ្ជាក់​ដូច្នេះ​៖«​ការធ្លាក់ចុះ​នេះ ត្រូវបាន​នៅ​ឆ្នាំ​២០១៧ ដោយសារតែ​ការផ្លាសប្តូរ​ច្បាប់​។ ការផ្លាស់ប្តូរ​ច្បាប់ គឺ​យើង​មានច្បាប់​ស្តីពី​សហជីព​។ អ៊ីចឹង​បានធ្វើ​ឲ្យ​ការនាំ​រឿង​មក​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ត្រូវបាន​កាត់បន្ថយ​ដែរ​»​។

​ទាក់ទង​នឹង​ច្បាប់​សហជីព​នេះ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ការពារ​ថា​ច្បាប់​នេះ​បង្កើតឡើង​ក្នុង​បំណង​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មក និយោជិត​។ ច្បាប់​នេះ​ក៏​ធានា​នូវ​សិទ្ធិសេរីភាព​នៃ​អង្គការ​វិជ្ជា​វិ​ជៈ​របស់​កម្មករនិយោជិត និង​និយោជក ជំរុញ​ឲ្យ​មាន​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ រួមចំណែក​បង្កើត​ការងារ​សមរម្យ និង​បង្កើន​ផលិតភាព​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ និង​លើកកម្ពស់​ជីវភាព​រប​ស់កម្មករ និយោជិត​។ នេះ​បើតាម​លោក ម៉ម វណ្ណៈ​។



​គិត​ត្រឹម​ឆ្នាំ​២០១៦ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បានទទួល​សំណុំរឿង​វិវាទ​ចំនួន ២,៦៥០​ករណី ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់​ជាមួយ​កម្មករ​ជិត ១​លាន​នាក់​។ ក្នុងចំណោម​សំណុំរឿង​វិវាទ​ដែល​បាន​ដោះស្រាយ មាន     អត្រា​ជោគជ័យ​ចំនួន​៧៥​ភាគរយ​។ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ក៏​បានចេញ​សេចក្តីបញ្ជា​ឲ្យ​បញ្ឈប់​កូដកម្ម​ជា​បណ្តោះអាសន្ន ដើម្បី​ដោះស្រាយ​វិវាទ​ដោ​យស​ន្និ​វិធី ដោយមាន​អត្រា​ជោគជ័យ​ចំនួន​៦៩​ភាគរយ ដែលជា​អត្រា​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។​

​ទោះជា​យ៉ាងនេះ​ក្តី លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ អំពាវនាវ​ឲ្យ​ក្រសួង​ការងារ​ព​ន្លឿ​ន​ដំណើរការ​រៀបចំសេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល សេចក្តីព្រាងច្បាប់​ស្តីពី​នីតិវិធី​ជម្រះក្តី​វិវាទ​ការងារ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។ ក្រៅពី​ព​ន្លឿ​ន​បញ្ចប់​សេចក្តីព្រាងច្បាប់​នេះ លោក ប៉ាវ ស៊ីណា ក៏​លើកឡើង​ដែរ​ថា ក្រសួង​ក៏ត្រូវ​ព​ន្យឿ​ន​នីតិវិធី​ដោះស្រាយ និង​ធ្វើយ៉ាងណា​កុំ​មាន​ភាពស្មុគស្មាញ​ពេក នៅពេល​ច្បាប់​នេះ​ត្រូវ​បានអនុម័ត ដើម្បី​ធានា​ប្រយោជន៍​រួម​របស់​កម្មករ និយោជក​៕


Tag:
 ប៉ាវ ស៊ីណា​
 ​ឈី​វ ភិរម្យ​
 ​ម៉ម វណ្ណៈ​
 ​វិវាទ​ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com