រថយន្ត
អន្តរជាតិ
ហូ​ឡង់​គ្រោង​ដាក់លក់​រថយន្ត​ហោះ​លើកដំបូង​នៅ​ចុងឆ្នាំ​២០១៨
28, Feb 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​ផលិត​រថយន្ត Pal-V របស់​ហូ​ឡង់ បាន​ផ្សព្វផ្សាយ​ពី​គម្រោង​ផលិត​រថយន្ត​ពីរ​ម៉ូ​ឌែ​ល​ដែល​អាច​ហោះ​បាន ខណៈ​បច្ចុប្បន្ន​ពួកគេ​កំពុង​សិក្សា​បច្ចេកទេស​ផ្សេងៗ ទាក់ទង​នឹង​ការបញ្ជា​ការបើក​បរទាំង​លើផ្លូវ​ថ្នល់ និង​អាកាស​។​



​រថយន្ត​ហោះ Liberty Pioneer និង Liberty Sport ដែល​ផលិត​ដោយ​ក្រុមហ៊ុន Pal-V របស់​ហូ​ឡង់ នឹង​ចេញ​ជា​រូបរាង​ពិតប្រាកដ ហើយ​ដាក់​ដំណើរការ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៨​។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមហ៊ុន ដើម្បី​ជម្រះ​មន្ទិល​ដែលថា រថយន្ត​បែបនេះ មានតែ​ក្នុង​ភាពយន្ត​។​

​សារព័ត៌​មានបារាំង France 3 បាន​រាយការណ៍​បន្ថែម​ថា រថយន្ត​ហោះ​នេះ មាន​កង់​៣ និង​មាន​ទំហំ​ដូច​ឧទ្ធម្ភាគចក្រ​ដែលមាន​កម្លាំង​អនុភាព​២០០​សេស​។ រថយន្ត​ទាំងនេះ អាច​បើក​បរបាន​នៅលើ​ផ្លូវថ្នល់ និង​អាច​ហោះហើរ​បាន​នៅលើ​អាកាស​ដូចជា​ឧទ្ធម្ភាគចក្រ​ផងដែរ​។​

សូមទស្សនាវីដេអូ៖



​បើតាម​សារព័ត៌មាន​ដដែល រថយន្ត​ហោះ Liberty Pioneer និង Liberty Sport អាច​ផ្ទុក​មនុស្ស​បាន​២​នាក់ និង​ឥ​វ៉ាន់​២០​គីឡូ​ក្រម​។ វា​អាច​បើកបរ​ក្នុង​ល្បឿន​១៦០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង និង​ហោះហើរ​ក្នុង​កម្ពស់​៣,៥​គីឡូម៉ែត្រ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការបង្ហាញ​វត្តមាន​រថយន្ត​ហោះ​ដំបូង​នេះ ត្រូវ​ជួប​បញ្ហា​ជាច្រើន ដូចជា​ចំណេះដឹង​នៃ​ការបើកបរ ទីតាំង​ចំណត បញ្ហា​សុវត្ថិភាព​ផ្សេងៗ រួមទាំង​លក្ខខណ្ឌ​ដែល​ត្រូវ​ទទួល​បណ្ណ​បើកបរ​ផងដែរ​។​

​តាម​គម្រោង រថយន្ត​ហោះ​ម៉ាក Liberty Pioneer អាចមាន​តម្លៃ​៤៩៩ ០០០​អឺរ៉ូ (​ជាង​៥២​ម៉ឺន​ដុល្លារ​អាមេរិក​) និង​រថយន្ត​ហោះ Liberty Sport មានតម្លៃ​ប្រមាណ ២៩៩ ០០០​អឺរ៉ូ (​ជាង​៣១​ម៉ឺន​ដុល្លារ​អាមេរិក​)​។ ការផលិត​ចាប់ដំណើរការ​នៅ​ឆ្នាំ​២០១៧​នេះ ហើយ​ប្រសិនបើ​គ្មានអ្វី​រាំងស្ទះ​ទេនោះ វា​នឹង​លេចចេញ​ជា​រូបរាង​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៨ ៕

សូមទស្សនាវីដេអូ៖





Tag:
 ​បច្ចេកវិទ្យា​
  រថយន្ត​ហោះ
© រក្សាសិទ្ធិដោយ thmeythmey.com