ជាតិ
សង្គមជាតិ
អ្នក​ប្រឹក្សា​មជ្ឈមណ្ឌល​អប់រំ​អាមេរិក​ប្រាប់​ពីរ​បៀ​បយក​អាហារូបករណ៍​សិក្សា នៅ​អាមេរិក​
02, Mar 2017 , 12:12 pm        
រូបភាព
លោកស្រី ម៉ៅ កូឡាប អ្នកប្រឹក្សាយោបល់ Education USA
លោកស្រី ម៉ៅ កូឡាប អ្នកប្រឹក្សាយោបល់ Education USA
ដោយ:
ភ្នំពេញ​៖ អ្នក​ប្រឹក្សា​យោបល់​មជ្ឈមណ្ឌល​អប់រំ​អាមេរិក Education USA ប្រចាំ​កម្ពុជា លោកស្រី ម៉ៅ កូឡាប បាន​ណែនាំសិស្ស​និស្សិត​ដែលមាន​បំណង​ទទួល​អាហារូបករណ៍​រដ្ឋាភិបាល​អាមេរិក ត្រូវបំពេញ​លក្ខ​ខណ្ឌ​អាហារូបករណ៍ សំខាន់ៗ​មួយចំនួន រួមមាន មានសញ្ញាបត្រសិក្សា​ ពិន្ទុ​ភាសា​អង់គ្លេស​ លិខិត​អំណះអំណាង​សិស្ស​និស្សិត និង​សាស្ត្រាចារ្យ ឬ​ប្រធាន​ស្ថាប័ន និង​បទពិសោធន៍ការងារ ជាដើម​។​



​ថ្លែងប្រាប់​អ្នកសារព័ត៌មាន លោកស្រី ម៉ៅ កូឡាប បាន​ណែនាំ​សិស្ស​និស្សិត​ដែល​ចង់​បន្ត​ការសិក្សា​នៅ អាមេរិក ត្រូវ​ចេះ​ស្រាវជ្រាវ​រក​ព័ត៌មាន​ពី​មហាវិទ្យាល័យ ឬ​សាកលវិទ្យាល័យ​ដែល​ត្រូវ​នឹង​ជំនាញ​សិក្សា​របស់​ពួកគេ​ច្បាស់លាស់​សិន មុនពេល​ពួកគេ​ដាក់ពាក្យ​ស្នើ​អាហារូបករណ៍​​។​
 
«​ពួកគេ​មិនគួរ​ព្យាយាម​ធៀប​ខ្លួនឯង​នឹង​សាលារៀន​នោះទេ ប៉ុន្តែ​ពួកគេ​ត្រូវ​ស្វែងរក​សាលា​ត្រូវ​ជំនាញអាទិភាព និង​គោលដៅ​រយៈពេល​វែង​រប​ស់​ពួកគេ​»​។ អ្នក​ប្រឹក្សា​យោបល់​មជ្ឈមណ្ឌល​អប់រំ​អាមេរិក បញ្ជាក់បន្ថែម​ឲ្យពួកគេសួរ​ខ្លួនគេ​ថា ហេតុអ្វី​ពួកគេ​ចង់ទៅ​សិក្សា​នៅ​អាមេរិក​? តើ​ពួកគេ​ចង់​សិក្សា នៅ​សាលា​មួយណា​ដែល​ត្រូវ​នឹង​ជំនាញ​ពួកគេ​? តើ​ពួកគេ​ត្រូវបំពេញ​ឯកសារ​អ្វីខ្លះ​?
 
​បន្ថែម​លើសពី​ការស្វែងរក​ព័ត៌មាន​អាហារូបករណ៍  លោកស្រី​បាន​បន្ត​ណែនាំ​សិស្ស​និស្សិត ត្រូវ​ចំណាយ​ពេលវេលា​ផ្តោត​ការយកចិត្តទុកដាក់​បំ​ពេញ​តាម​លក្ខខណ្ឌ​សាលា រួមមាន ការប្រមូល​អនុសាសន៍​ពី​សាស្ត្រាចារ្យ និង​ប្រធាន​ស្ថាប័ន (Recommendation letter) ការសរសេរ​ពី​គម្រោង​សិក្សា ឬ​លិខិត​អំណះអំណាង​សិក្សា (Motivation letter) និង​ការប្រលងប្រជែង​ជាមួយ​បេក្ខជន​ដទៃទៀត​។ 
 
«​បើ​ពួកគេ​មាន​សមត្ថភាព និង​គម្រោង​សិក្សា​ច្បាស់លាស់​នោះ ពួកគេ​នឹង​ទទួលបាន​លទ្ធផល​ជោគជ័យ​»​។ លោកស្រី កូឡាប បញ្ជាក់បន្ថែម​ឲ្យ​សិស្ស​និស្សិត​ត្រូវ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន ដើម្បី​មានគំនិត​សរសេរផែនការ​សិក្សា​ពួកគេ។ លោកស្រី​ជឿជាក់ថា កាលណា​ពួកគេ​អាន​សៀវភៅច្រើន ពួកគេ​នឹងអាច​ស្វែងយល់​ពី​របៀប​សរសេរ​ភាសា​អង់គ្លេស​ត្រឹមត្រូវ​ផងដែរ​។​
 
​ចំពោះ​ការសរសេរ​ពី​គម្រោង​សិក្សា ឬ​លិខិត​អំណះអំណាង​សិក្សា (Motivation letter)​វិញ អ្នក​ប្រឹក្សា​យោបល់​មជ្ឈមណ្ឌល​អប់រំ​អាមេរិក (Education USA) ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ពី​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​សិស្ស​និស្សិត​ត្រូវតែ​សរសេរ​រៀបរាប់​ពី​ជីវិត​សិក្សា និង​ការងារ​ រួមទាំង​ផែនការ​សិក្សា​របស់​ពួកគេ​តាម​វេយ្យាករណ៍​ភាសា​អង់គ្លេស​ឲ្យ​ត្រឹមត្រូវផង​។ ត្រង់ចំណុច​នេះ លោកស្រី​បាន​បញ្ជាក់ថា គណៈកម្មាធិការ​វាយតម្លៃ នឹង​អាច​ស្វែងយល់​ពី​សមត្ថភាព​សិស្ស​និស្សិត​​ព្យាយាម​សិក្សា និង​ផែនការ​សិក្សា​ពិតប្រាកដ។
 
«​សិស្ស​និស្សិត​ត្រូវ​ដឹង​ច្បាស់​ថា ម្ចាស់​សាលា ឬ​ម្ចាស់​អាហារូបករណ៍​ត្រូវការ​បេក្ខជន​បែបណា​? ហើយ​ពួកគេ​ត្រូវ​សរសេរ​លិខិត​ដោយ​ខ្លួនគេ​ផ្ទាល់ ជៀសវាង​ឲ្យ​អ្នកដទៃ​សរសេរ​ជំនួស និង​ចម្លង​អត្ថបទ​ពី​អ្នកដទៃ ដាច់ខាត​។ អ្នកវាយតម្លៃ​នឹង​ពិនិត្យ​ដឹង​ច្បាស់ នៅពេល​គេ​ជួប​សម្ភាសន៍​ពួកគេ​បន្ថែមទៀត​»​។ លោកស្រីបានរម្លឹក​សិស្ស​និស្សិត​ឲ្យ​ជៀសវាង​ការចម្លង​ស្នាដៃ​អ្នកដទៃ​ទាំងស្រុង​ជាដាច់ខាត​។​
 
​ចំពោះ​ដំណាក់​សម្ភាសន៍​ផ្ទាល់មាត់ ចុងក្រោយ លោកស្រី​ណែនាំ​សិស្ស​និស្សិត​ត្រូវ​ដឹង​ប្រាកដថា ពួកគេ​អាច​ឆ្លើយ​ច្បាស់​ពីអ្វី​ដែល​គេ​បាន​សរសេរ​ក្នុង​លិខិត​អំណះអំណាង និង​ផែនការ​សិក្សា​។ ជាងនេះទៀត លោកស្រី​បាន​ឲ្យ​យោបល់​សិស្ស​និស្សិត​ត្រូវ​សួរ​បេក្ខជន​ដែល​បានទទួល​អាហារូបករណ៍​អាមេរិក កន្លងមក​ផង ដើម្បី​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​សិក្សា​បន្ថែម​ជាក់ស្តែង​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​។​
 
​ដោយ​សម័យ​សកលភាវូបនីយកម្ម​ព័ត៌មានវិទ្យា លោកស្រី​ណែនាំ​សិស្ស​និស្សិត​ខ្មែរ​ឲ្យ​ចេះ​ស្រាវជ្រាវ និង​តាមដាន​ព័ត៌មាន​អប់រំ​តាម​គេហទំព័រ​របស់​ស្ថានទូត​អាមេរិក និង​គេហទំព័រ​អាហារូបករណ៍​នានា​ដោយផ្ទាល់ ដើម្បី​ស្វែងរក​ឱកាស​ទៅ​សិក្សា​នៅ​អាមេរិក​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សិស្ស​និស្សិត​អាច​ប្រឹក្សា​យោបល់​អប់រំ​នៅ​មជ្ឈមណ្ឌល​អប់រំ​អាមេរិក​( Education USA) ដែលមាន​ទីតាំងនៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ឬ​ទំនាក់ទំនង​តាមរយៈទូរ​សព្ទ​លេខ ០១០៥០២១២១ ឬ​អ៊ី​ម៉ែ​ល [email protected]

Tag:
 ម៉ៅ កូ​ឡាប​
  អាមេរិក​
  អាហារូបករណ៍​
  Education USA
© រក្សាសិទ្ធិដោយ thmeythmey.com