ជាតិ
សង្គមជាតិ
ចៅក្រម​ស៊ើបសួរមិនទាន់​ឆ្លើយតប​នឹង​មេធាវីថា​ ដោះលែង​លោក គឹម សុខ ឬ​មិន​ដោះលែង​
03, Mar 2017 , 1:26 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មេធាវី មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​សំណាក់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅឡើយ​ទេ ថា​គួរ​ដោះលែង​ឬ​មិន​ដោះលែង លោក គឺ​ម សុខ ឲ្យ​នៅក្រៅ​ឃុំ​។ លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​ត្រូវបាន​ប្តឹង​ដោយ​សម្តេច ហ៊ុន សែន បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ប្រហែលជា​កន្លះ​ខែ​មកហើយ​។



​រហូតមកដល់​ពេលនេះ មាន​រយៈពេល​មួយ​សប្តាហ៍​ហើយ ដែល​លោក​មេធាវី ជូ​ង ជូ​ងី បានដាក់​លិខិត​ទៅកាន់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារតែ​បណ្តឹង​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ ប៉ុន្តែ ចៅក្រម​ស៊ើបសួរ មិនទាន់​ឆ្លើយតប​នឹង​លោក ជូ​ង ជួ​ងី ថា​ដោះលែង​លោក គឹម សុខ ឬ​យ៉ាងណា​នោះទេ​។

​លោក ជូ​ង ជូ​ងី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រោយ​ទ​ទួ​បាល​លិខិត​ពី​មេធាវី ដែល​សុំ​ឲ្យ​កូនក្តី​នៅក្រៅ​ឃុំ​រួចហើយ ចៅក្រម​ស៊ើបសួរ  មាន​រយៈពេល​ប្រាំ​ថ្ងៃ ដើម្បី​សម្រេច​ថា ដោះលែង ឬមួយ​ក៏​បន្ត​ឃុំខ្លួន​។ លោក បន្តថា ការព្រងើយកន្តើយ​រប​ស់​ចៅក្រម​ស៊ើបសួរ​បែបនេះ គឺ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កូនក្តី​របស់លោក​។

​លោក​មេធាវី​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការមិន​ឆ្លើយតប​អ៊ីចឹង បញ្ជាក់ថា​ចៅក្រម​ស៊ើបសួរ បំពេញការងារ​របស់​ខ្លួន​មិនបាន​ល្អ​។ ហើយ​យើង​អាចមាន​សិទ្ធិ​ប្តឹងទៅ​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍ ដើម្បី​ដោះស្រាយ​រឿងនេះ​»​។

​លោក គឹម សុខ ដែលជា​អ្នកវិភាគ​នយោបាយ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​បទ​ចោទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។ ការឃុំខ្លួន​លោក គឹម សុខ គឺធ្វើឡើង​បន្ទាប់ពី​សម្តេច ហ៊ុន សែន ពឹងពាក់​មេធាវី ឲ្យ​ដាក់​បណ្តឹង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​លោក គី តិច ដែលជា​មេធាវី​របស់​សម្តេច ហ៊ុន សែន ធ្លាប់​បញ្ជាក់ថា ការដាក់​បណ្តឹង​ទៅកាន់​តុលាការ គឺ​ដោយសារតែ​លោក គឹម សុខ ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ថា​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ ក្នុង​បណ្តឹង​នេះ សម្តេច ហ៊ុន សែន សុំ​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ រហូតដល់​ទៅ កន្លះ​លាន​ដុល្លារ ឯណោះ​។​

​លោក គឹម សុខ នៅជាប់​បណ្តឹង​របស់​ស​ម្តេច ហ៊ុន សែន មួយ​ផ្សេងទៀត​។ ការរង​បណ្តឹង​លើក​ទី​ពីរ​នេះ គឺ​ដោយសារតែ​លោក គឹម សុខ និយាយថា ប្រព័ន្ធ​មួយ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន មានការ​សម្លាប់​មនុស្ស ហើយ​រកមុខ​ឃាតក​មិនឃើញ​។ ក្នុង​បណ្តឹង​នេះ សម្តេច ហ៊ុន សែន សុំ​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ តែ ២៥០០​ដុល្លារ ប៉ុណ្ណោះ​៕



Tag:
 ​ជូ​ង ជូ​ងី​
  គឹម សុខ​
  ហ៊ុន សែន​
  សុំ​ឲ្យ​ដោះលែង
© រក្សាសិទ្ធិដោយ thmeythmey.com