ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ហាម​អ្នកសិល្បៈលួច​ចម្លង​ស្នាដៃ​​បរទេស​
03, Mar 2017 , 11:20 pm        
រូបភាព
ដោយ:

ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហាម​សិល្បករ​សិល្បការិនី​ខ្មែរ​ទាំងអស់​លួច​ចម្លង​ស្នាដៃ​សិល្ប៍​របស់បរទេស ដោយ​សម្តេច​បាន​ជំរុញ​ពួកគេ​ត្រូវតែ​ព្យាយាម​រិះគិត​បង្កើត​ស្នាដៃ​ថ្មី ដែលបង្ហាញ​ពី​អត្តសញ្ញាណខ្មែរ​ដល់​អ្នកទស្សនា​ជាតិ និង​អន្តរជាតិ ដើម្បីលើក​​កម្ពស់​​​​អត្តសញ្ញាណ​​ខ្មែរ​។​



​ថ្លែង​ក្នុងទិវា​​​វប្បធម៌​ជាតិ​លើក​ទី​១៩ នៅ​ថ្ងៃទី​៣ ខែមីនា​នេះ សម្តេច ហ៊ុន សែន បាន​ក្រើនរម្លឹក​អ្នកសិល្ប៍​ខ្មែរ ត្រូវ​ជៀសវាង​ការ​​លួចចម្លង​​​​ពី​បរទេស​​​ទាំងស្រុង ដើម្បី​បម្រើ​ផល​ប្រយោជន៍​​​ពួកគេ​។ ត្រង់ចំណុច​នេះ សម្តេច​បានពន្យល់​ពី​ផលប៉ះពាល់​នៃការលួចចម្លង​ស្នាដៃ​សិល្ប៍​បរទេស​ថា វា​មិន​ត្រឹម​នាំ​ឲ្យ​អាប់​ឱនកេរ្តិ៍ឈ្មោះ​ខ្មែរ​នោះទេ ពួកគេ​ថែមទាំង​ប្រឈម​នឹង​ច្បាប់​កម្មសិទ្ធិបញ្ញា​ទៀតផង ប្រសិនបើ​ម្ចាស់​ស្នាដៃ​ដើម​ប្តឹង​ពួកគេ​។​

​បន្ថែម​លើសពីនេះ សម្តេច​បាន​បន្ត​ក្រើនរម្លឹក​បញ្ជាក់ទៀតថា ខ្មែរ​ជា​ពូជ​អ្នក​កសាង និង​អ្នក​ច្នៃប្រឌិត​បង្កើត​ថ្មី​ដែលមាន​រចនាប័ទ្ម​ថ្មី​របស់​ខ្មែរ ហេតុនេះ​ពួកគេ​ត្រូវតែ​បន្ត​បណ្តុះ​ពូជ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​ឡើង ស្របពេល​សិល្ប៍​កំពុង​វិវត្តន៍​ក្នុងសម័យ​សកលភាវូបនីយ៍កម្ម បច្ចុប្បន្ននេះ​។​

«​យើង​ត្រូវមាន​អ្វីដែល​បញ្ជាក់​អត្តសញ្ញាណ​ខ្មែរ​មួយ នៅក្នុង​ក្រុម​រាំ​សិល្បករ​សិល្បការិនី​ដែល​ចេញទៅ​សម្តែង នៅតាម​បណ្តា​ស្ថានីយ៍ទូរទស្សន៍​នានា ឬ​តាម​បណ្តា​ខេត្ត ឬក៏​តាម​កន្លែង​នានា​»​។ សម្តេច បាន​លើក​ករណី​ក្រុម​រាំ​ប្រាប់​ក្រុមសិល្បករ​សិល្បការិនី​ដែលមានវត្តមាន​ក្នុង​ពិធី​នា​សាលសន្និសីទ​ចតុមុខ៕



Tag:
 ហ៊ុន សែន​
  វប្បធម៌​
  សិល្ប៍
© រក្សាសិទ្ធិដោយ thmeythmey.com