អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សភា​អឺរ៉ុប​ទាមទារ​បញ្ចប់​ការ​«​អនុគ្រោះ​ទិដ្ឋាការ​»​សម្រាប់​ប្រជាជន​អាមេរិក
04, Mar 2017 , 12:57 pm        
រូបភាព
 
​សភា​អឺរ៉ុប​អនុម័ត​ដំណោះស្រាយ​គ្មាន​អនុភាព​គតិយុត្តិ​មួយ​ដោយ​ស្នើ​ឲ្យ​មានការ​បញ្ចប់​«​គោលការណ៍​អនុគ្រោះ​ទិដ្ឋាការ​»​សម្រាប់​ប្រជាជន​អាមេរិក​ដែល​ធ្វើដំណើរ​មក​សហភាព​អឺរ៉ុប​។ ការសម្រេច​បែបនេះ​ជាការ​ឆ្លើយតប​នឹង​ជំហរ​របស់ រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដែល​រឹងទទឹង​មិន​ព្រម​លើកលែង​ទិដ្ឋាការ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​អឺរ៉ុប​ចំនួន ប្រាំ​នោះ​។​

 
​ការអនុគ្រោះ​ទិដ្ឋាការ​សម្រាប់​ប្រជាជន​អាមេរិក ប្រហែលជា​លែងមានទៀតហើយ​នៅ​តំបន់​អឺរ៉ុប​។ នេះ​បើ​ផ្អែកលើ​និន្នាការ​របស់​បណ្តា​ប្រទេស​អឺរ៉ុប​បច្ចុប្បន្ន ដែល​កំពុង​ទាមទារ​បញ្ចប់​គោលការណ៍​នេះ ដោយសារតែ​គេ​មិន​ពេញចិត្ត​ចំពោះ​រដ្ឋបាល​អាមេរិក​ដែល​មិន​ព្រម​លើកលែង​ទិដ្ឋាការ​សម្រាប់​ប្រទេស​អឺរ៉ុប​មួយចំនួន​តាម​ការស្នើសុំ​របស់ខ្លួន​នោះ​។​
 
​នា​ថ្ងៃ​ព្រហស្បតិ៍​ទី ២ មីនា សភា​អឺរ៉ុប​បានអនុម័ត​ដំណោះស្រាយ​មួយ​ជា​ឯកច្ឆន្ទ​ដើម្បី​ទាមទារ  ឲ្យ​មានការ​បញ្ចប់​ការលើកលែង​ទិដ្ឋាការ​ធ្វើដំណើរ​សម្រាប់​ប្រជាជន​អាមេរិក​នៅក្នុង​តំបន់​អឺរ៉ុប​។​
​បើតាម​តំណាងរាស្ត្រ​អឺរ៉ុប ដំណោះស្រាយ​ដែល​គ្មាន​អនុភាព​គតិយុត្តិ​នោះ​ជា​ជំហាន​មួយ​ដែល​អឺរ៉ុប​ត្រូវធ្វើ​បង្ហាញ​ពី​អារម្មណ៍​មិន​ពេញចិត្ត​ចំពោះ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដែល​មិន​ព្រម​អនុគ្រោះ​ទិដ្ឋាការ​ដល់​ប្រទេស​សមាជិក​ចំនួន​៥​នោះ​។​
 
​យោងតាម​សារព័ត៌មាន​អាមេរិក The New York Times សមាជិក​ភា​អឺរ៉ុប​បាន​បញ្ជាក់ថា ការ​រឹតបន្តឹង​ការធ្វើដំណើរ​សម្រាប់​ប្រជាជន​អាមេរិក​នឹងមិន​ត្រូវអនុវត្ត​ឡើយ បើសិនជា​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ សម្រេច​លើកលែង​ទិដ្ឋាការ​ដល់​ប្រជាជន​ប៊ុល​ការី​, ក្រូ​អាត​, ស៊ី​ប​,​ប៉ូឡូញ និង​រ៉ូ​ម៉ា​នី​នោះ​។​
 
​ពាក់ព័ន្ធ​បញ្ហា​នេះ តំណាងរាស្ត្រ​អង់់គ្លេស​ប្រចាំ​គណៈកម្មាធិការ​ទទួលបន្ទុក​សិទ្ធិ​ស៊ីវិល​, យុត្តិធម៌ និង​កិច្ចការ​ផ្ទៃក្នុង​នៃ​សភា​អឺរ៉ុប លោក Claude Moraes បាន​អះអាងថា ការសម្រេច​របស់​សភា​អឺរ៉ុប​ជាការ​តវ៉ា​មួយ​ដើម្បី​ទាមទារ​សិទ្ធិ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ប្រាំ​ខាងលើ​។ នេះ​ក៏ដោយ​សារ អ្វីដែល​អាមេរិក​ធ្វើ​មិន​ខុសពី​ការរើសអើង​វណ្ណៈ​ឡើយ​។​
 
​លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖« អ្នក​កំពុងនិយាយ​ពី​ប្រជាជន​មកពី​ប្រទេស​នានា​ដូចជា​ប៉ូឡូញ​ដែលមាន​ប្រជាជន​រស់នៅ​សហរដ្ឋអាមេរិក​ច្រើន​។​អ្នក​ប្រហែលជា​ឃើញ​ពី​ការលំបាក​និង​ការខឹង​សម្បារ ដោយសារ​វា​គ្មាន​ពេលវេលា​ច្បាស់លាស់​សម្រាប់​ការដោះស្រាយ​បញ្ហា​ទិដ្ឋាការ​នេះ​។ វា​ក្លាយជា​ស្ថានភាព​ដូចជា​គេ​ចាត់ទុក​ប្រជាជន​ទាំងនោះ​នៅក្នុង​វណ្ណៈ​ដោយឡែក​»​។​
 
​តាមពិតទៅ ដូច​បានបញ្ជាក់​ខាងដើម​ស្រាប់ សេចក្តីសម្រេច​របស់​ស​ភា​អឺរ៉ុប​មិនមាន​អនុភាព​ផ្លូវច្បាប់​ឡើយ​។ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា វា​មាន​ទម្ងន់​នយោបាយ​ច្រើនជាង​។ វា​ជា​សារ​មួយ​សម្រាប់​សហរដ្ឋអាមេរិក​ផង ហើយ​វា​ក៏​ជា​សម្ពាធ​មួយ​សម្រាប់​គណៈកម្មការ​អឹ​រ៉ុ​ប​ផងដែ​លវា​មានអំណាច​ប្រតិបត្តិ​ក្នុងការ​តតាំង​ជាមួយ​រដ្ឋបាល​លោក ត្រាំ​៕
 

Tag:
 សភា​អឺរ៉ុប​
  ដូ​ណា​ល់ ត្រាំ​
  Claude Moraes
© រក្សាសិទ្ធិដោយ thmeythmey.com