អន្តរជាតិ
នយោបាយអន្តរជាតិ
មេទ័ពណាតូ៖ រុស្ស៊ីលូកដៃចូលក្នុងការបោះឆ្នោតអាមេរិក អាចចាត់ទុកជាការប្រកាសសង្គ្រាម
×
មេបញ្ជាការជាន់ខ្ពស់សម្ព័ន្ធយោធាណាតូ ឧត្តមសេនីយ៍ Adrian Bradshaw បានផ្ញើសារព្រមានទៅឲ្យរុស្ស៊ី ដែលកំពុងក្លាយជាផ្ទាំងស៊ីបនៃការចោទប្រកាន់ថាបានលូកដៃចូលកិច្ចការបោះឆ្នោតនៅអាមេរិកក្នុងឆ្នាំ២០១៦ ។ មេបញ្ជាការរូបនេះ បានគំរាមថា សកម្មភាពកកកូរកកាយផ្ទៃក្នុងអាមេរិក អាចត្រូវបានចាត់ទុកជាការប្រកាសសង្គ្រាមបាន ព្រោះការវាយប្រហារលើអាមេរិក ក៏ជាការវាយប្រហារលើណាតូ ដែលអាចត្រូវបានឆ្លើយតបដោយយោធាមិនខានឡើយ។
រឿងរ៉ាវការចោទប្រកាន់លើរុស្ស៊ីថាបានលូកលាន់កិច្ចការបោះឆ្នោតអាមេរិក នៅមិនទាន់ចប់នៅឡើយទេ ដោយអ្នកនយោបាយនៅអាមេរិកឯណោះ កំពុងស្វះស្វែងរកមធ្យោបាយដើម្បីឈានដល់ការបើកការស៊ើបអង្កេតមួយលើរឿងនេះ។ ចំណែកសម្ព័ន្ធយោធាណាតូវិញ ក៏មិននៅស្ងៀមដែរ ដោយបាននិយាយជាចំហថា ការលូកដៃរបស់រុស្ស៊ី អាចជាសកម្មភាពប្រកាសសង្គ្រាមបាន និងព្រមានលទ្ធភាពនៃការប្រើប្រាស់កងទ័ពទៀតផង។
មេបញ្ជាការរងកងកម្លាំងសម្ព័ន្ធមិត្តប្រចាំអឺរ៉ុប លោកឧត្តមសេនីយ៍ Adrian Bradshaw និយាយថា យុទ្ធនាការផ្សាយព័ត៌មានមិនពិតពេញពិភពលោកពីសំណាក់ទីភ្នាក់ងារព័ត៌មានដូចជា Sputnik News និង Russia Today អាចត្រូវចាត់បញ្ចូលក្នុងនិយមន័យសង្គ្រាមរបស់ណាតូបាន។ លោកឧត្តមសេនីយ៍និយាយបែបនេះ ក្នុងកិច្ចសម្ភាជាមួយសារព័ត៌មាន The Times ដែលចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី៤ ខែមិនា។
បើយោងតាមសន្ធិសញ្ញាណាតូ ការវាយប្រហារលើសមាជិកមួយ ឬច្រើនរបស់ណាតូ គឺជាការវាយប្រហារលើសម្ព័ន្ធយោធានេះទាំងមូល ដែលសមាជិកទាំងអស់ ត្រូវចាត់វិធានការចាំបាច់ដើម្បីការពារគ្នាទៅវិញទៅមក។ ជាមួយនឹងការអភិវឌ្ឍកាន់តែជឿនលឿននៃបច្ចេកវិទ្យានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការវាយប្រហារតាមប្រព័ន្ធអនឡាញ ឬផ្កាយរណប ក៏ត្រូវបានណាតូរួមបញ្ចូលជាប្រភេទនៃការធ្វើសង្គ្រាមដូចការធ្វើសង្គ្រាមផ្លូវគោក អាកាស និងជើងទឹកដែរ។
មេបញ្ជាការជនជាតិអង់គ្លេសដដែលនេះ បញ្ជាក់ថា វាជារឿងពិបាកណាស់ដែលសង្គ្រាមថ្ងៃអនាគតមិនរួមបញ្ចូលសង្គ្រាមអនឡាញនោះ។ ដោយសារការវិវត្តបែបនេះ លោកឧត្តមសេនីយ៍ Bradshaw ក៏បន្ថែមថា ណាតូ ចាំបាច់បង្វែរការចាប់អារម្មណ៍របស់ខ្លួន សំដៅរកទីតាំងដែលមានសកម្មភាពគំរាមកំហែងដើម្បីការពារខ្លួន។
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ Bradshaw ធ្វើឡើងចំពេលដែលស្ថានការណ៍នយោបាយរបស់អាមេរិក កំពុងញាំញីដោយរឿងអាស្រូវទាក់ទងការបោះឆ្នោតឆ្នាំ២០១៦ ។ មន្ត្រីជាន់ខ្ពស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ជាច្រើននាក់ កំពុងរកការចោទប្រកាន់ថាបានលួចទាក់ទងជាមួយមន្ត្រីរុស្ស៊ី។ លោក Michael Flynn អស់តំណែជាទីប្រឹក្សាសន្តិសុខជាតិ ដោយសាររឿងនេះ ហើយថ្មីៗនេះ រដ្ឋមន្ត្រីយុត្តិធម៌ និងកូនប្រសារលោក ត្រាំ ផ្ទាល់ ក៏មានឈ្មោះជាប់ពាក់ព័ន្ធនឹងរុស្ស៊ីដែរ៕
Tag:
NATO
រុស្ស៊ី
អាមេរិក
Adrian Bradshaw
© រក្សាសិទ្ធិដោយ thmeythmey.com