អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ភាគី​ជម្លោះ​ស៊ី​រី​ឯកភាពគ្នា​ដាក់​«​ការប្រឆាំង​ភេរវកម្ម​»​ក្នុង​របៀបវារៈ​កិច្ចចរចា​ជុំ​បន្ទាប់​ចុងខែ​មីនា​
04, Mar 2017 , 3:27 pm        
រូបភាព
 
 
​ក្រោយ​ការចរចា​អស់​ពេល​ជាច្រើន​ថ្ងៃ​នៅ​ទីក្រុង​ហ្សឺ​ណែវ សន្ធាន​ការី​តំណាង​ឲ្យ​អង្គការ​សហ ប្រជាជាតិ​លោក Staffan de Mistara បាន​ចេញមុខ​ប្រកាសថា គូភាគី​ជម្លោះ​ស៊ី​រី​បាន​ឯកភាពគ្នា​លើ​របៀបវារៈ​សម្រាប់​ការចរចា​ជុំ​បន្ទាប់​ចុងខែ​មីនា​នេះហើយ​។ ក្រុម​ឧទ្ទាម​ដែល​ទាមទារ​ចង់បាន​ដំណោះស្រាយ​នយោបាយ​ឆាប់ៗ​នោះ ចុងក្រោយ​ព្រម​ទទួលយក​របៀបវារៈ​ដ៏​ចម្រូងចម្រាស «​ប្រឆាំង​ភេរវកម្ម​»​ដែល​ក្រុង​ដា​ម៉ាស​បានស្នើ​ឡើងមក​ដែរ​។​

 
​សញ្ញា​វិជ្ជមាន​ផ្សេងទៀត​លេច​រូបរាង​ឡើង​ក្រោយ​ការចរចា​មិនផ្ទាល់​រវាង​ភាគី​ជម្លោះ​ស៊ី​រី​បន្ត​ធ្វើឡើង​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​នាទី​ក្រុង​ហ្សឺ​ណែវ​។ សញ្ញា​វិជ្ជមាន​នោះ​គឺ​ក្រុមប្រឆាំង​និង​តំណាង​រដ្ឋាភិបាល​ឯកភាពគ្នា​ទទួលយករ​បៀ​ប​វារៈ​បួន​ធំ​សម្រាប់​ការចរចា​នៅពេល​ខាងមុខ​ទៀត​។​
 
​បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​លោក Staffan de Mistara ដែលមាន​ភារៈកិច្ច​ជា​សន្ធាន​ការី​ក្នុង​ដំណើរការ​នៃ​ការចរចា​គ្នា​នេះ បានប្រកាស​ប្រាប់​អ្នកសារព័ត៌មាន​ដោយមាន​ទំនុកចិត្ត​ថា ក្រុមប្រឆាំង​និង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​បាន​ស្រុះស្រួល​គ្នា​បន្ត​ការចរចា​នៅ​ជុំ​បន្ទាប់​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ចុងខែ​មីនា​ខាងមុខ​។ ហើយ​ក្រុមប្រឆាំង​ព្រម​ទទួលយក​សំណើ​រដាក់​«​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​»​ក្នុង​របៀបវារៈ​តាម​សំណើរ​របស់​រដ្ឋាភិបាល​។​
 
​អ្នកការទូត​វ័យ​ចំណាស់​រូបនេះ​បាន​សង្កត់ធ្ងន់ថា គ្រប់យ៉ាង​រួចរាល់​ហើយ ហើយ​របៀបវារៈ​ក៏មាន​ច្បាស់​ដែរ​សម្រាប់​ការជជែក​និង​ដោះស្រាយ​។ ដូច្នេះ​វា​មានន័យថា វា​ត្រូវការ​តែ​ឆន្ទៈ​របស់​ភាគី​ជម្លោះ​ប៉ុណ្ណោះ​។​
 
​លោក​ត្រូវបាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖« រថភ្លើង​យើង​ត្រៀម​ហើយ​។​វា​កំពុង​ស្ថិតនៅ​ស្ថានីយ៍​រថភ្លើង ហើយ​វា​កំពុង​កម្តៅ​ម៉ាស៊ីន​។ គ្រប់យ៉ាង​វា​រួចរាល់​អស់ហើយ ហើយ​វា​ត្រូវការ​តែ​ល្បឿន​ប៉ុណ្ណោះ​។ ខ្ញុំ​ជឿជាក់ថា យើង​មាន​របៀបវារៈ​ច្បាស់លាស់​ពេលនេះ ហើយ​យើង​បាន​ជជែក​គ្នា​ហើយពី​នីតិវិធី និង​ចំណុច​ស្នូល​នៃ​បញ្ហា​ផង​»​។​
 
​ក្នុង​ការចរចា​ប៉ុន្មាន​ថ្ងៃ​មកនេះ ភាគី​ជម្លោះ​មិនបាន​ជជែក​ដល់​រឿង​ធំដុំ​អ្វី​ឡើយ​។ ផ្ទុយទៅវិញ​គេ​នាំគ្នា​ប្រឹង​សម្រួល​ឲ្យ​មានការ​កំណត់​យក​របៀប​វារៈ​ច្បាស់លាស់​សម្រាប់​ការចរចា​ជុំ​ក្រោយ​ដែល​ប្រធានបទ​ស្នូល​គឹ ស្វែងរក​ដំណោះស្រាយ​នយោបាយ​នោះ​។ ក្រុមប្រឆាំង​ទារ​ឲ្យ លោក បា​សា អាល់​អាសាដ ផ្ទេរតំណែង ដោយ​សម្អាង​លើ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​តម្រូវ​ឲ្យ​មានការ​បង្កើត​សម័យ​អន្តរកាល​នយោបាយ​នៅ​ស៊ី​រី​នោះ​។ ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​ទាមទារ​ឲ្យ​ជជែក​រឿង​ប្រឆាំង​ភេរវកម្ម​សិន​មុន​ឈានទៅ​និយាយ​រឿង​បង្កើត​សម័យ​អន្តរកាល​នយោបាយ​។​
 
​យោងតាម​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លេខ ២២៥៤ មានកំណត់​ច្បាស់​ពី​ការបង្កើត​សម័យ​អន្តរកាល​នយោបាយ ហើយ​ចំណុច​ស្នូល​បី​ដែល​គេ​ត្រូវ​យកចិត្តទុកដាក់​មាន បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​, ការរៀបចំ​ការបោះឆ្នោត​មួយ​ដែល​ត្រឹមត្រូវ​និង​មាន​តម្លាភាព​ដោយ​ស្ថិតក្រោម​ការជួយជ្រោមជ្រែង​ពី​អង្គការសហប្រជាជាតិ និង​បង្កើត​អភិបាលកិច្ច​មួយ​ដែលមាន​គណនេយ្យភាព​ខ្ពស់​។ ដូច្នេះ បើ​បន្ថែម​ការប្រឆាំង​ភេរវកម្ម​មួយទៀត ចំណុច​សម្រាប់​ជជែក​គ្នា​ជុំ​បន្ទាប់​នឹង​ឡើងដល់​បួន​។ 
 
​ដោយឡែក ថ្វីបើ​សញ្ញា​វិជ្ជមាន​លេចចេញ​ឡើង​ដោយ​ភាគី​កំណត់​បាន​របៀបវារៈ​ច្បាស់លាស់​និង​អាច​ទទួលយកបាន​ដោយ​ភាគី​ទាំងសងខាង​ក្តី មកដល់ពេលនេះ​ភាគី​មិនទាន់​ជួបចរចា​គ្នា​ដោយផ្ទាល់​ឡើយ​។ ពួកគេ​ពឹង​លើ​សន្ធាន​ការី Staffan de Mistura ប៉ុណ្ណោះ​ដើម្បី​ជួយ​នាំសារ​ពួកគេ​ទៅវិញទៅមក​។ ហេតុនេះហើយ បើសិន​កិច្ចពិភាក្សា​នាពេលខាងមុខ ភាគី​អាច​ជួប​ជជែក​តទល់​គ្នា វា​នឹងធ្វើ​ឲ្យ​បរិយាកាស​នៃ​ការចរចា​ផ្លាស់ប្តូរ​ច្រើន​។​
 
​សូមបញ្ជាក់​បន្តិច​ថា សង្គ្រាម​ស៊ី​រី​ចាប់​ផ្តើមឡើង​នៅ​ខែមីនា​ឆ្នាំ ២០១១ ហើយ​មកទល់​ពេល​បច្ចុប្បន្ននេះ​សង្គ្រាម​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស ប្រហែល ៣១​ម៉ឺន​នាក់ និង​ធ្វើ​ឲ្យ​ប្រជាជន​រាប់លាន​នាក់​ផ្សេងទៀត​បាត់បង់​ជម្រក​និង​ត្រូវ​រត់​ភៀសខ្លួន​។ គេ​រំពឹងថា សង្គ្រាម​នេះ​នឹង​ឈានដល់​ទីបញ្ចប់ មុននឹង​វា​ឈានដល់​អាយុ ៧​ឆ្នាំ​៕
 
 
 
 
 

Tag:
 Staffan de Mistara
  ស៊ី​រី​
  កិច្ចចរចា​ក្រុង​ហ្សឺ​ណែវ​
© រក្សាសិទ្ធិដោយ thmeythmey.com