អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​បន្ថយ​កំណើន​ថវិកា​យោធា​ប្រចាំឆ្នាំ ខណៈ​អាមេរិក​ប្រឹង​បង្កើន​កាន់តែច្រើន
04, Mar 2017 , 8:39 pm        
រូបភាព
 
 
​រដ្ឋាភិបាល​ចិន បានប្រកាស​នៅ​ថ្ងៃទី​៤ ខែមីនា​នេះ​ថា វិស័យ​យោធា​នឹង​បង្កើន​ការចំណាយ​ប្រចាំឆ្នាំ​នៅត្រឹម​កម្រិត​៧ ភាគរយ ធៀប​នឹង​ឆ្នាំ​ចាស់​ដែលមាន​កម្រិត​៧.៦​ភាគរយ​។ ការបន្ថយ​កំណើន​ថវិកា​ចំណាយ​សម្រាប់​យោធា​ប្រចាំឆ្នាំ ធ្វើឡើង​ចំពេល​ដែល​រដ្ឋបាល​អាមេរិក​ថ្មី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​បង្កើន​ការចំណាយ​យោធា​ប្រចាំឆ្នាំ ដើម្បី​ពង្រឹង​ឥទ្ធិពល​អាមេរិក​ឡើងវិញ​ដូចជា​ការកសាង​នាវា​ដឹក​យន្តហោះ​ថ្មី និង​ទិញ​យន្តហោះ​បន្ថែម​ជាដើម​។​

 
​បើទោះជា​មាន​សម្ពាធ​ច្រើន​ឲ្យ​បង្កើន​ការចំណាយ​សម្រាប់​យោធា​ក្ដី រដ្ឋាភិបាល​ចិន បាន​បន្ត​ទម្លាក់​កំណើន​ទំហំ​ទឹកប្រាក់​ចំណាយ​សម្រាប់​យោធា​។ ក្រុង​ប៉េកាំង បានសម្រេច​បង្កើន​ទំហំ​ទឹកប្រាក់​សម្រាប់​យោធា​តែ​៧ ភាគរយ​ប៉ុណ្ណោះ ដែលជា​ចំនួន​ទាប​បំផុត​ចាប់តាំងពី​ឆ្នាំ​២០១០ មក​នោះ​។ កាលពី​ឆ្នាំមុន ថវិកា​សម្រាប់​យោធា​ចិន​មាន​កំណើន​៧.៦​ភាគរយ ដែលជា​ឆ្នាំ​ទី​១ នៃ​ការថយចុះ​កំណើន​ចំណាយ​យោធា ដែល​ធ្លាប់មាន​យ៉ាងតិចណាស់​១០ ភាគរយ​ឬ​ខ្ពស់​ជាងនេះទៅទៀត​។ 
 
​មុន​ឆ្នាំ​២០១០ ក្រុង​ប៉េកាំង បាន​បង្កើន​ថវិកា​ចំណាយ​ប្រចាំឆ្នាំ​សម្រាប់​វិស័យ​ការពារជាតិ​ក្នុង​ទំហំ​ធំ ដើម្បី​ពង្រឹង​អានុភាព​យោធា​របស់ខ្លួន ប៉ុន្តែ​បែរជា​បន្ថយ​កំណើន​នា​រយៈពេល​ចុងក្រោយ​។ ជួន​គ្នា​នេះ រដ្ឋបាល​ថ្មី​អាមេរិក ក៏​ចាប់ផ្ដើម​បង្កើន​ចំណាយ​យោធា​កាន់តែច្រើន ដោយ​លោក ដូ​ណា​ល់ ត្រាំ ប្រកាស​ក្ដែ​ងៗ​ថា លោក​នឹងធ្វើ​ឲ្យ​អាមេរិក​ក្លាយជា​មហាអំណាច​ខ្លាំងក្លា​ជាងគេ​។ លោក ក៏​ប្រឹង​បង្កើន​ថវិកា​ការពារជាតិ​ប្រចាំឆ្នាំ​២០១៨ ឲ្យ​ដល់​១០ ភាគរយ​។​
 
​អ្វី​ជាការ​កត់សម្គាល់​នោះ ការកាត់បន្ថយ​កំណើន​នេះ ក៏​ធ្វើឡើង​ស្រប​ពេលដែល​ការប្រឈមមុខ​ជាមួយ​អាមេរិក​តានតឹង​ខ្លាំង ជាពិសេស​សកម្មភាព​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​កោះ​តៃវ៉ាន់​តែម្ដង​។ យោងតាម​ស្ថានភាព​នេះ ចិន គួរតែ​បង្កើន​ការចំណាយ​យោធា​របស់ខ្លួន ដើម្បី​ឆ្លើយតប​សកម្មភាព​អាមេរិក​។ ការបង្កើន​ចំណាយ​ឲ្យ​២ ខ្ទង់​ជា​រឿង​ចាំបាច់ បើ​ចិន​ចង់​ប្រជែង​ជាមួយ​អាមេរិក ដែលមាន​ទំហំ​ចំណាយ​លើ​វិស័យ​ការពារជាតិ​លើស​ចិន​ស្រាប់​ហើយ​នោះ​។   
 
​អ្នកនាំពាក្យ​សភា​ប្រជាជន​ចិន Fu Ying ដែលជា​អ្នក​ប្រកាស​ទំហំ​ទឹកប្រាក់​នេះ និយាយថា ការចំណាយ​សម្រាប់​យោធា នឹងមាន​ទំហំ​ស្មើ​១.៣​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (DGP) ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចំនួន​ពិតប្រាកដ​នៃ​ការចំណាយ​របស់​យោធា​ចិន នឹងត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​កិច្ចប្រជុំសភា​ប្រជាជន​ចិន ដែល​នឹង​បើក​នៅ​ថ្ងៃទី​៥ ខែ​មិនា ខាងមុខ​។ បណ្ដា​មេដឹកនាំ​ចិន​កំពូលៗ នឹងចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ​។  
 
​លើសពីនេះ ការកាត់បន្ថយ​ចំនួន​ទ័ព​ដល់​ទៅ​៣​សែន​នាក់ ដែល​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង ក៏​ទំនងជា​មូលហេតុ​ពីក្រោយ​នៃ​ការបន្ថយ​ចំណាយ​នេះដែរ បើទោះជា​ចិន​នៅតែ​ចិញ្ចឹមចិត្ត​ពង្រឹង​អានុភាព​យោធា​របស់ខ្លួន​ក្ដី​។ មួយវិញទៀត រដ្ឋាភិបាល​ចិន ក៏​ទំនងជា​រង់ចាំ​មើល​ស្ថានការណ៍​ថ្មី​អំឡុងពេល​រដ្ឋការ​លោក ត្រាំ ដែល​នៅ​មិនទាន់មាន​ជំហរ​ច្បាស់លាស់​លើ​នោ​យ​បាយ​អន្តរជាតិ​នៅឡើយ ខណៈ​លោក​បាន​បង្កើន​ចំណាយ​ផ្នែក​យោធា​ច្រើន​លើសលប់​ទៅហើយ​៕ 
 
     

Tag:
 ​ចិន​
  អាមេរិក​
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com