បទយកការណ៍ / បទសម្ភាសន៍
ជំនាញវិជ្ជាជីវៈ ជួយឲ្យយុវជនបោះបង់ការសិក្សាមួយចំនួនតូច គេចផុតពីចំណាកស្រុក
×
សៀមរាប៖ ជំនាញវិជ្ជាជីវៈ បានក្លាយជាជម្រើសថ្មី សម្រាប់យុវជនដែលបោះបង់ការសិក្សា។ ពួកគេ រំពឹងថាជំនាញវិជ្ជាជីវៈនេះ នឹងជួយផ្តល់ការងារ និងអាជីពត្រឹមត្រូវសម្រាប់ខ្លួនទៅថ្ងៃអនាគត។ ជំនាញវិជ្ជាជីវៈនេះ ក៏ធ្វើយុវជនមួយចំនួនរួចផុតពីការធ្វើចំណាកស្រុកដែរ។
វិទ្យាស្ថានពហុបច្ចេកទេសវិជ្ជាជីវៈភូមិភាគតេជោសែន ក្នុងខេត្តសៀមរាប កំពុងផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនផ្នែកដល់យុវជនដែលបោះបង់ចោលការសិក្សា។ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈទាំងនោះ មានដូចជាផ្នែកបដិសណ្ឋារកិច្ច ការបង្រៀនធ្វើម្ហូប អគ្គិសនី និងការកាត់ដេរសម្លៀកបំពាក់ជាដើម។
នៅក្នុងបន្ទប់កាត់ដេរទំហំធំល្មម ដែលមានសិស្ស ចំនួន១៧នាក់ កំពុងរៀនកាត់ដេរ មើលទៅហាក់មមាញឹកខ្លាំងណាស់។ សិស្សម្នាក់ៗ មិនទំនេរដៃឡើយ ដោយខ្លះកំពុងតែដេរអាវដែលពួកគេកាត់ជាពុម្ពរួច អ្នកខ្លះទៀតកំពុងគូសវាសដើម្បីកាត់ក្រណាត់ជារាងអាវ អ្នកខ្លះកំពុងអ៊ុតក្រណាត់ និងខ្លះកំពុងរុះអំបោះចេញពីអាវដែលពួកគេដេរខុសវិញ។
កញ្ញា សរ ចន្ទ្រា ដែលកំពុងដេរអាវ បានបញ្ជាក់ថានាងមករៀនជំនាញកាត់ដេរនៅទីនេះ រយៈពេល៤ខែហើយ។ មានវ័យ ១៨ឆ្នាំ សរ ចន្ទ្រា បានមករៀនជំនាញវិជ្ជាជីវៈផ្នែកកាត់ដេរ ព្រោះនាងយល់ថាអាចផ្តល់ជាប្រាក់ចំណូលសម្រាប់នាងទៅថ្ងៃអនាគត។ យុវតីដែលរៀនបានត្រឹមថ្នាក់ទី៧រូបនេះ ដេរអាវបណ្តើរ និយាយបណ្តើរទៀតថា៖«ខ្ញុំរៀនកាត់ដេរ ខ្ញុំសង្ឃឹមថាអាចរកប្រាក់បាន ព្រោះអាចប្រកបមុខរបរដោយខ្លួនឯង»។
ដូចគ្នាដែរ កញ្ញា តៅ ជៀន ក៏ជាយុវតីម្នាក់ដែលបោះបង់ចោលការសិក្សាកណ្តាលទី ហើយមករៀនកាត់ដេរ នៅទីនេះដែរ។ យុវតីរូបនេះវ័យ១៨ ឆ្នាំរូបនេះ បញ្ជាក់ថា ជំនាញកាត់ដេរនេះហាក់ពិបាកសម្រាប់នាង ប៉ុន្តែនាងមិនរាថយឡើយ ដោយប្តេជ្ញាថា ខ្លួននឹងខំប្រឹងរៀន ដើម្បីមានជំនាញពិតប្រាកដមួយ ដែលរកចំណូលទៅផ្គត់ផ្គង់ជីវភាពគ្រួសារដែលកំពុងយ៉ាប់យឺននោះ។
មិនមែនមានតែសិស្សស្រីទេ ដែលរៀនជំនាញកាត់ដេរសំលៀកបំពាក់ស្ត្រីនេះ យុវជន សល់ ឃុនដេត កំពុងរៀននៅផ្នែកកាត់ដេរសម្លៀកបំពាក់នេះដែរ។ យុវជន ឃុនដេត ដែលរៀនបានត្រឹមថ្នាក់ទី៦ បញ្ជាក់ថា រូបគេមករៀនជំនាញកាត់ដេរនេះ ព្រោះមានចំណេះជំនាញមួយ ដែលផ្តល់ចំណូលឲ្យគេផ្គត់ផ្គង់ជីវភាពរបស់គ្រួសារដែលខ្វះខាត ដោយមិនចាំបាច់ធ្វើចំណាកស្រុក។
យុវជនវ័យ១៦ឆ្នាំរូបនេះ បញ្ជាក់ដូច្នេះថា៖«ដោយសារជីវភាពក្រីក្រលំបាក ខ្ញុំបានឈប់រៀន។ ខ្ញុំចង់បានជំនាញផ្ទាល់ខ្លួន មួយ អត់ចង់ធ្វើចំណាកស្រុកទៅក្រៅប្រទេសទេ»។
អ្នកគ្រូ ថាប់ សុភក្រ័ ជាគ្រូបង្រៀនផ្នែកកាត់ដេរនេះ។ សម្រាប់អ្នកគ្រូ សុភ័ក្រ មើលទៅមិនហត់នឿយសោះឡើយ ទោះត្រូវគ្រប់គ្រងការរៀនរបស់សិស្សដល់ទៅ១៧នាក់ក្នុងពេល
តែមួយក៏ដោយ។ រៀនបណ្តើរ អនុវត្តន៍បណ្តើរ ធ្វើឲ្យសិស្សងាយចងចាំ ឆាប់ចេះចាប់បាន។ នេះជាការបញ្ជាក់របស់អ្នកគ្រូ សុភ័ក្រ។ ចេញពីបង្ហាត់បង្ហាញសិស្សម្នាក់ ទៅសិស្សម្នាក់ទៀតអ្នកគ្រូ សុភក្រ័ បញ្ជាក់ថាដូច្នេះថា៖« សិស្សទាំងអស់ មិនមានផលពិបាកឡើយ ព្រោះសិក្សាពីទ្រឹស្ដី និងការអនុវត្តផ្ទាល់តែម្ដង ជាពិសេស ការកាត់ក្រណាត់ សម្រាប់ដេរ សិស្សទាំងអស់ត្រូវប្រុងប្រយ័ត្ន ដើម្បីកុំឲ្យខុស»។
ធ្លាប់បណ្តុះបណ្តាលសិស្សជាច្រើននាក់ កាលពីវគ្គសិក្សាមុនៗឲ្យមានជំនាញកាត់ដេររួមមកហើយនោះ អ្នកគ្រូ ថាប់ សុភក្រ័ បានបង្ហាញសុដ្ឋិនិយមដែរថា សិស្សដែលមកទទួលការសិក្សាជំនាញវិជ្ជាជីវៈកាត់ដេរនេះ ពួកគេនឹងទទួលបានចំណេះដឹងពិតប្រាកដ និងអាចប្រកបរបរដោយខ្លួនឯងបានទៅថ្ងៃមុខ៕
Tag:
បទយកការណ៍
ជំនាញវិជ្ជាជីវៈ
កាត់ដេរ
© រក្សាសិទ្ធិដោយ thmeythmey.com