អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្ថានការណ៍​តំបន់​ក្តៅ ប្រមុខ​ការទូត​អាមេរិក​ថ្មី ត្រៀម​ទស្សនកិច្ច​ចិន​,​កូរ៉េខាងត្បូង​,​ជប៉ុន​
05, Mar 2017 , 7:39 pm        
រូបភាព
 
​ប្រមុខ​ការទូត​អាមេរិក​ថ្មី​លោក Rex Tillerson នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តំបន់​អាស៊ី​ចំនួន​បី មាន​ជប៉ុន​, កូរ៉េខាងត្បូង និង​ចិន​នៅក្នុង​ខែមីនា​នេះ​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក កើតឡើង​ស្រប​ពេលដែល​ស្ថានការណ៍​តំបន់​តានតឹង​ជាពិសេស​នៅ​ឧបទ្វីប​កូរ៉េ​តែម្តង​។​


​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo បាន​ផ្សព្វផ្សាយ​ថា រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson នឹង​អញ្ជើញ​មក​ទស្សន​ម​កិច្ច​នៅ​ជប៉ុន កូរ៉េខាងត្បូង​និង​ចិន នៅក្នុង​ខែ​មិនា​នេះ​។ ប្រធានបទ​សំខាន់​ដែល​មន្ត្រីការទូត​រូបនេះ​ត្រៀម​យកមក​ពិភាក្សា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គឺ កូរ៉េខាងជើង​។​
 
​វត្តមាន​របស់លោក Rex Tillerson នៅក្នុង​តំបន់​អាស៊ី​នឹង​កើតឡើង​ស្រប​ពេលដែល​ស្ថានការណ៍​តំបន់​តានតឹង​ខ្លាំង​។ ការប្រឈមមុខគ្នា​មួយ​ប្រ៉ា​វរ​វាង​ចិន​និង​អាមេរិក​ក្រោយ​លោក ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​ក៏ដូចជា​ករណី​ឃាតកម្ម​របស់លោក Kim Jong Nam ដែលជា​បងប្រុស​លោក គីម ជុង​អ៊ុន សុទ្ធតែជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ភាព​តានតឹង​កើនឡើង​។​
 
​យ៉ាងណាក៏ដោយ​ក្រសួងការបរទេស​អាមេរិក​មិនបាន​ទទួលស្គាល់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រីការបរទេស​ខ្លួន​ត្រូវ​ចាប់ផ្តើម​ឡើង​ក្នុង​ខែ​នេះឡើយ​។ អ្នកនាំពាក្យ​ក្រសួង​ការ​ទេស​អាមេរិក​បានបញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដូច្នេះ​៖« យើង​គ្មាន​ដំណើរ​ទស្សនកិច្ច​អ្វីដែល​ត្រូវ​ប្រកាស​ពេលនេះ​ឡើយ​»​។​
 
​ត្រឡប់មកវិញ​បើតាម​កាសែត​ជប៉ុន​នេះ លោក Rex Tillerson នឹង​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន​ចាប់ពី​ថ្ងៃ ១៧​ដល់​ថ្ងៃ ១៨ ខែមីនា ហើយ​លោក​ក៏​នឹង​ជួប​រដ្ឋមន្ត្រីការបរទេស Fumio Kishida ដែរ​។ គេ​រំពឹងថា ប្រមុខ​ការទូត​ប្រទេស​ទាំងពីរ​នឹង​ជជែក​គ្នា​ពី​ការរៀបចំ​កាលបរិច្ឆេទ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក ដូ​ណា​ល់ ត្រាំ មកកាន់​ប្រទេស​ជប៉ុន​ថែម​ទៀតផង​។​
 
​បន្ទាប់ពី​ជប៉ុន លោក Tillerson នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក​នោះ​។ លោក​អាច​នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង Yun Byung Se ដោយ​ផ្តោតលើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ក៏ដូចជា​ការស្លាប់​រប​ស់លោក Kim Jong Nam ដែរ​។ ការធ្វើឃាត​លោក Kim Jong Nam  នៅ​ម៉ាឡេស៊ី​នេះ ត្រូវបាន​គេ​ចោទប្រកាន់​ពេញទំហឹង​លើ​របប​ដឹកនាំ​របស់លោក គីម ជុង​អ៊ុន​តែម្តង​។​
 
​ចុងក្រោយ​ប្រមុខ​ការទូត​អាមេរិក​រូបនេះ នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ចិន​។ គេ​រំពឹងថា វត្តមាន​រដ្ឋមន្ត្រី​អាមេរិក​នៅ​ចិន​នឹង​ផ្តល់​ផ្លែផ្កា​ច្រើន​សម្រាប់​ការពង្រឹង​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​ឡើងវិញ ក្រោយ​ល្អក់កករ​មួយសន្ទុះ​ធំ​បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ និយាយ​ទូ​សព្ទ​ជាមួយ​មេដឹកនាំ​តៃវ៉ាន់ និង​គំរាម​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​ចិន​។ 
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក Tillerson នឹង​ជួប​ជាមួយ​សម​ភាគី​ចិន​លោក Wang Yi ។ ហើយ​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​បញ្ជាក់ថា លោក​អាច​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង​ថែម​ទៀតផង ព្រោះ​ភាគី​អាមេរិក​និង​ចិន​កំពុងស្ថិត​ក្នុងការ​ពិភាក្សា​គ្នា​នៅឡើយ​ដើម្បី​រៀបចំ​ជំនួប​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក ស៊ី ជិន​ពីង​នោះ​។ ជំនួប​នេះ​អាច​នឹងត្រូវ​រៀបចំឡើង​នៅ​ដើម​ខែមេសា​ខាងមុខនេះ​ផង​។​
 
​ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ លោក Tillerson ទំនងជា​លើកយក​បញ្ហា​ក្រុង​ព្យុងយ៉ាង​មក​ពិភាក្សា​ជាមួយ​សម​ភាគី​ចិន ព្រោះ​អាមេរិក​នៅតែ​ជឿជាក់ថា ចិន​មាន​ឥទ្ធិពល​និង​មាន​ទឹកមាត់ប្រៃ​ជាងគេ​ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នោះ​។​
 
​សូមបញ្ជាក់ថា កាលពី​ខែ​មុន លោក Tillerson និង​លោក Wang Yi ក៏​ធ្លាប់បាន​ជជែក​គ្នា​តាម​ទូរ​សព្ទ​ម្តង​ដែរ ហើយ​អ្នក​ទាំងពីរ​បានទទួល​ស្គាល់​ពីសារ​សំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​រវាង​អាមេរិក​និង​ចិន​នោះ​។ ហើយ​ទីប្រឹក្សា​រដ្ឋ​ចិន​លោក Yang Jiechi ក៏​ទើបតែ​បំពេញ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋអាមេរិក​កាលពី​ខែ​មុន​ដូចគ្នា ដោយ​លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ផងដែរ​៕
 
 
 

Tag:
 Rex Tillerson
  ដូ​ណា​ល់ ត្រាំ​
  ស៊ី​ជិន​ពីង​
  Yun Byung Se
  Wang Yi
  Fumio Kishida
© រក្សាសិទ្ធិដោយ thmeythmey.com