អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រទេសអាស៊ានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិកាយោធាដើម្បីរក្សាសន្តិសុខ
×
បណ្តាប្រទេសសមាជិកសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងប្រទេសជាដៃគូ ប្តេជ្ញាចិត្តថានឹងបន្តការពង្រឹងកិច្ចសហប្រតិបត្តិការយោធាបន្ថែមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការប្រកាសនេះធ្វើឡើងក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបួក (ADMM Plus) ដែលរៀបចំឡើងចាប់ពីថ្ងៃ ២ដល់ថ្ងៃ ៣មីនានៅហ្វីលីពីន។
ក្រោយបិទបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូក (ADMM Plus) ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសតាមសេចក្តីថ្លែងការណ៍មួយថា បណ្តាប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសជាដៃគូទាំងអស់បានឯកភាពគ្នាបន្តពង្រឹងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការយោធាបន្ថែមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។
សារព័ត៌មាន Sputnik ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ដូច្នេះ៖«ប្រតិភូទាំងអស់បានទទួលស្គាល់ពីប្រយោជន៍របស់ប្រទេសជាសមាជិកដែលត្រូវបានត្រូវមានការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងក្រុមការងារពាក់ព័ន្ធក្រោមក្របខណ្ឌរដ្ឋមន្ត្រីការពារជាតិបូក។ ការឯកភាពគ្នាបែបនេះក៏ដោយសារសមាជិកទាំងអស់យល់ឃើញថា វាជាការពង្រឹងសមត្ថភាពដើម្បីរក្សាសន្តិសុខ និង ស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលផង»។
ការកើនឡើងនូវបញ្ហាសន្តិសុខដូចជាបទឧក្រិដ្ឋឆ្លងដែន និងភេរវកម្ម បានក្លាយជាចំណុចស្នូលដែលសមាជិកអាស៊ាននិងប្រទេសជាដៃគូផ្តោតការយកចិត្តទុកដាក់។ ដូច្នេះហើយការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងផង និងដើម្បីពង្រឹងសមត្ថភាពដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខនេះ។
ក្រៅពីជជែកពិភាក្សាគ្នាពីការឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការយោធា ប្រទេសអាស៊ាន និងដៃគូក៏បានពិចារណាទទួលយកគម្រោង បង្កើតក្រុមការងារនៃកិច្ចប្រជុំមន្ត្រីការពារជាន់ខ្ពស់អាស៊ានសម្រាប់ឆ្នាំ ២០១៧ ដល់ ២០២០ថែមទៀតផង។
យោងតាមសេចក្តីថ្លែងការណ៍ដដែល ក្នុងវេទិកានៃកិច្ចប្រជុំនេះ រុស្សនិងឡាវ បានបង្ហាញពីផែនការក្នុងការរៀបចំសមយុទ្ធយោធារួមគ្នាមួយដោយផ្តោតលើការដោះមីន។ ហើយការហ្វឹកហ្វឺនផ្នែកយោធានេះនឹងត្រូវរៀបចំឡើងនៅក្នុងទឹកដីរុស្ស៊ី ហើយកាលបរិច្ឆេទនៃការរៀបចំអាចនឹងស្ថិតនៅឆ្នាំ ២០១៩ឯណោះ។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកត្រូវបានដាក់ចេញដំបូងបំផុតនៅឆ្នាំ ២០១០ ក្នុងកិច្ចប្រជុំនាទីក្រុងហាណូយប្រទេសវៀតណាម។ បណ្តារដ្ឋមន្ត្រីការពារជាតិទាំងអស់បានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន ៥ ក្រោមក្របខណ្ឌរដ្ឋមន្ត្រីការពារជាតិបូកនេះ។ វិស័យទាំងនោះមានដូចជា សន្តិសុខសមុទ្រ, ប្រឆាំងភេរវកម្ម, ផ្តល់ជំនួយមនុស្សធម៌និងសង្គ្រោះ, ប្រតិបត្តិការរក្សាសន្តិភាព, និងវេជ្ជសាស្ត្រយោធា៕
Tag:
ADMM Plus
រុស្ស៊ី
អាស៊ីប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com