សង្គមអន្តរជាតិ​
អន្តរជាតិ
ថៃ​៖ បុរស​គម្រក់​ម្នាក់​បោះបង់ចោល​គ្រួសារ​ភ្លាមៗ ក្រោយ​ដឹងថា​ប្រពន្ធ​មាន​ជំងឺមហារីក​
08, Mar 2017 , 9:00 am        
រូបភាព
Wiramon Inthaneth និងកូន​ស្រី ទទួល​បានការឧបត្ថម្ភពី Monk Bhin។ Photo: Exclusivepix Media)
Wiramon Inthaneth និងកូន​ស្រី ទទួល​បានការឧបត្ថម្ភពី Monk Bhin។ Photo: Exclusivepix Media)
ដោយ: ធីតា
ស្ត្រី​ថៃ​ម្នាក់ ទទួលបាន​មេរៀន​ដ៏​សែន​ឈឺចាប់​បំផុត​ក្នុង​ជីវិតទាំងផ្លូវកាយ ទាំង​ផ្លូវចិត្ត ដោយ​គាត់ និង​កូនស្រី ត្រូវបាន​ស្វាមី​បោះបង់ចោល បន្ទាប់ពី​បុរស​​​រូបនោះ ដឹងថា​អ្នកស្រី​មាន​ជំងឺមហារីក​សុដន់​ដំណាក់កាល​ចុងក្រោយ​។ នេះ​បើតាម​ការផ្សាយ​របស់ The Mirror​។​



​អ្នកស្រី Wiramon Inthaneth ជនជាតិ​ថៃ អាយុ​៣៦​ឆ្នាំ  ត្រូវបាន​ពិនិត្យឃើញថា មាន​ជំងឺមហារីក​សុដន់ ៦​ខែ​កន្លងមកហើយ​។ ជា​អកុសល Wiramon មិន​ទទួលបាន​ការលើកទឹកចិត្ត ឬ​ថែទាំ​ពិសេស​ពី​ស្វាមី​នោះឡើយ ដោយ​ស្វាមី​គម្រក់​រូបនោះ បាន​ដើរ​ចេញពី​គាត់ និង​កូនស្រី ដោយ​គ្មាន​ស្តាយស្រណោះ​។​

​ក្រោយមក Wiramon បាន​បង្ខំចិត្ត​ទៅ​រស់នៅ​ជាមួយ​ឪពុក​បង្កើត​របស់ខ្លួន ​ដែលជា​អ្នករត់​តាក់ស៊ី​ម្នាក់ និង​ជា​អ្នករ៉ាប់រង​រក​កម្រៃ​ព្យាបាល​ជំងឺ​របស់​នាង​។ ស្ថានភាព​ជំងឺ​ដែល​ស្ថិត​ដល់​ដំណាក់​ចុងក្រោយ​នេះ បានធ្វើ​ឲ្យ Wiramon មាន​ការឈឺ​ចុកចាប់​យ៉ាងខ្លាំង និង​ត្រូវ​ទៅពិនិត្យ​នៅ​ពេទ្យ​ជា​រៀងរាល់ថ្ងៃ​។​

​បច្ចុប្បន្ន ស្ត្រី​កម្សត់ ទទួលបាន​ការឧបត្ថម្ភ​ជាពិសេស​ផងដែរ​ ពី​លោក Bhin (​គេ​និយម​ហៅថា ព្រះ​តេជគុណ Bhin) ដែលជា​អតីត​តារា​សម្តែង និង​ជា​សប្បុរសជន​ដ៏​ល្បីឈ្មោះ​ម្នាក់​នៅ​ប្រទេស​ថៃ​។ លោក Bhin បានផ្តល់​ថវិកា និង​រៃអង្គាស​ថវិកា​ដើម្បី​ជួយ​ដល់ Wiramon​។​

​ឪពុក​របស់​អ្នកស្រី Wiramon ទទួលស្គាល់ថា ការប្រឹងប្រែង​របស់គាត់​តែ​ម្នាក់ ពិតជា​មិនអាច​ជួយ​កូនស្រី​បាន​នោះឡើយ ដោយសារតែ​គាត់​ជា​អ្នករត់​តាក់ស៊ី ដែលមាន​ចំណូល​ទាប​ស្រាប់​។

​លោក Bhin បាន​និយាយថា​៖ «​ថ្ងៃ​ដែល​ខ្ញុំ​ទៅ​មើល​គាត់ [Wiramon] គាត់​បាន​យំ​យ៉ាងខ្លាំង ពីព្រោះ​ស្ថិតក្នុង​ពេលវេលា​ដ៏​សែនពិបាក​មួយ ដោយ​ត្រូវ​ថែទាំ​កូនស្រី ហើយ​ចំណូល​ពឹង​ផ្អែកលើ​ឪពុក​ទាំងស្រុង​។ គាត់​អាច​បន្តរ​ស់បាន​ដោយសារ​ទទួលបាន​ថាមពល​ផ្លូវចិត្ត​ពី​គ្រួសារ​។ គាត់​ត្រូវការ​លុយ​សម្រាប់​កូនស្រី និង​ព្យាបាល​ជំងឺ​ខ្លួនឯង ប៉ុន្តែ​គាត់​មិនដឹងថា ខ្លួន​រស់​ដល់​ពេលណា​នោះឡើយ​»៕


Tag:
 មហារីកសុដន់
© រក្សាសិទ្ធិដោយ thmeythmey.com