ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទីប្រឹក្សា EducationUSA ប្រាប់​ពី​របៀប​សរសេរ Motivation Letter និង Recommendation Letter
08, Mar 2017 , 4:28 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទីប្រឹក្សា​កម្មវិធី​លើកស្ទួយ​វិស័យ​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៃ​រដ្ឋាភិបាល​អាមេរិក Education USA ប្រចាំ​កម្ពុជា លោកស្រី ម៉ៅ កូ​ឡាប បាន​ឲ្យ​ដឹងថា សិស្ស​និស្សិត​ដែលមាន​បំណង​ទទួល​អាហារូបករណ៍​រដ្ឋាភិបាល​អាមេរិក ត្រូវបំពេញ​លក្ខខណ្ឌ​អាហារូបករណ៍​មួយចំនួន រួមមាន មាន​សញ្ញាបត្រ ពិន្ទុ​ភាសា​អង់គ្លេស លិខិត​អំណះអំណាង (Motivation Letter) និង លិខិត​គាំទ្រ​ពី​សាស្ត្រាចារ្យ ឬ​ប្រធាន​ស្ថាប័ន (Recommendation Letter) រួមទាំង បទពិសោធន៍​ការងារ ផង​។ តើ​អ្វី​ជា លិខិត Motivation Letter និង Recommendation Letter? តើ​សិស្ស និស្សិត​ត្រូវ​សរសេរ​បែបណា ដើម្បី​ទទួល​អាហារូបករណ៍​អាមេរិក​?



​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក រឿន ភា​រុន អ្នកសារព័ត៌មាន​ថ្មីៗ និង​លោកស្រី ម៉ៅ កូ​ឡាប ទីប្រឹក្សា EducationUSA ដែល​បានបញ្ចប់​ថ្នាក់អនុបណ្ឌិត​នៅ​អាមេរិក​ដូចខាងក្រោម​៖

​សំឡេង​





​លោក រឿន ភា​រុន ៖ ជម្រាបសួរ លោកស្រី ម៉ៅ កូ​ឡាប ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជួប​សម្ភាសន៍​ក្នុង​ការិយាល័យ​លោកស្រី​! ខ្ញុំ​ចង់ដឹងថា តើ​រដ្ឋាភិបាល​អាមេរិក​ផ្តល់​អាហា​រូប ករ​ណ៍​ប្រភេទ​ណាខ្លះ​ដល់​និស្សិត​កម្ពុជា​? តើ​មាន​ចំនួន​ប៉ុន្មាន​កន្លែង​ក្នុង​មួយឆ្នាំ​? និស្សិត​ខ្មែរ​សរុប​ចំនួន ប៉ុន្មាន បាន​សិក្សា​នៅ​អាមេរិក​?

​លោកស្រី ម៉ៅ កូ​ឡាប ៖ ចាស​! អាហារូបករណ៍​រដ្ឋាភិបាល​អាមេរិក​សម្រាប់​កម្ពុជា រួមមាន កម្មវិធី​អាហា​រូប ករ​ណ៍ Fulbright ដែល​ឲ្យ​និស្សិត​ខ្មែរ​ចំនួន​ពី ៥ ទៅ​១០​កន្លែង​ក្នុង​មួយឆ្នាំៗ ។ ក្រៅពី Fulbright ស្ថានទូត​អា មេ​រិ​កមាន​អាហារូបករណ៍​ផ្លាស់ប្តូរ​កម្មវិធី​រយៈពេល​ខ្លី​ពី​២ ទៅ​៣ សប្តាហ៍ ឬមួយ​ឆមាស​ជាច្រើន​ទៀត​។ តាម​ស្ថិតិ ខ្ញុំ​ដឹងថា និស្សិត​ខ្មែរ​ទៅ​សិក្សា​នៅ​អាមេរិក​កើនឡើង​ដល់ ៥០០​នាក់ រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​។​

​លោក រឿន ភា​រុន ៖ តើ​វា​ជា​សញ្ញា​បង្ហាញថា ពួកគេ​មាន​សមត្ថភាព​អប់រំ​ជាង​មុន ឬ​យ៉ាងណា​? តើ​សិស្ស និស្សិត​ខ្មែរ​ប៉ុន្មាន​ភាគរយ​បង់ថ្លៃ​សិក្សា និង​ប៉ុន្មាន​ទទួល​អាហារូបករណ៍​នៅ​អាមេរិក​?

​លោកស្រី ម៉ៅ កូ​ឡាប ៖ បច្ចុប្បន្ន និស្សិត​ខ្មែរ​សិក្សា​នៅ​អាមេរិក​មាន​ចំនួន​កើនឡើង​។ វា​បង្ហាញថា ពួកគេ​មាន​សមត្ថភាព​ក្នុង​ប្រជែង​យក​អាហារូបករណ៍ បន្ត​ការសិក្សា​នៅ​ទីនោះ​។ ខ្ញុំ​យល់ថា គុណភាព​អប់រំ​នៅ​សាលាស្រុក​ខ្មែរ​មានគុណ​ភាព​ជាង​មុន ហើយ​អាណាព្យាបាល​សិស្ស​និស្សិត​មានលទ្ធភាព​បញ្ជូន​កូន ឲ្យ​បន្ត​ការសិក្សា​នៅ​អាមេរិក​ច្រើនជាង​មុន​។ បើតាម​ខ្ញុំ​យល់ អាហារូបករណ៍​គឺ សម្រាប់​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត រីឯ​ថ្នាក់​បរិញ្ញាបត្រ​គឺ បង់ថ្លៃ ដូច្នេះ​ខ្ញុំ​សង្កេតឃើញថា និស្សិត​បង់ថ្លៃ​ជាង ៩០​ភាគរយ​។​

​លោក រឿន ភា​រុន ៖ សិស្ស​និស្សិត​ដែល​ចង់​បន្ត​ការសិក្សា​នៅ អាមេរិក ត្រូវ​ចេះ​ស្រាវជ្រាវ​រក​ព័ត៌មាន​ពី​មហាវិទ្យាល័យ ឬ​សាកលវិទ្យាល័យ ឬ​បំពេញ​ពាក្យ​ស្នើ​អាហារូបករណ៍​ដូចម្តេចខ្លះ​ដែរ​? មាន​អ្វីខ្លះ​ដែរ​? តើ​ពួកគេ​ត្រូវ​សរសេរ​លិខិត Motivation Letter និង Recommendation Letter ដូចម្តេច​?
 
​លោកស្រី ម៉ៅ កូ​ឡាប ៖ អាហារូបករណ៍​នីមួយៗ មាន​លក្ខខណ្ឌ​អាហារូបករណ៍​ខុសៗ​គ្នា តែ​អាហារូបករណ៍​មួយចំនួន មាន​លក្ខខណ្ឌ​អាហារូបករណ៍​ដូចគ្នា​ដែរ គឺ​ទីមួយ ពិន្ទុ​ភាសា​អង់គ្លេស TOEFL ៨៨ ពិន្ទុ និង IELTS ៨.០ សម្រាប់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​។ លើសពីនេះ គេ​នឹង​មើល​ចរិត​ជា​អ្នកដឹកនាំ អ្នកទទួលខុសត្រូវ​ឬទេ​? គេ​នឹង​ពិនិត្យមើល​ប្រវត្តិ​សិក្សា​របស់ សិស្ស​និស្សិត​ផងដែរ តាមរយ​សៀវភៅ​តាមដាន​ការសិក្សា និង​ព្រឹត្តិបត្រ​ពិន្ទុ​សញ្ញាបត្រ​។ គេ​នឹង​មើល​ការសរសេរ​របស់​បេក្ខជន​ក្នុង​លិខិត អំណះអំណាង​ដែល​រៀបរាប់​ពី​ខ្លួន​បេក្ខជន​។ ចំពោះ​ការសរសេរ​លិខិត Motivation Letter​តើ​បេក្ខជន​មាន​ចំណុច​ល្អ​ត្រង់​ណាខ្លះ​? ហេតុអ្វី​បានជា​បេក្ខជន​គួរ តែ​ទទួលបាន​អាហារូបករណ៍​ហ្នឹង​? តើ​បេក្ខជន​យល់ដឹង​ពី​បញ្ហា​សង្គម​ប៉ុនណា​? បេក្ខជន​ត្រូវ​ចេះ​សរសេរ បកស្រាយ​បញ្ហា​ដែល​គេ​ចោទសួរ​នោះ ហើយ​ប្រាប់​ពី​ដំណោះស្រាយ​បញ្ហា​ផង​?  អត្ថបទ​នីមួយ​កំណត់​អក្សរ​ពី ២០០ ទៅ​៥០០​ពាក្យ តាម​ការកំណត់​ក្នុង​កុំព្យូទ័រ​ភ្ជាប់​អ៊ឺ​ន​ធឺ​ណេ​ត​។ បេក្ខជន​ត្រូវ​សរសរ​ពី​ការពិត ផ្ទាល់ខ្លួន ឬ​បទពិសោធន៍​ការងារ​សហគមន៍ ជាដើម​។ បេក្ខជន​អាច​សរសេរ​ពិព័រណ៍​ទាំង​បទពិសោធន៍​បរាជ័យ និង​ជោគជ័យ​ដែល​អស្ចារ្យ​...​។ រីឯ លិខិត Recommendation Letter ជា​លិខិត​វាយតម្លៃ​របស់​សាស្ត្រាចារ្យ ឬ​ប្រធាន​ស្ថាប័ន​លើ​ការសិក្សា របស់​បេក្ខជន​ផ្ទាល់​។ លិខិត​នេះ មាន​រៀបរាប់​ពី​សកម្មភាព​បេក្ខជន​ផ្ទាល់​តែ តាម​ការកំណត់​...​។​

​លោក រឿន ភា​រុន ៖ តើ​បេក្ខជន​ត្រូវ​ត្រៀម​សម្ភាសន៍​ដូចម្តេច​? ដោយសារ​លោកស្រី​បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​អាមេរិក សិស្ស​និស្សិត​ត្រូវ​សិក្សា​បែបណា​នៅ​ទីនោះ​?

​លោកស្រី ម៉ៅ កូ​ឡាប ៖ បេក្ខជន​ត្រូវ​ប្រាកដ​ពីអ្វី​ដែល​ពួកគេ​បាន​សរសេរ​ក្នុង Motivation Letter នៅពេល​គណៈកម្មាធិការ​សួរ​បញ្ជាក់បន្ថែម​។ បេក្ខជន​ត្រូវមាន​សមត្ថភាព​ការអាន និង​ការសរសេរ​ឲ្យ​បាន​ខ្ពស់​...​។ ចំពោះ​ការសិក្សា​នៅ​អាមេរិក សិស្ស​និស្សិត​ត្រូវមាន​ទម្លាប់​ការអាន និង​ការសរសេរ​ច្រើន ជាង​ស្តាប់​សាស្ត្រាចារ្យ​នៅក្នុង​ថ្នាក់រៀន​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សិស្ស​និស្សិត​អាច​ប្រឹក្សា​យោបល់​អប់រំ​នៅ​មជ្ឈមណ្ឌល​អប់រំ​អាមេរិក​( Education USA) ដែលមាន​ទីតាំងនៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ឬ​ទំនាក់ទំនង​តាមរយៈ​ទូរ​សព្ទ​លេខ ០១០៥០២១២១ ឬ​អ៊ី​ម៉ែ​ល [email protected]









Tag:
 ម៉ៅ កូ​ឡាប​
  អាហារូបករណ៍​
  អាមេរិក​
  សិទ្ធិនារី​
  Education USA
© រក្សាសិទ្ធិដោយ thmeythmey.com