ពីនេះ ពីនោះ
តើ​បញ្ចពិធកល្យាណី ជា​ស្រី្ត ដែលមាន​សម្ផស្ស​ល្អ​យ៉ាងណា​?
12, Aug 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បញ្ចពិធកល្យាណី សំដៅលើ​ស្រី្ត​ដែលមាន​លម្អ​៥​យ៉ាង​។ លម្អ​ទាំងនោះ រួមមាន លម្អ​ដោយ​សក់​, លម្អ​ដោយ​សាច់​, លម្អ​ដោយ​ឆ្អឹង​, លម្អ​ដោយ​សម្បុរ និង លម្អ​ដោយ​វ័យ​។



​លម្អ​ដោយ​សក់ សំដៅយក​សក់​ស្ត្រី ដែលមាន​សរសៃ​ល្អិត មាន​ពណ៌​ដូច​ស្លាបកំភេម និង​មាន​ចុង​ឡើងលើ ដូច​សណ្ឋាន​កន្ទុយក្ងោក​ពង់ ពេល​រំសាយ​ចុះក្រោម ហើយ​មិនមាន​ស្កូវ​ឡើយ សូម្បី​មាន​អាយុ​មួយរយ​ឆ្នាំ ក៏​នៅមាន​ពណ៌​រលើបរលោង​ល្អ​ដូច​កាលពី​ក្មេង​។
 
​លម្អ​ដោយ​សាច់ សំដៅយក​សាច់​ដែល​ល្អ​ម៉ត់ហ្មង ឥត​មន្ទិល​សៅហ្មង​បន្តិច​ឡើយ និង​មាន​បបូរមាត់​ពណ៌​ក្រហម​រលោង ដូច​កុលាប​ក្រហម ហើយ​ទោះបី​មាន​អាយុ​មួយរយ​ឆ្នាំ ក៏​នៅ​ក្រហម​រលោង​ស្រស់​ដូច​ស្រី​ក្រមុំ​។​
 
​លម្អ​ដោយ​ឆ្អឹង សំដៅយក​ឆ្អឹង​ធ្មេញ​ស្ត្រី​ប្រកបដោយ​លម្អ ដែលមាន​លក្ខណ​ជិតស្និទ្ធ​រាបស្មើ មិន​ចំ​ពើ​ស និង​មាន​ពណ៌​សរ​លោង​ដូចជា​ត្បូង​ពេជ្រ  ឬ​ដូចជា​ស័ង្ខ​ដែល​បុគ្គល​ច្នៃ​យ៉ាង​ល្អ​។ បើ​ហា​និយាយ​ឡើង​កាលណា មាន​ពន្លឺ​ព្រាតៗ ហើយ​សូម្បី​មាន​អាយុ​រាប់រយឆ្នាំ ក៏​ធ្មេញ​នៅតែ​រាប​ស្និទ្ធ​ដូច​កាល​អាយុ ១៦​ឆ្នាំ​។
 
​លម្អ​ដោយ​សម្បុរ បាន​ដល់​ស្បែក​ស្ត្រី​ប្រកបដោយ​លម្អ​នៃ​ពណ៌​យ៉ាង​គឺ ពណ៌​ស​និង​ពណ៌​ខ្មៅ​។ ពណ៌​ស មាន​ពណ៌​ដូចជា​កណ្ណិការ រលើបរលោង​ស្អាត​ឥតមាន​អាចម៍រុយ ឬ​សម្លាក​មន្ទិល​សៅហ្មង​។ ពណ៌​ខ្មៅ គឺ​ពណ៌​ខៀវស្រស់​ដូច​ផ្កា​ឧប្បល ជា​សម្បុរ​មាន​ទឹកដម​រលើបរលោង​។
 
​លម្អ​ដោយ​វ័យ សំដៅលើ​ស្រី្ត​ដែល​នៅតែ​ល្អ​ស្អាត​ដូចជា​វ័យក្មេង​កាលពី​មាន​អាយុ​១៦​ឆ្នាំ ទោះបី​ស្ត្រី​នោះ​ប្រសូត​បុត្រ​មួយរយ​ដង និង​មាន​អាយុ​មួយរយ​ឆ្នាំ​ក៏ដោយ ក៏​នៅតែ​ល្អ​ស្រស់​គ្រប់​អា​វយ​វៈ​ដូចជា​ស្ត្រី​ពេញក្រមុំ​។

​នាង វិសាខា គឺជា​ស្ត្រី​មួយរូប ដែលមាន​ឈ្មោះថា បញ្ចពិធកល្យាណី ព្រោះ​នាង ប្រកបដោយ​លម្អ​ទាំង​៥ ខាងលើ​។ នាង គឺជា​កូន​របស់​សេដ្ឋី​មួយរូប នៅក្នុង​ក្រុង​សាវត្ថី នា​សម័យ​ពុទ្ធកាល​។ នាង វិសាខា ត្រូវបាន គេ​ចាត់ទុកថា ជា​ស្ត្រី​ដ៏​ឆ្នើម និង​ជាម​ហា​ឧបាសិកា​ដ៏​មាន​សទ្ធា​មួយរូប ព្រោះ​នាង បាន​បរិច្ចាគ​នូវ​ទ្រព្យសម្បត្តិ​ជាច្រើន ដើម្បី​កសាង​វត្ត​បុ​ព្វា​រាម ថ្វាយ​ព្រះសម្មាសម្ពុទ្ធ និង​ផ្គត់ផ្គង់​ព្រះ​ភិក្ខុសង្ឃ​រាប់ពាន់​អង្គ​។ នាង បានសម្រេច​សោតា​ប​ត្តិ​ផល​តាំងពី​អាយុ ៧​ឆ្នាំ​។

​នាងវិសាខា ជា​ស្ត្រី​មាន​ឧបនិស្ស័យ​ខ្ពស់ និង​ជា​អ្នកមាន​បុណ្យ​សន្សំ​មក​តាំងពី​អតីតជាតិ​យ៉ាង​ពិសេស​ក្រៃលែង​។ ដោយសារតែ​ផល​បុណ្យ​ជាប់​ខ្លួន​ពី​អតីតជាតិ នាង វិសាខា ក៏បាន​សម្រេច​សោតា​ប​ត្តិ​ផល​តាំងពី​អាយុ ៧​ឆ្នាំ និង​ប្រកបដោយ​បញ្ចពិធកល្យាណី​។

​នាងវិសាខា មាន​អាយុ រហូតដល់​១២០​ឆ្នាំ និង​មានកូន​២០ ក្នុង​កូន​នីមួយៗ មាន​ចៅ​២០ ក្នុង​ចៅ​និ​មួយៗ មានកូន​២០ រួមទាំង​កូន​ទាំង​ចៅ​ទាំង​ចៅទួត​ចំនួន​៨៤២០​នាក់ ឥតមាន​ឈឺ​ស្លាប់​មួយ​ឡើយ​។ បើទោះបីជា​នាង​មាន​អាយុ​១២០​ឆ្នាំ និង​មាន​កូនចៅ​៨៤២០​នាក់​ក៏ដោយ តែ​នាង​នៅតែមាន​រូប​សម្ផស្ស​ស្រស់បស់​ដូច​ស្រី​ក្រមុំ ដែល​ធ្វើ​គេ​មើល​មិន​ស្គាល់​ថា មួយណា ជា​នាងវិសាខា ខណៈពេល​នាង​កំពុងស្ថិត​ក្នុងចំណោម​កូនចៅ​របស់​នាង​ទាំងនោះ​៕

​ប្រភព​៖ គេហទំព័រ ៥០០០ ឆ្នាំ


Tag:
 ​បញ្ចពិធ​កណ្យា​ណី​
© រក្សាសិទ្ធិដោយ thmeythmey.com