ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្ត្រី​ជា​កម្មករសំណង់ ចង់បាន​ប្រាក់​ឈ្នួល​ស្មើនឹង​បុរស​
08, Mar 2017 , 10:19 pm        
រូបភាព

​ភ្នំពេញ​៖  ស្ត្រី​ជា​កម្មករសំណង់​នៅ​កម្ពុជា  មាន​ប្រមាណ ៣០ ភាគរយ នៃ​ចំនួន​កម្មករសំណង់​ជាង ២០ ម៉ឺន​នាក់​។ ភាគច្រើន​ពួកគេ​ជា​អ្នកធ្វើ​ចំណាកស្រុក​ពី​ទីជនបទ ដែល​ស្ត្រី​មានចំណេះដឹង​តិចតួច ហើយ​ពួកគេ​នៅតែ​ទទួលបាន​ប្រាក់​ឈ្នួល តិចជាង​បុរស​។​



​នៅក្នុង​ការដ្ឋានសំណង់ នៅទីតាំងណាក៏ដោយ គេ​តែង​​ប្រទះឃើញ ​ស្ត្រី ​បំពេញការងារផ្នែកសំណង់នេះ ដូច​បុរស​ដែរ​។ កម្មករសំណង់ មិនថាជាំស្រ្តី ឬបុរសនោះទេ គឺមាន​ការងារ​ប្រហាក់ប្រហែលគ្នា។ ប៉ុន្តែអ្វីដែលខុសគ្នា គឺ​ស្ត្រី​ជាកម្មករសំណង់ ​​ទទួលបាន​ប្រាក់​ឈ្នួល​ទាប​ជាង​បុរស​។  ជាទូទៅ​ស្ត្រី​កម្មករសំណង់ ទទួលបាន​ប្រាក់​ឈ្នួល​ទាប​ជាង​បុរស ចាប់ពី ១ ទៅ​៣​ដុល្លារ ក្នុងតួនាទី​ការងារ​ដូចគ្នា​។ 

​ក្នុង​ការដ្ឋាន​សំណង់​សង់ផ្ទះ​ល្វែង​មួយកន្លែង នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ស្ត្រី​ពី ៤​ទៅ​៥​នាក់ កំពុងធ្វើការ​ជា​កម្មករសំណង់​។ កញ្ញា លាង សុខ​ហេង ជា​ស្ត្រី​វ័យក្មេង​ម្នាក់ ក្នុងចំណោម​កម្មករ​ប្រុស ស្រី ប្រមាណ​២០​នាក់​។

​យុវតី​មាន​វ័យ​១៨​ឆ្នាំ​រូបនេះ រៀន​បាន​ថ្នាក់​ទី​៦ និង​បានមក​ធ្វើជា​កម្មករសំណង់​នៅទីនេះ ជាង​៥​ខែ ហើយ​។ សុខ​ហេង បញ្ជាក់ថា នាង​សម្រេចចិត្ត​មក​ធ្វើជា​កម្មករសំណង់ ដើម្បី​ជួយ​សម្រួល​ដល់​បន្ទុក​ក្នុង​គ្រួសារ ដែល​កំពុងមាន​ជីវភាព​ខ្វះខាត​។  សុខ​ហេង រៀបរាប់​បណ្តើ ដៃ​កាន់​ខ្សែពួរ​ទាញ​សម្ភារ​សំណង់​ឡើង​ទៅជា​ន់ទី​៣     បណ្តើ​រថា​៖ «​ខ្ញុំ​មិន​ចង់​ធ្វើការ​រោងចក្រ​ទេ ដោយសារ​គ្មាន​សេរីភាព​ដូច​ការងារ​សំណង់ ជាពិសេស​ការងារ​រោងចក្រ​បើ​មិន​ទៅធ្វើ ត្រូវគេ​កាត់លុយ​ជាដើម​។ ប៉ុន្តែ​ការងារ​សំណង់​មិនបាន​កាត់លុយ​កម្មករ​ឡើយ​»​។ 



​មាន​រូបរាង​ស្គម សុខ​ហេង ធ្វើ​ការងារ​ស្ទើរតែ​ដូច​បុរស គឺ​ការងារ​ចូក ឬ​លាយ​ខ្សាច់ ស៊ីម៉ង់ និង​ជញ្ជូន​ឥដ្ឋ ហើយ​ស្ត្រី​កម្មករសំណង់​ផ្សេងទៀត​នៅក្នុង​ការដ្ឋាន​ក៏​កំពុង​មមាញឹក​នឹង​ការងារ​ទាំង​នេះដែរ​។ ដ្បិត​មានការ​ប្រហាក់ប្រហែល​នឹង​កម្មករសំណង់​ជា​បុរស ប៉ុន្តែ​កម្មករ​ស្ត្រី​សំណង់​វ័យក្មេង​រូបនេះ ទទួលបាន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ថៃ តែ​២​ម៉ឺន​៥​ពាន់​រៀល ប៉ុណ្ណោះ ខណៈ​បុរសៗ គេ​ទទួលបាន​ប្រាក់​ឈ្នួល​ពី​២​ម៉ឺន​៨​ពាន់​រៀល ទៅ​៣​ម៉ឺន​២​ពាន់​រៀល​។​

​ទោះបីជា​ស្ត្រី​កម្មករសំណង់ សុខ​ហេង មិន​មានការ​ខ្មាសអៀន​នោះទេ ដោយបាន​បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មិន​ខ្មាស​គេ​ទេ ដែល​ខ្លួន​ខ្ញុំ​ជា​កម្មករសំណង់ តែបើ​គិតថា​ខ្មាស​គេ​និង​ការងារ​បែបនេះ គ្មាន​អ្នកណា​មកជួយ​ខ្ញុំ​ឡើយ​»​។​

​ដូចគ្នា​ដែរ អ្នកស្រី​កក្កដា បានមក​ធ្វើការ​សំណង់​តាម​ប្ដី​ដែលជា​កម្មករសំណង់​ដូចគ្នា ប្រមាណ​៥​ឆ្នាំ​មកហើយ​។ ជីវិត​ជា​កម្មករសំណង់​របស់​ស្ត្រី​មាន​ស្រុកកំណើត​នៅ​ស្វាយរៀង​រូបនេះ មិន​នៅ​មួយកន្លែង​ឡើយ​។ អ្នកស្រី ត្រូវ​ទៅធ្វើ​ការ​តាម​ការដ្ឋាន​នានា​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ផង​។ អ្នកស្រី កក្កដា លើកឡើងថា​ការងារ​សំណង់​នេះ ក្លាយជា​មុខរបរ​របស់ខ្ញុំ និង​គ្រួសារ​ទាំងមូល​ទៅហើយ​។



​ពាក់​អាវដៃវែង​ពីរ​ជាន់ ដៃស្តាំ​ង​កំពុងកាន់​ស្លាបព្រា​សម្រាប់​បៀក​ស៊ីម៉ង់ ស្ត្រី​រូបនេះ​ត្អូញត្អែរថា ស្ត្រី​កម្មករសំណង់ នៅតែ​បាន​ប្រាក់​ឈ្នួល​តិចជាង​បុរស ខណៈ​ការងារ គឺមាន​ម៉ោង​ពេល ច្បាស់លាស់​។ ពេលព្រឹក​កម្មករ​ទាំង​អស់ ត្រូវ​ចូល​បំពេញការងារ​ពី​ម៉ោង​៧​ដល់​ម៉ោង​១១  និង​ពេល​រសៀល ចាប់ពី​ម៉ោង​១ ដល់​ម៉ោង​៥​ល្ងាច​។ អ្នកស្រី កក្កដា ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន ២​ម៉ឺន​៤​ពាន់​រៀល​។ ដ្បិត​ត្អូញ​ថា បាន​ប្រាក់​តិច និង​ហត់នឿយ​ពិតមែន ប៉ុន្តែ​អ្នកស្រី កក្កដា គិតថា ការងារ​ជា​កម្មករសំណង់ បានផ្តល់​សេរីភាព​ឲ្យ​អ្នកស្រី ជាង​ការងារ​ផ្សេងៗ​។

​នៅ​ម្ដុំ​កោះ​ពេជ្រ មាន​ការដ្ឋាន​សំណង់​សាងសង់​អគារ​ខ្ពស់ៗ និង​ផ្ទះល្វែង​ជាច្រើន​។ អ្នកស្រី យ៉ាន ជា​អ្នក​ខេត្តកំពត ដែល​មក​ធ្វើជា​ស្ត្រី​កម្មករសំណង់ ជាមួយ​កូនស្រី​វ័យ​១៦​ឆ្នាំ​។ អ្នកស្រី យ៉ាន ទើបតែ​មក​ធ្វើការ​សំណង់​នៅក្នុង​ការដ្ឋាន​នេះ បាន​រយៈពេល​១៥​ថ្ងៃ​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្នកស្រី​ក៏​ធ្លាប់ជា​កម្មករសំណង់​ពីមុនមក​ដែរ​។ ដៃ​ពាក់​ស្រោមដៃ និង​មាន​ពាក់មួក​ការពារ​សុវត្ថិភាព កំពុង​លី​ដែក​ទៅ​ឲ្យ​កម្មករ​ដទៃទៀត ស្ត្រី​រូបនេះ ឆ្លៀត​រៀបរាប់ថា ការងារ​នេះ មិន​បង្ក​ផល​លំបាក​ដល់​ខ្លួន​ឡើយ ព្រោះ​អ្នកស្រី​ធ្លាប់ធ្វើ​ការងារ​ធ្ងន់ៗ​បែបនេះ​យូរ​ឆ្នាំ​មកហើយ​។​



​ប៉ុន្តែ​អ្វីដែល​ស្ត្រី​វ័យ​៤៩​ឆ្នាំ​រូបនេះ ចង់បាន​គឺ​ប្រាក់​ឈ្នួល​ឲ្យ​ស្មើនឹង​បុរស ខណៈ​បច្ចុប្បន្ន រូបគាត់​បាន​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ ចំនួន ២​ម៉ឺន​៤​ពាន់​រៀល រីឯ​បុរស​ទទួលបាន​ប្រាក់​ឈ្នួល​ពី​៣​ម៉ឺន​២​ពាន់​រៀល ដល់​៤​ម៉ឺន​រៀល​។

​បើតាម​របាយការណ៍រ​បស់​អង្គការ​ឃែ​រ ដែល​ស្រាវជ្រាវ​សាជាថ្មី​ទាក់ទង​នឹង​ស្ថានភាព​ការងារ​របស់​ស្ត្រី​ក្នុង​ឧស្សាហកម្ម​សំណង់ នៅ​កម្ពុ​ជាមាន​កម្មករសំណង់​ប្រមាណ​ជាង​២០​ម៉ឺន​នាក់ ហើយ​៣០​ភាគរយ ជា​ស្ត្រី​ដែល​ចំណាកស្រុក​ពី​ជនបទ​។

​គួរ​បញ្ជាក់ថា ស្ត្រី​កម្មករសំណង់​ទទួលបាន​ប្រាក់​ឈ្នួល​ទាប​ជាង​បុរស​ចាប់ពី​១​ដុល្លារ ដល់​៣​ដុល្លារ ក្នុងតួនាទី​ការងារ​ដូចគ្នា​។ ម្យ៉ាងវិញទៀត មានរឿង​ជាច្រើន​ដែល​ស្ត្រី​ជួបប្រទះ​បញ្ហា​ក្នុង​ការដ្ឋាន​សំណង់ ហើយ​៤០​ភាគរយ នៃ​ស្ត្រី​កម្មករសំណង់ បាន​ជួប​រឿង​អំពើហិង្សា​ក្នុង​គ្រួសារ​។ បន្ថែម​លើ​នេះ ការបែងចែក​ការងារ​រវាង​បុរស និង​ស្ត្រី មាន​លក្ខណៈ​ខុសគ្នា​។ ការងារ​សម្រាប់​បុរស​មួយ​ដូចជា ចូក​ខ្សាច់ ឬ​ស៊ីម៉ង់ កាត់​ដែក ចាក់គ្រឹះ និង​ជញ្ជូន​សម្ភារ​ធ្ងន់ៗ រីឯ​ការងារ​សម្រាប់​ស្ត្រី គឺ​ជញ្ជូន​ឥដ្ឋ និង​សម្អាត​ការដ្ឋាន​សាងសង់​ជាដើម​៕










Tag:
 ​ស្ត្រី​
 ​ កម្មករសំណង់​
  ៨​មីនា
© រក្សាសិទ្ធិដោយ thmeythmey.com