ជាតិ
បទយកការណ៍ / បទសម្ភាសន៍
DJ NaNa ៖ «​មនុស្ស​ស្រី​គួរតែ​ហ៊ាន​សាកល្បង​ធ្វើ​អ្វីដែល​ថ្មី​»
16, Apr 2017 , 7:59 pm        
រូបភាព
ភ្នំពេញ​៖ កញ្ញា នាង សុ​វ៉ាត​នា ហៅ DJ NaNa  គឺជា​ពិធី​ការិនី និង​ជា​អ្នកដោះស្រាយ​វិបត្តិ​ស្នេហា គ្រួសារ និង​ការងារ​ដល់​យុវជន​។ នៅ​ឆ្នាំ​២០០៩ សំឡេង​របស់ DJ NaNa  ចាប់ផ្តើម​មាន​ឥទ្ធិពល​ក្នុងចំណោម​យុវវ័យ តាមរយៈ​កម្មវិធី​ដោះស្រាយ​វិបត្តិ នៅក្នុង​វិទ្យុ​របស់ខ្លួន​។ កញ្ញា សុ​វ៉ាត​នា ទទូច​ឲ្យ​មនុស្ស​ស្រី ស្វែងរក​ឲ្យ​ឃើញ​នូវ​សក្តានុពល​របស់ខ្លួន ដែលមាន​ទាំង​ចំណេះដឹង ជំនាញ និង​សមត្ថភាព​ជាច្រើន​ទៀត​ដែល​បានមក​តាមរយៈ​ការរៀនសូត្រ​ជាដើម​។ ជាពិសេស DJ NaNa លើកទឹកចិត្ត​ឲ្យ​មនុស្ស​ស្រី ហ៊ាន​សាកល្បង​ធ្វើ​អ្វីៗ​ដែល​ថ្មី​។ បរាជ័យ​ជា​ពិសោធន៍ ហើយ​ជោគជ័យ ជា​ឱកាស​យ៉ាង​ទូលាយ​ដល់​ជីវិត​។​



​កញ្ញា នាង សុ​វ៉ាត​នា ឬ DJ NaNa  គឺជា​ស្ត្រី​ខ្មែរ​វ័យក្មេង​ម្នាក់ ដែល​គេ​ទទួលស្គាល់ថា មាន​សមត្ថភាព​ដោះស្រាយ​វិបត្តិ​ស្នេហា ការងារ និង​គ្រួសារ​។ តាមរយៈ​ការដោះស្រាយ​វិបត្តិ​ទាំងនេះ បានធ្វើ​ឲ្យ​សំឡេង​របស់ អ្នកស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​រូបនេះ មាន​ឥទ្ធិពល​ក្នុងចំណោម​យុវវ័យ និង​នៅក្នុង​សង្គម​។

​កញ្ញា នាង សុ​វ៉ាត​នា បាន​ចាក​ចេញពី​ស្រុកកំណើត មក​រស់នៅ​ភ្នំពេញ​ក្នុង​ឆ្នាំ​២០០៤ ។ នាង បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ពី​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​។ DJ NaNa ក៏​ធ្លាប់ជា​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ទាក់ទង​នឹង​យុវជន និង​ស្ត្រី ប្រមាណ​ជា​១០​ឆ្នាំ​ដែរ​។ នាង ចាប់ផ្តើម​ការងារ​ជា​ពិធី​ការិនី​ក្នុង​វិទ្យុ និង​មានឈ្មោះ បោះ​សំឡេង​នៅ​ឆ្នាំ​២០០៩ ។ ដើមឡើយ ស្ត្រី​វ័យ​៣០​ឆ្នាំ​រូបនេះ នឹកភ្នក​ថា ខ្លួន​គ្រាន់តែ​ជា​ពិធី​ការិនី​វិទ្យុ​ធម្មតា​ដែល​អង្គុយ​ឆ្លើយឆ្លង ជជែក​កម្សាន្ត​ជាមួយ​ប្រិយមិត្ត​តាម​ទូរ​សព្ទ​ប៉ុណ្ណោះ​។ ការងារ​ជា​អ្នកដោះស្រាយ​វិបត្តិ​បញ្ហា​ស្នេហា ការងារ និង​គ្រួសារ​គេ ក៏​នាង​មិន​នឹង​ស្មានថា ខ្លួន​អាចធ្វើ​ការ​នេះ​បាន​ផង​។



DJ NaNa អះអាងថា​៖«​មុនដំបូង​ខ្ញុំ​សាកល្បង​ដោះស្រាយ តែ​ខ្ញុំ​មិនដឹងថា​ដោះស្រាយ​កើត​មិនកើត​ទេ​។ ខ្ញុំ​ឆ្លើយ​តាម​លទ្ធភាព ហើយ​គេ​ក៏​ពេញចិត្ត​។ ជាពិសេស នៅពេល​គេ​សួរ​សំណួរ គឺ​ចំ​អ្វីដែល​ខ្ញុំ​ចេះ​ដែរ​។ ម្យ៉ាងទៀត ការដោះស្រាយ​នេះ​ក៏​ទាក់ទង​ពី​មូលដ្ឋានគ្រឹះ​នៃ​ការសិក្សា​របស់ខ្ញុំ​ផងដែរ​។ ខ្ញុំ​ត្រូវ​រក​ឧទាហរណ៍​ថ្មីៗ ពី​បុគ្គល​ណា​ដែល​ជោគជ័យ​មក​ពន្យល់​ប៉ុណ្ណោះ​»​។​

​និយាយ​ទាំង​ទឹកមុខ​រីករាយ  Dj NaNa ក៏​ជំរុញ និង​លើកទឹកចិត្ត​ដល់​មនុស្ស​ស្រី​នាពេល​បច្ចុប្បន្ន ឲ្យ​ស្វែងយល់​ពី​សក្តានុពល​ដែល​ខ្លួន​មាន និង​ហ៊ាន​សាកល្បង​ធ្វើ​អ្វីដែល​ថ្មី​ដូច​ខ្លួន​ដែរ​។ DJ NaNa លើកឡើងថា​៖ «​មនុស្ស​ស្រី​គួរ​មើលឃើញ​ពី​សក្តានុពល​របស់ខ្លួន ដូចជា​ចំណេះដឹង ជំនាញ និង​សមត្ថភាព​ជាច្រើន ដែលមាន​ស្រាប់​តាមរយៈ​ការរៀនសូត្រ​។ ជាពិសេស ហ៊ាន​សាកល្បង​ធ្វើ​អ្វីៗ​ដែល​ថ្មី បើ​វា​បរាជ័យ មានតែ​កាត់ចិត្ត ប៉ុន្តែ​បើ​ជោគជ័យ វា​ផ្ដល់ឱកាស​ដល់​ជីវិត​យើង​ទូលាយ​ពិតមែន​»​។



Dj NaNa និទានរឿង​ផ្ទាល់ខ្លួន ជា​ឧទាហរណ៍​លើកទឹកចិត្ត​បន្ថែម​ដល់​មនុស្ស​ស្រី​ដែរ​។ បើតាម​ការនិទាន​រប​ស់ Dj រូបនេះ នាង​បាន​សាកល្បង​ការងារ​វិទ្យុ​ដែល​ធ្វើ​ឲ្យ​នាង​ល្បីល្បាញ ទាំង​ដែល​មិនដឹងថា​ខ្លួន​ចេះ​និយាយ​វិទ្យុ និង​អាច​ដោះស្រាយ​វិបត្តិ​ទេ​។ ប៉ុន្តែ​សម្រាប់ DJ NaNa ការសាកល្បង​នេះ គឺជា​ផ្តល់ឱកាស​ដល់​ខ្លួនឯង​ធ្វើតេស្ត​សមត្ថភាព​។ DJ NaNa មិនដែល​បដិសេធ​ឱកាស ដែល​អនុញ្ញាត​ឲ្យ​នាង អាច​បញ្ចេញ​សមត្ថភាព​ខ្លួន​នោះទេ​។ នេះ​ជាការ​បន្ថែម​របស់ អ្នកជំនាញ​ដោះស្រាយ​វិបត្តិ​រូបនេះ​។​

​អង្គុយ​ផ្ដល់​បទសម្ភាសន៍​នៅក្នុង​ហាង​កាហ្វេ ជិត​វិមានឯករាជ្យ DJ NaNa មានការ​ងារ​មា​ញឹក​ជាច្រើន​ដែល​ត្រូវធ្វើ​។ ដៃ​កាន់​ទូរ​សព្ទ​និយាយ​ឆ្លងឆ្លើយ​ជាមួយ​អតិថិជន  DJ NaNa មិនសូវមាន​ពេលទំនេរ​នោះទេ ទាំង​ការងារ​ជា​ពិធី​ការិនី និង​ការផលិត​កម្មវិធី​ដោះស្រាយ​វិបត្តិ​នៅលើ​បណ្ដាញ​សង្គម​។ ស្ត្រី​វ័យក្មេង​រូបនេះ បាន​ពង្រីក​វិសាលភាព​របស់ខ្លួន មិន​ត្រឹមតែ​ពិធី​ការិនី​វិទ្យុ​នោះទេ  DJ NaNa ជា​ពិ​ធិ​ការិនី​នៅ​ទូរទស្សន៍ MY TV  ទូរទស្សន៍ PNN ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​មួយចំនួន និង​ការងារ​នៅ​ផលិតកម្ម Khmer Mekong ។ DJ NaNa ក៏​ជា​អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍​ហ្វេ​ស​ប៊ុ​កដោយ​ខ្លួនឯង​ផង ឈ្មោះថា Dj NaNa TV  ដែលមាន​ការចាប់អារម្មណ៍​ខ្លាំង ពី​សំណាក់​ទស្សនិកជន​។ 



DJ NaNa បញ្ជាក់ថា ជោគជ័យ​ទាំងនេះ កើតឡើង​តាម​ការសាកល្បង ការផ្ដល់​ឱកាស និង​ភាពក្លាហាន​របស់​នាង​៕


Tag:
 បទ​យកការណ៍​
  DJ NaNa
© រក្សាសិទ្ធិដោយ thmeythmey.com