ជាតិ
សង្គមជាតិ
លោក កែ គឹមយ៉ាន ថា អ្នកទោស​គ្រឿងញៀន​ជាប់គុក​តែ​ឈ្មោះ តែ​មនុស្ស​នៅ​ខាងក្រៅ​រកស៊ី​កាន់តែ​ធំ​
08, Mar 2017 , 8:20 pm        
រូបភាព
​ភ្នំពេញ​៖ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន បាន​លើកឡើងថា ច្បាប់​ស្ដីពី គ្រឿងញៀន​នៅ​កម្ពុជា មាន​ការចែង​ដាក់ទោស​ធ្ងន់ធ្ងរ​ណាស់ សម្រាប់​អ្នកប្រព្រឹត្ត​បទឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន ប៉ុន្តែ​បែ​ជា​អ្នកអនុវត្ត​ច្បាប់​កាត់ទោស​ជនឧក្រិដ្ឋ​ទាំងនោះ បែប​ធូរ​លុង​ទៅវិញ​។ លោក កែ គឹមយ៉ាន់ ក៏​មិនបាន​វាយតម្លៃ​អ្វី​ច្រើន​ទៅលើ​អ្នក​កាន់​ច្បាប់​ទាំង​នោះដែរ​។ ប៉ុន្តែ​អ្វីដែល​លោ​កត់សម្គាល់ ឃើញ​នោះ​គឺថា ការអនុវត្ត​ច្បាប់​ធូរ​លុង​នេះ ទើប​បណ្ដា​ឲ្យ​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ធំៗ ដែលមាន​ទ្រព្យសម្បត្តិ​មួយចំនួន បាន​មានតែ​ឈ្មោះ​ជាប់ពន្ធនាគារ តែ​មនុស្ស​វិញ​រស់នៅ​ក្រៅ​ពន្ធនាគារ ហើយ​រកស៊ី​ជួញដូរ​គ្រឿងញៀន​កាន់តែ​ធំ​ជាង​មុន​ទៀត​។ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រូបនេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖« អ្នកទោស​មួយចំនួន កាត់ទោស​ហើយ​យក​ដាក់គុក ប៉ុន្ដែ​ដាក់គុក​តែ​ឈ្មោះ​ទេ មនុស្ស​នៅ​ខាងក្រៅ​រកស៊ី កាន់​តែមាន​ចាប់​ម្ដងទៀត កាន់តែ​ធំ​បន្ថែមទៀត​»​។​



​សូម​ស្ដាប់​ការលើកឡើង​របស់លោក កែ គឹមយ៉ាន់ នៅក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ ផែនការ​សកម្មភាព នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​៧  ខែមីនា  ឆ្នាំ​២០១៧៖


 
​ចាប់ពី​ថ្ងៃទី​១ ខែមករា រហូតដល់​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​អនុវត្តន៍​នូវ​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយបាន​បង្ក្រាប​បទល្មើស ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន បាន​ចំនួន ២២១១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន ៥១៤១​នាក់ (​ស្រី ៥១៤​នាក់​) ។ ក្នុងនោះ​ដកហូត​វត្ថុតាង សារធាតុ​ញៀន​បាន​ជាង ១៧​គីឡូក្រាម ថ្នាំ​កញ្ចប់ ២៨៨៤​កញ្ចប់​តូច និង​១១​ធំ កញ្ឆា​ក្រៀម​ជាង ៧​គីឡូក្រាម និង​កញ្ឆា​ដើម ៩៧៥៦០​ដើម ។ នេះ​បើតាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​៕

Tag:
 ​កែ គឹមយ៉ាន​
 ​គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com