ជាតិ
រឿង​«​ស្ពាន​និស្ស័យ​» រួមជាមួយ​ស្នាដៃ​២​ទៀត​របស់​ហ្វីលីពីន និង​ជប៉ុន ឆ្លុះបញ្ចាំង​ពី​ជីវិត​រស់នៅក្នុង​អាស៊ី​
09, Mar 2017 , 2:12 pm        
រូបភាព
លោក Masaya Kato និង​កញ្ញា ជុំ​វណ្ណ សូ​ដា​ជីវី​ តួអង្គ​ឯក​ក្នុង​រឿង ស្ពាន​និស្ស័យ។ រូបថត Capture Hanuman Films​
លោក Masaya Kato និង​កញ្ញា ជុំ​វណ្ណ សូ​ដា​ជីវី​ តួអង្គ​ឯក​ក្នុង​រឿង ស្ពាន​និស្ស័យ។ រូបថត Capture Hanuman Films​
​ស៊េរី​ភាពយន្ត​ខ្លី Asian Three-Fold Mirror 2016: Reflections ដែល​មានរឿង​ចំនួន​៣ ក្រោម​កិច្ចសហការ​ផលិត​រប​ស់​សមិទ្ធ​ករ​កម្ពុជា ហ្វីលីពីន និង​ជប៉ុន ត្រូវបាន​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា នា​រាត្រី​ថ្ងៃទី​៨ ខែមីនា នៅ​សាលសន្និសីទ​ចតុមុខ​។ នេះ​ជា​ស៊េរី​ភាពយន្ត​ខ្លី​លើកដំបូង​បំផុត​ដែល​សហការ​ផលិត​ដោយ The Japan Foundation Asia Center និង Tokyo International Film Festival ។​



«​ស្ពាន​និស្ស័យ​» (Beyond the Bridge) របស់​អ្នកស្រី សុទ្ធោ គុល្លិការ ស្ថិតក្នុង​ស៊េរី​ភាពយន្ត​ខ្លី​ចំនួន​៣ ដែល​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិសាស្ត្រ និង​វប្បធម៌ (Asian Three-Fold Mirror 2016: Reflections) ដោយ​រឿងនេះ​ភ្ជាប់​ជាមួយ​ភាពយន្ត​ពី​ផ្សេងទៀត គឺ រឿង​«​សេះ​ងាប់​របស់​ស៊ី​នុ​ម៉ា​» (Shiniuma Dead Horse) របស់​សមិទ្ធ​ករ​ហ្វីលីពីន Brillante Ma Mendoza និង រឿង «​សត្វ​ព្រាប​» (Pigeon) របស់​សមិទ្ធ​ករ​ជប៉ុន Isao Yukisada​។​



​ក្រោម​ប្រធានបទ «​រស់នៅ​អាស៊ី​» ភាពយន្ត​ទាំងបី​រឿង ពិពណ៌នា​ពី​ជីវិត​របស់​តួអង្គ​ដែល​ធ្វើដំណើរ និង​រស់នៅ​បណ្តា​ប្រទេស​អាស៊ី ក្នុងនោះ​មាន ជប៉ុន កម្ពុជា ហ្វីលីពីន និង​ម៉ាឡេស៊ី​។ ខ្សែភាពយន្ត​ស៊េរី​នេះ មាន​រយៈពេល​សរុប​១១៨​នាទី ហើយ​ត្រូវបាន​ចាក់​ប​ញ្ជាំ​ង​លើកដំបូង​នៅក្នុង​មហោស្រព​ភាពយន្ត​តូ​ក្យូ​លើក​ទី​២៩ ខែតុលា ឆ្នាំ​២០១៦ កន្លងមក​។​

​អ្នកស្រី សុទ្ធោ គុល្លិការ ដែលជា​អ្នកដឹកនាំ​ដ៏​ល្បីឈ្មោះ និង​ជោគជ័យ​ជាមួយនឹង​រឿង «​ដុំ​ហ្វីល ចុងក្រោយ​» បានចាត់ទុក​ស្នាដៃ​រឿង «​ស្ពាន​និស្ស័យ​» របស់​អ្នកស្រី​ថា ជាការ​លើកទឹកចិត្ត​ដល់​សមិទ្ធ​ករ​វ័យក្មេង​ពង្រឹង​ការផលិត​ស្នាដៃ​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​វប្បធម៌​នៃ​ប្រទេស​នីមួយៗ​នៅ​តំបន់​អាស៊ី​។​



«​ស្ពាន​និស្ស័យ​» ដែលជា​សាច់រឿង​ចុងក្រោយ​ក្នុង​ស៊េរី​ភាពយន្ត Asian Three-Fold Mirror 2016: Reflections ឆ្លុះបញ្ចាំង​ពី​ស្នេហា​ស្មោះស្ម័គ្រ​រវាង​បុរស​ជនជាតិ​ជប៉ុន (​សម្តែង​ដោយ​តារាភាពយន្ត Masaya Kato) និង​នារី​កម្ពុជា​ឈ្មោះ មាលា (​សម្តែង​ដោយ​អ្នករបាំ​សហ​សម័យ កញ្ញា ជុំ​វណ្ណ សូ​ដា​ជីវី​)​។

​នៅ​ឆ្នាំ​១៩៩៤ តួអង្គ​ប្រុស​ជនជាតិ​ជប៉ុន បាន​ឈរ​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​) ដើម្បី​រំលឹក​អនុស្សាវរីយ៍​ស្នេហា​របស់ខ្លួន​ជាមួយ​មាលា នា​អំឡុងពេល​រូបគេ​បានមក​កម្ពុជា​ធ្វើការ​លើ​គម្រោង​ត​ភ្ជាប់​ស្ពាន​ដែល​ត្រូវ​បំផ្លាញ​ដោយ​សង្គ្រាម​កាលពី​អំឡុង​ទសវត្សរ៍​៦០​។ គូស្នេហ៍​ទាំងពីរ​បាន​រៀន​ស្វែងយល់​វប្បធម៌​គ្នា​ទៅវិញទៅមក​ ប៉ុន្តែ​ពួកគេ​ត្រូវ​បែក​គ្នា​ដោយសារ​សង្គ្រាម​ដដែល ដោយ​តួអង្គ​ប្រុស​ត្រូវ​វិលត្រឡប់​ទៅ​ជប៉ុន​វិញ រីឯ​មាលា បាត់​ដំណឹង​សូន្យឈឹង​។ នៅលើ​ស្ពាន តួអង្គ​ប្រុស​បាន​បង្ហើរ​សំនៀង «​ស្រឡាញ់​អូន​ដល់​ឆ្អឹង​» ជា​ភាសា​ជប៉ុន ទៅតាម​ការសន្យា​ជាមួយ​អតីត​សង្សារ​ជាទី​ស្រឡាញ់​។​



​ភាពយន្ត​ពីរ​រឿង​ទៀត​រួមមាន  រឿង​«​សេះ​ងាប់​របស់​ស៊ី​នុ​ម៉ា​» (Shiniuma Dead Horse) របស់​សមិទ្ធ​ករ​ហ្វីលីពីន Brillante Ma Mendoza បង្ហាញ​ពី​ជីវិត​របស់​បុរស​អន្តោប្រវេសន៍​ខុសច្បាប់​ជនជាតិ​ហ្វីលីពីន​ម្នាក់​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ហើយ​ត្រូវបាន​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​ខ្លួន​វិញ​។ រីឯ រឿង «​សត្វ​ព្រាប​» (Pigeon) របស់​សមិទ្ធ​ករ​ជប៉ុន Isao Yukisada បង្ហាញ​ពី​ជីវិត​របស់​អតីតយុទ្ធជន​ជប៉ុន​ម្នាក់​ដែល​វង្វេងវង្វាន់ និង​រស់នៅ​រាប់សិប​ឆ្នាំ​ក្នុង​រដ្ឋ Penang ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​ជា​អ្នក​ស្រឡាញ់​សត្វ​ព្រាប និង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា វា​មិន​ក្បត់​នឹង​គាត់​ឡើយ​។​



​នា​ការចាក់​ប​ញ្ជាំ​ង​កាលពី​ល្ងាច​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៧ នៅ​សាល​មហោស្រព​ចតុមុខ Asian Three-Fold Mirror 2016: Reflections ទទួលបាន​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកទស្សនា​។ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សម្តេច នរោត្តម សិរីវុឌ្ឍ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ និង​ឯកអគ្គរាជទូត​ជប៉ុន លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណុ​អ៊ុ​ជិ ក៏បាន​ចូលរួម​ក្នុង​ពិធី​ចាក់​រឿង ស៊េរី​ភាពយន្ត​ខ្លី Asian Three-Fold Mirror 2016: Reflections នេះ​ផងដែរ​៕

សូមទស្សនាវីដេអូ Trailer៖



Tag:
 ស៊េរី​ភាពយន្ត​ខ្លី​
  ស្ពាន​និស្ស័យ
© រក្សាសិទ្ធិដោយ thmeythmey.com