កីឡាអន្តរជាតិ
អន្តរជាតិ
Xabi Alonso ប្រកាស​ចូលនិវត្តន៍​ពី​កីឡាករ​បាល់ទាត់​ក្រោយ​ចប់​រដូវ​កាល​នេះ​
10, Mar 2017 , 2:22 pm        
រូបភាព
​ខ្សែបម្រើ​ក្លិប Bayern Munich កីឡាករ Xabi Alonso បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ខ្លួន​ហើយ​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​។​



Xabi Alonso អតីត​ខ្សែបម្រើ​ឆ្នើម​របស់ Liverpool និង Real Madrid បានប្រកាស​នៅក្នុង​បណ្តាញ​សង្គម Twitter ខ្លួ​ថា នឹង​ចូលនិវត្តន៍​ពី​អាជីព​ជា​អ្នក​កីឡាករ​បាល់ទាត់​នៅពេល​កិច្ចសន្យា​របស់គេ​ជាមួយ​ក្លិប Bayern Munich ត្រូវ​បញ្ចប់​នៅ​ចុងរដូវ​កាល​នេះ​។​

​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​BBC ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៣៥​ឆ្នាំនេះ​បាន​ប្រាប់​ទូរទស្សន៍ Bayern's TV ថា​៖«​វា​មិនមែនជា​ការសម្រេចចិត្ត​ដ៏​ងាយស្រួល​នោះទេ ប៉ុន្តែ​ខ្ញុំ​ជឿថា​វា​ជា​ពេលវេលា​ដែល​ត្រឹមត្រូវ​មួយ​សម្រាប់​ខ្ញុំ​»​។​



Alonso បាន​ចាក​ចេញពី Real Sociedad ទៅ​ចូលរួម​ជាមួយ​ហង្ស​ក្រហម Liverpool កាលពី​ឆ្នាំ​២០០៤ និង​ជួយ​ឲ្យ​ក្រុម​នេះ​លើក​ពាន​កំពូល​របស់​អឺរ៉ុប Champions League នៅ​រដូវ​កាល​ដំបូង​របស់ខ្លួន ឈ្នះ​ពាន FA Cup, Uefa Super Cup និង​ពាន Community Shield ផងដែរ​នៅក្នុង​ទឹកដី Anfield​។​

​នៅ​ឆ្នាំ​២០០៩ រូបគេ​បាន​ផ្ទេរ​ចេញពី Liverpool ទៅកាន់​ក្លិប​កំពូល​អេ​ស្ប៉ា​ញ Real Madrid និង​លើក​ពាន Champions League ជា​លើក​ទី​២​របស់ខ្លួន​នៅ​ទីនោះ​។ រហូតដល់​ឆ្នាំ​២០១៤ ខ្សែបម្រើ​ចាស់វស្សា​នេះ​បានមក​ចូលរួម​ជាមួយ Bayern Munich ហើយ​ជួយ​ឲ្យ​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​អាល្លឺម៉ង់​នេះ​ឈ្នះ​ពាន Bundesliga ២​រ​ដូ​ល​កាល​ផងដែរ​។​

​សូមបញ្ជាក់ថា Xabi Alonso ជា​កីឡា​ករទី​ពីរ​របស់ Bayern ដែល​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់ បន្ទាប់ពី​ខ្សែបម្រើ​ស្លាប Philipp Lahm ក៏បាន​ប្រកាស់​ចូលនិវត្តន៍​កាលពី​ខែ​មុន​ក្រោយ​បញ្ចប់រ​ដូ​ល​កាល​នេះ​ដូចគ្នា​៕


Tag:
 កីឡា​អន្តរជាតិ​
  បាល់ទាត់​
  ចូលនិវត្តន៍​
© រក្សាសិទ្ធិដោយ thmeythmey.com