ជាតិ
សង្គមជាតិ
រដ្ឋ​ទទួល​​ចំណូល​ពន្ធ​ដារ និងអាករ​ជាង ៣០០​លាន​ដុល្លារ នៅ​ដើមឆ្នាំ​២០១៧​នេះ​
10, Mar 2017 , 9:24 pm        
រូបភាព
លោក គង់ វិបុល (រូបកណ្តាល)។ រូបថតហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ
លោក គង់ វិបុល (រូបកណ្តាល)។ រូបថតហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ
ដោយ:

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ប្រមូល​ចំណូល​ពន្ធ និង​អាករ​គ្រប់​ប្រភេទ​ចំនួន ១ ៤០៦ ៣១៣,១២ លាន​រៀល ស្មើនឹង​ប្រមាណ ៣៥១,៥៨​លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង​អត្រា ២០,៤៩​ភាគរយ នៃ​គោលដៅ​កំណត់ដោយ​ច្បាប់​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក​។​



​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា រដ្ឋ​បានទទួល​ចំណូល​ពន្ធដារ និង​អា​រក​គ្រប់​ប្រភេទ​ចំនួន ៤២១ ០៨៦,៣១​លាន​រៀល ស្មើនឹង​ប្រមាណ ១០៥,២៧​លាន​ដុល្លារ​អាមេរិក ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​។ ហើយ​ថា វា​កើនឡើង​ចំនួន ៣៨ ១៨៥,៧២ លាន​រៀល ស្មើនឹង​ថវិកា​ប្រមាណ ៩,៥៤​លាន​ដុល្លារ ឬ​ស្មើនឹង​អត្រាកំណើន ៩,៩៧​ភាគរយ ធៀប​នឹង​ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​បន្តទៀតថា ការប្រមូល​ចំណូល​ពន្ធដារ និង​អាករ​គ្រប់​ប្រភេទ​បាន​កើនឡើង​ស្ទើរ​គ្រប់​ប្រភេទ​ពន្ធ ក្នុងនោះ រួមមាន ពន្ធ​លើ​ប្រាក់ចំណូល​កើនឡើង​១៦​ភាគរយ ពន្ធលើប្រាក់បៀវត្ស​កើនឡើង ៥៣,១​ភាគរយ និង​អាករ​ពិសេស​កើនឡើង​ចំនួន ៤៧,៩​ភាគរយ​។ ប៉ុន្តែ​ការប្រមូល​អាករ​លើ​តម្លៃ បន្ថែម​បាន​ថយចុះ​ចំនួន ២,២​ភាគរយ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៧ នេះ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក គង់ វិបុល នៅតែ ជំរុញ​មន្ត្រី​ពន្ធដារ​ឲ្យ​បន្ត​អនុវត្ត​ការងារ​ប្រមូល​ពន្ធ ស្របតាម​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម និង​កម្មវិធី​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​។​

លោក​បាន​ថ្លែង​ទៅកាន់​មន្ត្រី​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១០ ខែមីនា​នេះ ត្រូវ​បន្ត​ពង្រឹង​យន្តការ​ប្រមូល​ពន្ធ​មួយចំនួន រួមមាន ការបន្ត​ពង្រឹង​ការចុះបញ្ជី​ពន្ធដារ និង​ការផ្តល់សេវា​ជូន​អ្នក​ជាប់ពន្ធ​, ពង្រឹង​ការដាក់​លិខិត​ប្រកាស​សារពើពន្ធ​របស់​អ្នក​ជាប់ពន្ធ​,​ពង្រឹង​ការធ្វើ​សវនកម្ម​ក្នុង​សហគ្រាស​ និង​បន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ ជាដើម​ ​ដើម្បី​ធានា​ការប្រមូល​ចំណូល​ពន្ធ​តាម​ផែនការ​កំណត់៕



Tag:
 គង់ វិបុល​
  ពន្ធដារ​
  អាករ​
  ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com