ជាតិ
បទវិភាគ
សង្គមជាតិ
ការទាមទារ​ដំឡើង​ប្រាក់ខែ​ដោយ​ភ្ជាប់​ទៅនឹង​រឿង​ស្ទះចរាចរណ៍​កំពុងស្ថិត​នៅក្នុង​គំនិត​របស់​បុគ្គលិក​ឬ​?
11, Mar 2017 , 2:00 pm         2681
រូបភាព
ដោយ: ចំណារ
​ភ្នំពេញ​៖ ការកកស្ទះ​ចរាចរណ៍​បានក្លាយ​ទៅជា​រឿង​មួយ​ដែល​កំពុង​ដាក់បន្ទុក​បន្ថែម​ទៅដល់​បុគ្គល​ធ្វើការ​ដែលមាន​គេហដ្ឋាន​នៅ​ឆ្ងាយ​ពី​កន្លែងធ្វើការ​។ ប្រាក់ខែ​នៃ​ការងារ​ខ្លះ បើក​មក បានត្រឹមតែ​សម្រាប់​ការចំណាយ​ទៅលើ​ការធ្វើដំណើរ និង​ការ​ពិសា​អាហារ​តែប៉ុណ្ណោះ​។ តើ​ការទាមទារ​ដំឡើង​ប្រាក់ខែ​ដោយ​ភ្ជាប់​ទៅនឹង​រឿង​កកស្ទះ​ចរាចរណ៍​កំ​ពុង​ស្ថិតនៅក្នុង​គំនិត​របស់​បុគ្គលិក​មែ​ន​ឬទេ​?
 
​កាលពី​ដើមឡើយ បុគ្គលិក​ក្រុមហ៊ុន ឬ​អង្គការ ឬ​មន្ត្រីរាជការ​មិនដែល​បានគិត​ភ្ជាប់​ពី​រឿង​ប្រាក់ខែ​ទៅនឹង​រឿង​កកស្ទះ​ចរាចរណ៍​ឡើយ​។ 
 
​ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទេ​ដែល​បុគ្គលិក​ក្រុមហ៊ុន អង្គការ និង​មន្ត្រីរាជការ​ខ្លះ​ចាប់ផ្តើម​គិតថា បើ​ទទួលបាន​ប្រាក់ខែ​តិច ហើយ​កន្លែងធ្វើការ​ឆ្ងាយ ពួកគេ​សុខចិត្ត​មិន​ទទួលយក​ការងារ​នោះ​។ ផ្ទុយទៅវិញ បុគ្គលិក​ខ្លះ សុខចិត្ត​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​មួយ​ប្រាក់ខែ​មធ្យម តែ​កន្លែងធ្វើការ​ជិត​គេហដ្ឋាន​របស់​ពួកគេ​។ 
 
​បើ​ផ្ទះ​នៅ​តំបន់​ទួលគោក ហើយ​កន្លែងធ្វើការ​នៅ​ក្បាលថ្នល់ បុគ្គលិក​ចាប់ផ្តើម​គិតពី​រឿង​ចំណាយ​ច្រើន​ដោយសារ​ការកកស្ទះ​ចរាចរណ៍​។ នៅពេលដែល​ការចំណាយ​លើ​ការធ្វើដំណើរ​កាន់តែច្រើន បុគ្គលិក ចាប់ផ្តើម​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ដែរ​។ កាលណា គេហដ្ឋាន​នៅ​ឆ្ងាយ​ពី​កន្លែងធ្វើការ បុគ្គលិក​ត្រូវ​ចំណាយ​លើ​ការធ្វើដំណើរ​ផង និង​ត្រូវ​ចំណាយ​លើ​អាហារ​ថ្ងៃត្រង់​ផង​។ នេះ គេ​នៅ​មិនទាន់​គិតពី​រឿង​កើត​ជំងឺស្ត្រេស​ដែល​កើតឡើង​ពី​ការកកស្ទះ​ចរាចរណ៍​ផង​។ 
 
​សព្វថ្ងៃនេះ ប្រសិនបើ​ប្រាក់ខែ​ទទួលបាន​តិច​ល្មម នោះ​បុគ្គលិក​ធ្វើការ គឺ​ដើម្បី​តែ​សម្រាប់​ការចំណាយ​ថ្លៃ​ម្ហូបអាហារ និង​ថ្លៃ​ធ្វើដំណើរ​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នកប្រើប្រាស់​រថយន្ត​ជា​យានជំនិះ​ទៀត នោះ​ការចំណាយ​កាន់តែ​ប៉ោង​ឡើង​។ នៅក្នុង​ប្រទេស​ជឿនលឿន​មួយចំនួន សេវា​ដឹកជញ្ជូន​សាធារណៈ​មាន​ចំនួន​ច្រើន ហើយ​ថ្លៃ​សេវា​ក៏​ថោក​ដែរ​។ នៅ​កម្ពុជា ពលរដ្ឋ​ចូលចិត្ត​ធ្វើដំណើរ​ដោយ​ខ្លួនឯង ដូច្នេះ ការចំណាយ​លើ​សេវា​ធ្វើដំណើរ​មាន​កម្រិត​ខ្ពស់​។ 
 
​វា​មិនទាន់​ជា​ករណី​ទូទៅ​នៅឡើយ​ទេ​។ តែ​បុគ្គលិក​ក្រុមហ៊ុន អង្គការ និង​មន្ត្រីរាជការ​មួយចំនួន​ចាប់ផ្តើម​គិត​ភ្ជាប់​រឿង​កកស្ទះ​ចរាចរណ៍​ទៅនឹង​ការទាមទារ​ដំឡើង​ប្រាក់ខែ ព្រោះ ការកកស្ទះ​ចរាចរណ៍​«​ស៊ីលុយ​»​ប្រាក់ខែ​បុគ្គលិក​កាន់តែ​ច្រើនឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ 
 
​តើ​ថៅកែ​បានដឹង​ពី​រឿងនេះ​ហើយ​ឬ​នៅ​? ចម្លើយ គឺថា ថៅកែ​ពិតជា​ដឹង​រឿងនេះ​ច្បាស់​ណាស់ តែ​ថា ឲ្យ​ថៅកែ​គិតពី​រឿង​ដំឡើង​ប្រាក់ខែ​ជូន​បុគ្គលិក​ដែលមាន​ផ្ទះ​នៅ​ឆ្ងាយ​ពី​កន្លែងធ្វើការ ហើយ​ឬ​នៅ​នោះ គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​៕ 
Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...4041next