ជាតិ
សង្គមជាតិ
លោក កែ គឹមយ៉ាន ថា មានអ្នកទោសចំនួន៦៣នាក់ប្រើប្រាស់គ្រឿងញៀនក្នុងគុក តែមិនមានការជួញដូរធំឡើយ
× ភ្នំពេញ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន ទទួលស្គាល់ថា នៅក្នុងពន្ធនាគារពិតជាមានករណីអ្នកទោសគ្រឿងញៀនមួយចំនួន លួចប្រើប្រាស់គ្រឿងញៀនមែន។ ប៉ុន្តែមិនមានការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំក្នុងពន្ធនាគារដូចមតិរិះគន់កន្លងមកឡើយ។ បើតាមលោក កែ គឹមយ៉ាន អ្នកទោសដែលប្រើប្រាស់គ្រឿងញៀនក្នុងពន្ធនាគារ មានចំនួន៦៣នាក់ ក្នុងចំណោមអ្នកទោសជាង៦ពាន់នាក់។
លោក កែ គឹមយ៉ាន ក៏បានបញ្ជាឲ្យមន្ត្រីពន្ធនាគារចាត់វិធានការនានា កុំឲ្យមានការប្រព្រឹត្តិបទល្មើសចរាចរគ្រឿងញៀន សម្រាប់អ្នកទោសប្រើប្រាស់ផងដែរ ដើម្បីឲ្យខូចឈ្មោះខាងពន្ធនាគារ។
សូមស្ដាប់ការលើកឡើងរបស់លោក កែ គឹមយ៉ាន់ នៅក្នុងពិធីប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាព នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧៖
កន្លងមកយុវជន គង់ រ៉ៃយ៉ា ដែលទើបរួចផុតពីការឃុំឃាំងអស់រយៈពេល១៨ខែ កាលពីថ្ងៃទី២២ ខែកុម្ភៈនោះ ធ្លាប់បានថ្លែងរិះគន់អំពីភាពរញ៉េរញ៉ៃនៅក្នុងពន្ធនាគារផងដែរ។ អ្វីដែល គង់ រ៉ៃយ៉ា បានឃើញអំឡុងពេលដែលខ្លួនកំពុងជាប់ពន្ធនាគារនោះ គឺភាពអនាធិបតេយ្យ នៃការវាយតប់គ្នារវាងអ្នកទោស ,ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ,ជក់បារី ,លេងល្បែងស៊ីសង ,បញ្ហាពុករលួយ និងបញ្ហាកង្វះកម្មវិធីច្បាស់លាស់ក្នុងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ទណ្ឌិតជាដើម។ យុវជន គង់ រ៉ៃយ៉ា ក៏បានអំពាវនាវឲ្យក្រសួងមហាផ្ទៃ យកចិត្តទុកដាក់កែលំអចំណុចមិនល្អ និងចំណុចខ្វះខាតទាំងនេះផងដែរ។ ប៉ុន្តែការលើកឡើងរបស់យុវជន គង់ រ៉ៃយ៉ា នេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ចាត់ទុកថា មតិលើកឡើងទាំងនេះមានភាពលម្អៀងខាងនយោបាយ ជាជាងការរិះគន់ដើម្បីកែលំអទៅវិញ។
ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចចម្រុះ បានអនុវត្តន៍នូវយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានបង្ក្រាបបទល្មើស ជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន បានចំនួន ២២១១ករណី ឃាត់ខ្លួនជនសង្ស័យបាន ៥១៤១នាក់ (ស្រី ៥១៤នាក់) ។ ក្នុងនោះដកហូតវត្ថុតាង សារធាតុញៀនបានជាង ១៧គីឡូក្រាម ថ្នាំកញ្ចប់ ២៨៨៤កញ្ចប់តូច និង១១ធំ កញ្ឆាក្រៀមជាង ៧គីឡូក្រាម និងកញ្ឆាដើម ៩៧៥៦០ដើម ។ នេះបើតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕
Tag:
កែ គឹមយ៉ាន
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com