ជាតិ
សង្គមជាតិ
លោក ប្រាក់ សុខុន លើកទឹកចិត្ត​យុវជន​ឲ្យ​ចេះ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​បច្ចេកវិជ្ជា​
11, Mar 2017 , 9:00 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ប្រាក់ សុខុន បាន​ប្រាប់​យុវជន ត្រូវ​ចេះ​ស្រាវជ្រាវ​រក​ព័ត៌មាន ឯកសារ និង​កម្មសិក្សា​នានា លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​តាមរយៈ​ឧបករណ៍​បច្ចេកវិជ្ជា​ទំនើប​ដូចជា Smart phone កុំព្យូទ័រ ជាដើម​។​


 
​លោក ប្រាក់ សុខុន បាន​ប្រាប់​យុវជន​ថា ពួកគេ​អាច​សិក្សា​ស្រាវជ្រាវ​នៅ​គ្រប់​ទី​ន្លែ​ង និង​គ្រប់ពេលវេលា នា​សម័យ​សាកលភាវូបនីយ៍កម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា បច្ចុប្បន្ន​។ លោក​ទេសរដ្ឋមន្ត្រី​បានចាត់ទុក​សិស្ស​និស្សិត​ដែល​ចេះ​ស្រាវជ្រាវ គឺជា​អ្នក​ព្យាយាម​ស្វែងរក​ឱកាស​ទទួល​ចំណេះដឹង​ច្រើន ជាង​សិស្ស​និស្សិត​ដែល​ពុំ​សូវ ចេះ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​បច្ចេកវិជ្ជា​អ៊ឺ​ន​ធឺ​ណេ​ត​។​
 
​លោក​បាន​ឆ្លៀត​ថ្លែង​ក្នុង​ទិវា​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM)​នៅ​កម្ពុជា ក្រោម​ប្រធានបទ​កិច្ចប្រជុំ​អាស៊ី អឺរ៉ុប ក្នុង​ទស្សវត្សរ៍​ទី​៣ ដូច្នេះ​ថា​៖«​ក្មួយៗ​សិស្ស​និស្សិត ដែលមាន Smart phone ទំនើបៗ ត្រូវ​ទាញ​ប្រយោជន៍​ពី​វា ត្រូវ​ចេះ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​បច្ចេកវិជ្ជា​នេះ ត្រូវ​ចេះ​ស្រាវជ្រាវ​រក​ទិន្នន័យ (Data) និង​Networking​នានា លើ​គេហទំព័រ ASEM និង​គេហទំព័រ​ច្រើន​ទៀត​»​។​
 
​បន្ថែម​លើសពីនេះ លោក​ទេសរដ្ឋមន្ត្រី​ក៏មាន​បំណង​លើកទឹកចិត្ត​យុវជន​ឲ្យ​ស្វែងយល់​ពី​កិច្ចការបរទេស ផងដែរ​។ លោក​បាន​ថ្លែង​ទៅ​និស្សិត​ជាង ៧០០​នាក់ ដែលមាន​វត្តមាន​ក្នុង​ពិធី​នៅ​រសៀល​ថ្ងៃទី​៦ ខែមីនា​នេះ ក្នុង​សា​សា​តិច​ណូ​ថា ពួកគេ​ត្រូវ​យល់​ពី​កិច្ចសហប្រតិបត្តិការ​ន​យោ​បាយ​អន្តរជាតិ សេដ្ឋកិច្ច​ពាណិជ្ជកម្ម សន្តិសុខ បរិស្ថាន និង​វប្បធម៌​ផង ស្របពេល​ពិភពលោក​កំពុង​សមាហរណកម្ម​លើ​វិស័យ​ទាំងនេះ​។ «​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង​សំខាន់ តែ​យើង​ត្រូវ​ភ្ជាប់​ទំនាក់ទំនង​ពលរដ្ឋ និង​ពលរដ្ឋ យុវជន និង​យុ​ជន​ថែមទៀត ដើ​ម្ប​ឲ្យ​មាន​និរន្តរភាព​»​។ លោក ប្រាក់ សុខុន បន្ថែម​។​
 
​គួរបញ្ជាក់ កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (The Asia Europe Meeting) គឺជា​វេទិកា​ដែល​បង្កើត ក្នុង​គោលដៅ​បង្កើន​ទំនាក់ទំនង​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប ក្នុង​ឆ្នាំ​១៩៩៦ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ បច្ចុប្បន្ន ASEM មាន​ដៃគូ​សហប្រតិបត្តិការ ៥៣ ក្នុងនោះ មាន ៥១​ប្រទេស និង ២ សមាគម​ប្រចាំ​តំបន់​៕

Tag:
 ប្រាក់ សុខុន​
  ASEM
  បច្ចេកវិជ្ជា​
  សាកលភាវូបនីយ៍កម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com