សង្គមជាតិ
បង្កើត​អាជីវកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​កសិផល​សល់​…
11, Mar 2017 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យើង​បាន​ឃើញថា ដំណាំ​កសិកម្ម​របស់ ប្រជាកសិករ  មានការ​កើន​ឡើងជា​លំដាប់​ដែលជា​ញឹកញាប់​បានធ្វើ​ឲ្យ​កសិផល​ខ្លះ​សល់​មិនអាច​រក​ទីផ្សារ​បាន ឬ​ត្រូវ​លក់​ក្នុងតម្លៃ​ថោក​ទៅ​ឈ្មួញកណ្ដាល​។

 
​បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ទំហំ​អាជីវកម្ម (​ផ្ទៃដី​ដាំ​ដុះ​) កាន់តែ​ធំ​, បច្ចេកទេស​ដាំ​ដុះ​ថ្មីៗ​ដែល​ផ្ដល់​ទិន្នផល​កាន់តែ​ខ្ពស់​, ការហូរចូល​នៃ​ផលិតផល​នាំចូល​ពី​ប្រទេសជិតខាង​ដែលមាន​ថ្លៃ​ថោក​, ការខ្វះខាត​នូវ​យន្ដការ​សហការគ្នា​រវាង​កសិករ​ដើម្បី​កាត់បន្ថយ​ការប្រមូល​ផល​ស្របពេល​គ្នា និង​ដើម្បី​បង្កើន​អំណាច​ចរចា​ជាមួយ​ឈ្មួញកណ្ដាល​, ការខ្វះខាត​នូវ​ព័ត៌មាន​បច្ចុប្បន្នភាព​អំពី​ថ្លៃ​ទីផ្សារ​នៅតាម​ផ្សារ​នីមួយ ជាដើម​។​
 
​អាចមាន​ឱកាស​បង្កើត​អាជីវកម្ម​មួយចំនួន​ដូចខាងក្រោម ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​(​គំនិត​ខាងក្រោម​នេះ​គ្រាន់តែ​ជា​គំនិត​ដំបូង ដែល​មិនទាន់បាន​វាយតម្លៃ​ទីផ្សារ​នៅឡើយ​ទេ​)៖
 
១. បង្កើត​អាជីវកម្ម​ផ្នែក​រក្សាទុក​និង​វេច​ខ្ចប់​
​ផលិតផល​កសិកម្ម​មា​ន​ថ្លៃ​ទាប ដោយសារតែ​បរិមាណ​ផលិតផល​ច្រើន​មកដល់ ទីផ្សារ​ក្នុងពេល​តែមួយ​, ឬ​ការខ្វះខាត​ការ​វេច​ខ្ចប់​ដើម្បី​ធានា​អនាម័យ ដែល​នឹង​ពិបាក​ចែកចាយ​តាម​ផ្សារ​ទំនើប​។ អាស្រ័យហេតុនេះ អាជីវកម្ម​ថ្មី​នេះ​អាច​ផ្តល់​សេវា​វេច​ខ្ចប់​សម្រាប់​កសិករ និង​ជួយ​ទាក់ទាញ អ្នក​លក់រាយ ឲ្យ​ចែកចាយ​ផលិតផល​វេច​ខ្ចប់​នេះ​។​
 
​ផលិតផល​ខ្លះ​អាច​ត្រូវបាន​ស្ដុក​ទុក​សម្រាប់​លក់​នៅក្រៅ​រដូវ​ប្រមូល​ផល​ដើម្បី​ទទួលបាន​តម្លៃ​ខ្ពស់ជាង​។ កសិផល​មួយចំនួន​អាច​ត្រូវបាន​ស្ដុក​ទុក ក្នុង​បន្ទប់​ត្រជាក់ រហូតដល់​ផុត​រដូវ​ប្រមូល​ផល រួច​ទើប​ចែកចាយ ទៅ​ទីផ្សារ​នៅក្រៅ​រដូវ ដោយ​អាច​លក់បាន​ក្នុង​ថ្លៃ​ខ្ពស់ជាង​ក្នុង​រដូវ​។ ដោយហេតុថា អគ្គីសនី​មាន​ថ្លៃ​ខ្ពស់ អាជីវកម្ម​ថ្មី​នេះ​អាច​ស្វែងរក​និង​ប្រើប្រាស់ បច្ចេកទេស​រក្សា​ភាព​ត្រជាក់​ពី​ធម្មជាតិ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​អគ្គីសនី​អោយ​បានជា​អតិបរមា នៅក្នុង​បន្ទប់​ត្រជាក់​។​
 
២. បង្កើត​អាជីវកម្ម​ផ្នែក​កសិកម្ម​តាម​កិច្ចសន្យា​
​ជាជាង​រង់ចាំ​ទិញ​កសិផល​នៅ​រដូវ​ប្រមូល​ផល ដែល​អាច​ប្រឈម​នឹង​បញ្ហា​ខ្វះ​ស្តង់ដារ​និង​ខ្វះ​អនាម័យ អាជីវកម្ម​ថ្មី​នេះ​អាច​ចុះកិច្ចសន្យា​ទិញ កសិផល​តាំងពី​ដើមរដូវ ដោយ​កំណត់​នូវ​លក្ខខណ្ឌ​នៃ​ការទិញ​លក់ និង​លក្ខខណ្ឌ​នៃ​ការផលិត​ទៅតាម​ស្តង់ដារ​ជាមុន​។​
 
​ការធ្វើ​បែបនេះ​នឹងមាន​ភាពងាយស្រួល ក្នុងការ​ធ្វើ​ប្រែ​ន​ឌី​ង និង​ការ​ចែកចាយ​ទៅតាម​ទីផ្សារ ដោយ​ប្រើប្រាស់​ម៉ាក​យីហោ​តែមួយ​។​
 
៣. បង្កើត​ម៉ាក​យីហោ​សម្រាប់​ផលិតផល​ដែល​ចូលរួម​
​ស្រដៀង​នឹង​អាជីវកម្ម​វេច​ខ្ចប់​ក្នុង​ចំណុច​ទី​១​ខាងលើ ហើយ​ស្រដៀង​នឹង​ការកំណត់​ម៉ាក​សញ្ញា​សម្គាល់​ភូមិសាស្ត្រ​ដែរ យើង​អាចមាន​អាជីវកម្ម​មួយ​ដែល​ទទួលបន្ទុក​បង្កើត​ម៉ាក​យីហោ​មួយ​សម្រាប់ ផលិតផល​កសិកម្ម​មួយ និង​ផ្ដល់​សេវា​វេច​ខ្ចប់​ពាក់ព័ន្ធ ហើយ​កសិករ​ដែល​ចង់​ចូលរួម ត្រូវគោរព​តាម​លក្ខខណ្ឌ​និង​ស្តង់ដារ​នៃ​ការផលិត ហើយ​ត្រូវ​បង់ថ្លៃ​មួយចំណែក​សម្រាប់​សេវា​វេច​ខ្ចប់​, ការធ្វើ​ប្រែ​ន​ឌី​ង​រួមគ្នា និង​ការ​ចែកចាយ​នៅលើ​ទីផ្សារ​។​
 
​អាជីវកម្ម​ទាំងបី​ខាងលើ គឺ​សំដៅទៅ​ការបង្កើត​ការ​វេច​ខ្ចប់​រួមគ្នា ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើ​ប្រែ​ន​ឌី​ង និង​ការ​ចែកចាយ​រួមគ្នា ។​
 
៤. បង្កើត Platform ប្រមូលផ្ដុំ​ព័ត៌មាន​
​ជាជាង​ការចូលរួម​នៅក្នុង​ទទួលរង​ហា​នី​ភ័យ​របស់​វិស័យនេះ អាជីវកម្ម​ថ្មី​របស់​យើង​អាច​យកចិត្តទុកដាក់​ត្រឹម​ការ​ផ្ដល់នូវ​ទិន្នន័យទីផ្សារ​លម្អិត​ទៅតាម​ប្រភេទ​ផលិតផល និង​ជួយ​សម្រួល​ដល់​ការជួបគ្នា​រវាង​អ្នក​ផលិត និង​អ្នក​ចែកចាយ ឬ​អ្នកទិញ​។​
 
​ក្នុងករណីនេះ អាជីវកម្ម​ថ្មី​អាច​ទាញ​ចំណូល​ពី​អ្នកប្រើប្រាស់ តាមរយៈ ការផ្សាយពាណិជ្ជកម្ម និង​/​ឬ​ការគិតថ្លៃ​សេវា​សម្រាប់​ការចុះបញ្ជី​ផលិតផល​, និង​/​ឬ​ការ​កាត់​យក​មួយចំណែក​នៃ​ទឹកប្រាក់​ដែល​អ្នកលក់​និង​អ្នកទិញ​បាន​ទូទាត់​គ្នា​។​
 
(​ទទួលបាន​ការអនុញ្ញាត​ដកស្រង់​ចេញពី Page និង​Blog របស់លោក​)៖ 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com