អន្តរជាតិ
រុស្ស៊ី និងតួកគី សន្យាសហការគ្នាដើម្បីបញ្ចប់ជម្លោះនៅស៊ីរី ប្រធានាធិបតីរុស្ស៊ី Vladimir Putin ជជែកជាមួយសមភាគីតួកគី Tayyip Erdogan (រូបថត Xinhua)
× ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងសមភាគីតួកគី Recep Tayyip Erdogan បានសន្យាបន្តធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជួយបញ្ចប់សង្គ្រាមស៊ីរីដែលជាឈានមកដល់ឆ្នាំទី៦ ទៅហើយ។ ទាំងរុស្ស៊ី ទាំងតួកគី សង្ឃឹមថា ជម្លោះរ៉ាំរ៉ៃដែលឆក់យកជីវិតប្រជាជនច្រើនជាង៣០ម៉ឺននាក់មកហើយនេះ នឹងឆាប់បញ្ចប់ក្នុងពេលឆាប់ខាងមុខ។
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានជាមួយប្រធានាធិបតីតួកគី Recep Tayyip Erdogan ក្នុងរដ្ឋធានីមូស្គូ នៅថ្ងៃទី១០ ខែមីនា អំឡុងទស្សនកិច្ចលោក Erdogan នៅរុស្ស៊ី ដើម្បីពិភាក្សាបញ្ហាស៊ីរី និងទំនាក់ទំនងទ្វេភាគី។ លោក ពូទីន បានប្រាប់សមភាគីតួកគីថា បទឈប់បាញ់នៅស៊ីរីកំពុងត្រូវបានអនុវត្តយ៉ាងទូលាយ ហើយលោកមានសុទិដ្ឋិនិយមថា ជម្លោះអូសបន្លាយ៦ឆ្នាំនេះនឹងបញ្ចប់ក្នុងពេលខ្លីខាងមុខ។
រុស្ស៊ី និងតួកគី ដែលគាំទ្រភាគីជម្លោះផ្សេងគ្នា បានដើរតួជាអ្នកសម្របសម្រួលបញ្ចប់ជម្លោះ ដោយបានសម្រេចបទឈប់បាញ់មួយកាលពីខែធ្នូ ឆ្នាំ២០១៦ ។ បទឈប់បាញ់លើកនោះ បានជួយបន្ថយការប្រយុទ្ធគ្នាលើទឹកដីស៊ីរីរវាងកងកម្លាំងប្រធានាធិបតី Bashar al-Assad និងក្រុមឧទ្ទាមប្រឆាំង។ រុស្ស៊ី និងតួកគី ក៏បានចូលរួមក្នុងការចរចា២លើកក្នុងឆ្នាំ២០១៧ រវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមផងដែរ បើទោះជាមិនបានលទ្ធផលអ្វីក៏ដោយ។
បើតាមសារព័ត៌មាន Al Jazeera ប្រធានាធិបតី ពូទីន បាននិយាយថា៖ «ដោយសារតែការចូលរួមដ៏សកម្មរបស់រុស្ស៊ី និងតួកគី យើងអាចហៅគូប្រយុទ្ធនៅស៊ីរីមកជជែកគ្នា ហើយបទឈប់បាញ់ក៏ត្រូវបានអនុវត្តដែរ»។ លោក ពូទីន ក៏បានសរសើរកិច្ចសហប្រតិបត្តិការដ៏ធំធេងរបស់តួកគី ដែលរួមចំណែកដល់ការរក្សាបទឈប់បាញ់នេះ។
ដោយឡែកប្រធានាធិបតីតួកគី ក៏បាននិយាយដែរថា គ្មានអ្វីដែលត្រូវសង្ស័យពីជោគជ័យនៃកិច្ចចរចាជម្លោះស៊ីរី ដែលរុស្ស៊ី និងតួកគីជាអ្នកចេញមុខដោះស្រាយឡើយ ព្រោះតួកគីសហការយ៉ាងជិតដិតជាមួយរុស្ស៊ី ជាពិសេសផ្នែកយោធា។ លោក Erdogan បាននិយាយពីទំនាក់ទំនងទ្វេភាគី ដែលល្អប្រសើរខ្លាំងនាពេលចុងក្រោយនេះ ហើយភាគីទាំងពីរ អាចជម្នះគំនិតខុសគ្នាទាំងឡាយទៀតផង។
ទំនាក់ទំនងជិតស្និទ្ធខ្លាំងរវាងរុស្ស៊ី និងតួកគី នៅស៊ីរី បង្ហាញពីចំណុចរបត់ថ្មីរវាងប្រទេសទាំងពីរ។ ទាហានរុស្ស៊ី ជាច្រើនកំពុងជួយកងកម្លាំងប្រធានាធិបតី Assad ខណៈដែលតួកគីជួយក្រុមឧទ្ទាមប្រឆាំងលោក Assad ។ តួកគី បានបើកប្រតិបត្តិការយោធាមួយកាលពីខែសីហា ដើម្បីបង្កើតតំបន់សុវត្ថិភាពតាមបណ្ដោយព្រំដែនជាមួយស៊ីរី។ កាលពីខែមុន យុទ្ធនាការដែនអាកាសរបស់រុស្ស៊ី បានសម្លាប់ទាហានតួកគី៣នាក់ ប៉ុន្តែមិនបានប៉ះពាល់ទំនាក់ទំនងប្រទេសទាំង២ឡើយ៕
Tag:
រុស្ស៊ី
តួកគី
ស៊ីរី
Vladimir Putin
Recep Tayyip Erdogan
© រក្សាសិទ្ធិដោយ thmeythmey.com